តុលាការ​ខ្មែរ​ក្រហម៖ សហគម​អ៊ឺរ៉ុប ចង់​ឃើញ​មធ្យោបាយ​ច្រើន​ទៀត

សហគមអ៊ឺរ៉ុប បានកោះអញ្ជើញនៅថ្ងៃព្រហស្បត្តិ៍ ទី២១ខែកុម្ភះនេះ អាជ្ញាធរកម្ពុជា អោយបន្ថែមការផ្ដល់មធ្យោបាយ កាន់តែច្រើនថែមទៀត ទៅអោយសាលាក្ដីវិសមញ្ញ ទទួលបន្ទុកការកាត់ក្ដីក្រុមមេដឹកនាំខ្មែរក្រហម។ ស្ថាប័នកូនកាត់រវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលខ្មែរមួយនេះ កំពុងជួបវិបត្តិ គ្មានប្រាក់បើកអោយបុគ្គលិក តាំងជាងពីរខែមកហើយ នឹងអាចឈានទៅដល់ ការធ្វើកូដកម្មទៀតផង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: February 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហគមអ៊ឺរ៉ុប បានកោះអញ្ជើញនៅថ្ងៃព្រហស្បត្តិ៍ ទី២១ខែកុម្ភះនេះ អាជ្ញាធរកម្ពុជា អោយបន្ថែមការផ្ដល់មធ្យោបាយ កាន់តែច្រើនថែមទៀត ទៅអោយសាលាក្ដីវិសមញ្ញ ទទួលបន្ទុកការកាត់ក្ដីក្រុមមេដឹកនាំខ្មែរក្រហម។ ទីភ្នាក់ងាររ៉យទ័រ បានផ្សាយពីសេចក្ដីអញ្ជើញនេះ នៅរសៀលថ្ងៃដដែល។


អង្គសវនាការកាត់ក្ដី ក្នុងសំនុំរឿង០០២កន្លងមក។ រូបថតរបស់សាលាក្ដី។

ដូចដែលអត្ថបទរបស់មនោរម្យព័ងអាំងហ្វូ ធ្លាប់បានសរសេរជូនលើកមុនៗរួចហើយ ថាស្ថាប័នកូនកាត់រវាង​អង្គការ​សហប្រជាជាតិ និងរដ្ឋាភិបាលខ្មែរមួយនេះ កំពុងជួបវិបត្តិ គ្មានប្រាក់បើកអោយបុគ្គលិក តាំងជាងពីរខែមកហើយ ដែលនឹង​អាចឈានទៅដល់ការធ្វើកូដកម្មទៀតផង។

ថវិការ សម្រាប់ដំណើរការកាត់ក្ដី និងប្រាក់ខែសម្រាប់បុគ្គលិកអន្តរជាតិ ជាបន្ទុករបស់អង្គការសហប្រជាជាតិ ខណៈប្រាក់​ខែសម្រាប់បុគ្គលិកជាតិ ជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា ដែលជារឿយៗ ត្រូវបានគេចោទប្រកាន់ថា មិនសូវបានយក​ចិត្ត​ទុកដាក់។ ស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឯកអគ្គរដ្ឋទូតនៃសហគមអ៊ឺរ៉ុប ប្រចាំនៅទីក្រុងភ្នំពេញ លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean-François Cautain) បាននិយាយថា «សហគមអ៊ឺរ៉ុប បានជម្រុញរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា អោយបន្តបង្កើនការខិតខំ ក្នុងចំណែករបស់ខ្លួន សម្រាប់សាលាក្ដី (...) ដើម្បីធ្វើអោយកាន់តែប្រសើរ នូវយន្ដការប្រព្រឹត្តិ​ទៅជាបន្តរ និងផ្នែកមួយ នៃរឿងរបស់កម្ពុជាខ្លួនឯងផ្ទាល់ផង»។

ទាក់ទងនឹងការធ្វើកូដកម្ម បុគ្គលិកសាលាក្ដីមួយរូប ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់មនោរម្យព័ងអាំងហ្វូ​ថា បុគ្គលិកជាតិរបស់សាលាក្ដី មានបំណងចង់ធ្វើកូដកម្ម ទាមទារអោយបើកប្រាក់បៀវត្សរបស់ខ្លួន តាំងពីមួយរយះ​មក​ហើយ។ តែដោយក្នុងពេលកន្លងមក មានការជជែកគ្នា រវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសម្ចាស់ជំនួយ ពួកគេបានផ្អាកពី​បំណងធ្វើបាតុកម្មនេះ ដើម្បីរងចាំមើល ពីសេចក្ដីសម្រេចណាមួយ ដែលនឹងធ្លាក់ចុះមក។

បុគ្គលិកដដែលនេះ បានសម្ដែងការខ្វាយខ្វល់ដូចគ្នាថា «បើយើងធ្វើបាតុកម្ម ឬកូដកម្ម វាគ្រាន់តែបានបង្ហាញ ពីការអត់ធ្មត់​របស់ពួកយើង វាឈានមកដល់កម្រិតណាមួយតែប៉ុណ្ណោះ​ ព្រោះយើងមិនអាចធ្វើការ ដោយគ្មានប្រាក់បៀរត្ស​រហូត​ដូច្នេះ​នោះទេ។ តែបញ្ហានៅត្រង់ថា យើងត្រូវទៅទារពីនរណា បើអ្នកទទួលបន្ទុកដោះស្រាយ ជារដ្ឋាភិបាល ហើយរដ្ឋាភិបាល ត្រូវរងចាំចម្លើយ ពីម្ចាស់ជំនួយដែរនោះ។»

ទាក់ទងនឹងសំនួរ ដែលសួរទាក់ទងនឹងអនាគតរបស់សាលាក្ដី បុគ្គលិកដែលកំពុងធ្វើការ ក្នុងសំនុំរឿងលេខ ០០២ រូបនេះ​ បានបង្ហាញពីទុទិដ្ឋិនិយមរបស់លោក យ៉ាងដូច្នេះថា «បើគ្មានបុគ្គលិកជាតិ វាគ្មានយន្ដការឬច្បាប់ណាមួយ ចែងអោយ​បុគ្គលិកអន្តរជាតិ ធ្វើការក្នុងសាលាក្ដីនេះតែឯងនោះទេ។ វាលែងតែត្រូវតាក់តែងច្បាប់មួយថ្មី ដែលជាវិធានការមួយ មិន​អាចធ្វើទៅរួចទៀតបាន។ ឬក៏និយាយមកអោយខ្លី សាលាក្ដីអាចនឹង បញ្ចប់បេសកកម្មរបស់ខ្លួន​ តែត្រឹមប៉ុណ្ណេះ។»

មានមូលហេតុជាច្រើន ដែលអ្នកវិភាគបានបកស្រាយថា ជាឧបសគ្គធ្វើអោយម្ចាស់ជំនួយ មិនបន្ថែមជំនួយមកបន្តទៀត ក្នុងនោះភាពយឺតយ៉ាវ នៃដំណើរការកាត់ក្ដី ដែលគេកម្រនឹងបានឃើញ មានសាលក្រមត្រូវបានសម្រេចពីសវនាការ។ គួរបញ្ជាក់ថា ប្រទេសចិន ដែលបានផ្ដល់ជំនួយមកអោយប្រទេសកម្ពុជា យ៉ាងសន្ធឹកសន្ធាប់ ដើម្បីស្ដារវិស័យ​ហេដ្ឋារចនា​សម្ព័ន សេដ្ឋកិច្ច និងយោធានោះ មិនដែលបានផ្ដល់ជំនួយ មកអោយប្រើប្រាស់នៅក្នុងសាលាក្ដីនេះទេ។

តាំងតែថ្ងៃចាប់បង្កើត ក្នុងឆ្នាំ២០០៦មក សាលាក្ដីវិសមញ្ញទទួលបន្ទុកការកាត់ក្ដី ក្រុមមេដឹកនាំខ្មែរក្រហមមួយនេះ តែងជួប​នឹងបញ្ហាខ្វះថវិកា ការលាលែងពីតំណែង របស់បុគ្គលិកសំខាន់ៗមួយចំនួន និងការចោទពីការលូកដៃចូល ពីសំណាក់​រដ្ឋាភិបាលកម្ពុជា។ មាន​សាលក្រមតែមួយគត់ ដែលបានប្រកាសកាត់ទោស អតីតប្រធានពន្ធនាគារ ទួលស្លែង ស២១ ឈ្មោះ​ កាំ ហ្គេចអៀវ ហៅឌុច អោយ​ជាប់គុកអស់មួយជីវិត កាលពីខែកុម្ភះកន្លងមក។

ជនជាប់ចោទ ដែលត្រូវប្រឈម នឹងការកាត់ក្ដីបន្ទាប់មកទៀត សុទ្ធសឹងជាមនុស្សមានវ័យចាស់ជរា និងមានជម្ងឺក្នុងខ្លួន​ថែមទៀត។ ជនជាប់ចោទទាំងនេះ បានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីស្នាក់ព្យាបាលជាបន្តបន្ទាប់ ហើយបានជម្រុញ​អោយមានការលប់ចោល នូវអង្គសវនាការជាញឹកញ៉ាប់ (ដោយហេតុគ្មានវត្តមាន របស់ជនជាប់ចោទ ឬជនជាប់ចោទ មិន​ទាន់លះបង់សិទ្ធចូលរួមក្នុងសវនាការ)។ ការបារម្ភជាទូទៅ បានរំពឹងថា ជនជាប់ចោទទាំងនេះ អាចនឹងស្លាប់បាត់បង់ជីវិត នៅមុនពេលយុត្តិធម៌ត្រូវបានគេរកឃើញ សម្រាប់ប្រជាជនរងគ្រោះខ្មែរ រាប់លាននាក់។

ក្នុងរបបវាលពិឃាត ពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩ មនុស្សរវាងពី១លាន៧សែននាក់ ទៅ២លាននាក់ ត្រូវបានសម្លាប់បាត់បង់​ជីវិត ត្រូវជាប្រមាណ១ភាគ៤ នៃប្រជាជនកម្ពុជាទាំងអស់។ បើសាលាក្ដី នឹងត្រូវបញ្ចប់បេសកកម្មរបស់ខ្លួន តែត្រឹមនេះ គេ​មើលឃើញថាសាលាក្ដីវិសមញ្ញ ដែលបានបង្កើតមកនេះ គ្រាន់តែជា«ឆាកល្ខោន»មួយ ដើម្បីមកសម្ដែងអោយ ប្រជាជន​កម្ពុជា​អ្នករងគ្រោះ បាន«សើចអរ»មួយភ្លែតតែប៉ុណ្ណោះ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...