កែម ឡី៖ ស ខេង-សម រង្ស៊ី ធ្វើឲ្យតំណាងរាស្រ្តបាត់បង់សិទ្ធិ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 16, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋសភាកម្ពុជាបច្ចុប្បន្ន ហាក់ដូចជា«គ្មានន័យ» ឯ«គណកម្មការនានា នៃរដ្ឋសភា» ក៏គ្មានតម្លៃដូចគ្នាដែររ ព្រោះក្នុងរយៈកាលកន្លងមកនេះ ការធ្វើច្បាប់នៅកម្ពុជា ហាក់ស្ថិតក្នុងការសម្រេច របស់មនុស្សតែ ពីរនាក់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើង របស់លោក កែម ឡី អ្នកស្រាវជ្រាវ ផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ នៅកម្ពុជា។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ លោក កែម ឡី បានថ្លែងនូវការមើលឃើញ របស់លោកថា ទាំងរដ្ឋសភា ទាំងគណៈកម្មការជំនាញ នៃរដ្ឋសភា រួមទាំងតំណាងរាស្រ្ត សុទ្ធតែជាអ្នកដែលគ្មានតម្លៃ ក្នុងកិច្ចការពិភាក្សារ ឬធ្វើច្បាប់នោះឡើយ។
លោកបានថ្លែងឡើងថា៖ «បើគ្រប់គ្រងតែពីរនាក់ហ្នឹង តាក់តែងច្បាប់តែពីរនាក់ហ្នឹង ចាំបាច់មានសភា អស់លុយប្រជាពលរដ្ឋធ្វើអ្វី? ខ្ញុំមើលទៅ ឃើញជាក់ស្តែងអញ្ចឹង។ បើយើងបន្តនីតិវិធីអញ្ចឹង ការធ្វើវិសោធកម្មច្បាប់ ស្តីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ វាគ្មានន័យអ្វីទេ។ (...) បើប្រធានក្រុមតំណាងរាស្រ្ត ភាគតិច ភាគច្រើន គេចង់បានយ៉ាងម៉េច វាទៅចឹងហើយ គ្មានការពិគ្រោះយោបល់អ្វីទេ។ (...) ហើយតំណាងរាស្រ្ត ក៏ត្រូវបានបាត់បង់សិទ្ធិ គេមិនឲ្យនិយាយ ព្រោះអីប្រធានក្រុមភាគតិច ភាគច្រើនព្រមព្រាងគ្នាអនុម័ត អស់ហើយហ្នឹង។ (...) បើទោះបីជាគាត់ជជែក ក៏គ្មានន័យអ្វីដែរ ក៏មិនអាចកែប្រែអ្វីបានដែរ បើគេព្រមព្រៀងគ្នាហើយនោះ។»
លោក កែម ឡី ដែលជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសង្កត់ធ្ងន់ថា «រដ្ឋសភា»បច្ចុប្បន្ននេះ គ្មានន័យអ្វី ចំពោះច្បាប់ឡើយ។ ហើយរដ្ឋសភានេះដដែល ក៏កំពុងត្រូវបានរំលោភអំណាច ដោយរដ្ឋាភិបាល ដែលជាអង្គនីតិប្រតិបត្តិ តាមរយៈប្រធានក្រុម តំណាងរាស្រ្តមតិភាគច្រើន នៃរដ្ឋសភា។
លោកបញ្ជាក់ថា៖ «ក្នុងក្រុមតំណាងរាស្រ្តមតិភាគច្រើន មានលោក ស ខេង លោក គាត ឈន់ និង ម៉ែន សំអន។ អ្នកទាំងបីនេះ សុទ្ធតែនៅក្នុងប៉ុស្តិ៍ ជាឧបនាយករដ្ឋមន្រ្តី ជារដ្ឋាភិបាល។ ដល់ពេលបីនាក់នោះ ទៅអនុម័តជាមួយអ្នកខាងនោះ(ប្រធានតំណាងរាស្រ្តមតិភាគតិច) សភាគ្មានន័យអ្វីទេ។»
លោកបានអះអាងបន្តថា «អញ្ចឹង រដ្ឋាភិបាលរំលោភសភា ពេញទីតែម្តង។ សភាចង់មានការជជែក លើច្បាប់នោះទៀតចប់បាត់។ ហើយច្បាប់ភាគច្រើន ឡើងពីរដ្ឋាភិបាលមក។ មកដល់សភា ប្រធានក្រុមភាគតិចស្កាត់ ដើម្បីយកអនុម័តខ្លួនឯងបាត់ហើយ។ ខ្ញុំមើលទៅ ឃើញអាក្រក់ជាងមុន ឆ្ងាយណាស់។ »៕
» សូមស្តាប់ និងទស្សនាការបកស្រាយដូចខាងក្រោម៖