ដីកា​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន ហេង លក្ខិណា «មាន​បញ្ហា»!

ដីកាឃុំខ្លួន ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ឃុំស្ត្រីអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ក្នុងរសៀលថ្ងៃទី១៣ ខែកក្កដានេះ បានបង្ហាញជាថ្មីទៀត ពីកង្វះភាពហ្មត់ចត់ និងបានបង្កមន្ទិលកាន់តែខ្លាំងឡើង ពីឯករាជ្យភាព នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ករណីបែបនេះ មិនមែនទើបនឹងកើតឡើង ជាលើកទីមួយទេ។
ដីកា​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន ហេង លក្ខិណា «មាន​បញ្ហា»!
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ហ៊ិន វ៉ាន់ស្រីពៅ ដែលជាអ្នកប្រើប្រាស់​ហ្វេសប៊ុក ដាក់ឈ្មោះ ហេង លក្ខិណា និងដីកាបង្គាប់ឲ្យឃុំខ្លួន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 14, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រុមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ មានភាពប្រញាប់​ប្រញាល ក្នុងការសម្រេច ឲ្យដាក់ឃុំពលរដ្ឋម្នាក់ នៅក្នុងពន្ធនាគារ ដល់កម្រិតណាទៅ រហូតដល់ថ្នាក់ មិនត្រួតពិនិត្យឲ្យច្បាស់ ពីដីកាសម្រេច ដែលសរសេេរ និងចុះហត្ថលេខាដោយខ្លួនឯង យ៉ាងដូច្នេះ? គេបន្តឆ្ងល់ទៀតថា តើចៅក្រមស៊ើបសួរមួយទាំងមូល បានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការស៊ើបសួរ ឬស៊ើបអង្កេតឬទេ មុននឹងសម្រេចយកពលរដ្ឋ ទៅដាក់ឃុំ?

ចម្ងល់ខាងលើ​បានផ្ទុះឡើង ចំពោះអ្នកដឹងពីច្បាប់ទម្លាប់មួយចំនួន នៅពេលដែលគេ​បាន​អាន​ដីកា បង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរខាងលើ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលបានសរសេរខុស (ឬមិនឆ្លុះបញ្ចាំង ពីការស៊ើបសួរត្រឹមត្រូវ) នៅត្រង់កន្លែងកើតហេតុ។ ក្នុងដីកានោះ (ដាក់ជូនអានទាំងស្រុង នៅខាងក្រោម) លោកចៅក្រម ដែលហៅខ្លួនឯងថា «យើង វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ» បានសរសេររៀបរាប់នៅត្រង់ឃ្លា ដូចតទៅ៖

- ជននេះ ត្រូវបានដាក់ឲ្យ​ស្ថិត នៅក្រោមការពិនិត្យ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដីកាសម្រេចនេះ ត្រូវបានលោកចៅក្រមរូបនេះ បង្គាប់ឲ្យនាំខ្លួន ស្ត្រីដែលជាអ្នកលេងហ្វេសប៊ុក ( Facebook) ដាក់ឈ្មោះ ហេង លក្ខិណា (Heng Leakhena) និងដែលមានឈ្មោះពិត ហ៊ិន វ៉ាន់ស្រីពៅ យកទៅឃុំខ្លួន​ជាបណ្ដោះអាសន្ន នៅមន្ទីរ​ពន្ធនាគារ «ម២» បន្ទាប់ពីអាជ្ញាធរ​ក្រសួង​មហាផ្ទៃ បានឃាត់ខ្លួនស្ត្រីរូប​នេះ កាលពីម្សិលម៉ិញ នៅក្នុងចំណតរថយន្ដមួយ កណ្ដាលរាជធានីភ្នំពេញ។ 

បញ្ហានៅត្រង់ថា ស្ត្រីដាក់ឈ្មោះក្រៅ «ហេង លក្ខិណា» មិនបានធ្វើសកម្មភាព ដែលអាជ្ញាធរចោទ​ថា​«ល្មើស»​នោះ នៅក្នុង​រាជធានីភ្នំពេញទេ ដែល​ខុស​ស្រឡះ ពីការសរសេរ​នៅក្នុងដីកា​សម្រេច របស់លោក​ចៅក្រម។ តែសកម្មភាពសង្ស័យ​នោះ ត្រូវបាន«ហេង លក្ខិណា»ធ្វើ​នៅចំងាយ​ច្រើន​សិប​គីឡូម៉ែត្រ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ពោល​គឺនៅក្នុងខេត្តតាកែវឯណោះ។

រឿងវ៉ាវ បានកើតចេញពីការថ្លែង របស់ស្ត្រីអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុករូបនេះ ដែលបានធ្វើឡើង ក្នុងវីដេអូផ្សាយផ្ទាល់ដ៏ខ្លីមួយ នៅលើគណនេយ្យហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ខណៈនាង កំពុងមានវត្តមានផ្ទាល់ នៅឯភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំ នៃមរណភាព​របស់លោក កែម ឡី។ នៅក្នុងការថ្លែងនោះ ស្ត្រីអ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ បានថ្លែងចោទលោក ហ៊ុន សែន និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ (ឬនៅពីក្រោយឃាតកម្ម បាញ់សម្លាប់) លោក កែម ឡី។

មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺជុំវិញ ការសរសេរដីកាខុស (ឬមិនឆ្លុះបញ្ចាំង ពីការស៊ើបសួរត្រឹមត្រូវ) របស់លោកចៅក្រម វ៉ាន់ សែនវិសុទ្ធ នេះបានទេ ដោយសារវេលានេះ ជាពេលយប់។

កង្វះភាពហ្មត់ចត់ របស់សាលាដំបូងរាជធានី មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ កាលពីខែកុម្ភៈកន្លងមក ក្នុងលិខិតប្រកាសបើកសវនាការ ចេញផ្សាយដោយសាលាដំបូង គ្រោងបើកសវនាការ ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះក្ដី ទៅលើជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មានសរសេរឆ្នាំកំណើត របស់​ជន​សង្ស័យ «ខុស» ដោយដាក់ថា កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។ បើតាមលិខិតប្រកាសនោះ ជួប សម្លាប់ ទើបនឹងមានអាយុ បានប្រមាណជាង២ខែប៉ុណ្ណោះ។

» អត្ថបទទាក់ទង៖ ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

ប៉ុន្តែកំហុស ក្នុងការសរសេរឆ្នាំកំណើតខុស របស់ជនសង្ស័យ ជួប សម្លាប់ អាចរាប់ថា ជាកំហុសដោយអចេតនា ឬដោយវាយអក្សរ​«ច្រឡំ» ដោយសារអក្សរ (តួលេខ) មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ដោយឡែក ករណីរបស់ស្ត្រី អ្នកលេងហ្វេសប៊ុក ទាក់ទងនឹងកន្លែងកើតហេតុ ដែលមានតួអក្សរ ច្រើនពាក្យ និងខុសគ្នាស្រឡះ «រាជធានីភ្នំពេញ និង ខេត្តតាកែវ» មិនអាចរាប់ថា ជាកំហុសដោយអចេតនា ព្រោះការវាយអក្សរ«ច្រឡំ» បានទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...