សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

បន្ទាប់បាននិរទេសខ្លួន នៅក្រៅប្រទេស អស់ជាច្រើនឆ្នាំ អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសជាផ្លូវការ​ នៅមុននេះបន្តិច និងទីបំផុត ថាលោកនឹងត្រឡប់ ទៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០១៨ខាងមុខ។
សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាមេដឹកនាំប្រឆាំងធំជាងគេនៅកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំនឹងត្រឡប់ ទៅប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ខាងមុខ។ លោក ហ៊ុន សែន មិនមែនអមតៈទេ។ (I will return to Cambodia in 2018. Hun Sen is not eternal)» នេះ ជាសារដ៏ខ្លី របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅលើទំព័រទ្វីសធើរ (Twitter) ផ្លូវការ​របស់លោក ដែលបានសរសេរបង្ហោះ នៅមុននេះបន្តិច ដើម្បីដាក់បញ្ចប់ នូវការសង្ស័យទាំងឡាយ ដែលបានលើកឡើង ពីលទ្ធភាព នៃការវិលត្រឡប់ចូលមាតុប្រទេស ដែលពោរពេញដោយមន្ទិល របស់លោក។

ពោរពេញដោយមន្ទិល ដោយហេតុថា ទិដ្ឋភាពនយោបាយចុងក្រោយបង្អស់នេះ បានបង្ហាញថា លោក សម រង្ស៊ី ទំនងត្រូវបានកម្ចាត់ចេញ សឹងតែជាស្ថាពរ ពីឆាកនយោបាយខ្មែរ ក្រោមការធ្វើវិសោធនកម្ម ដល់ពីរដងផ្ទួនៗ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកើតចេញពីបញ្ជា របស់លោក ហ៊ុន សែន គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក។

មិនមែនត្រឹមតែការកែច្បាប់ខាងលើនេះទេ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់​បានប្រកាស កាលពីពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ២០១៧នេះ ថាលោក សម រង្ស៊ី នឹងមិនត្រឡប់មកកម្ពុជាវិញ អស់មួយជីវិត ដោយលោកបានចំអក ហៅមេដឹកនាំប្រឆាំងរូបនេះ ថាជា​«អ្នក​ក្លាហាន» ដែល​«កំសាក» និង​នៅតែ​«កំសាក» ទោះជាលោកនាយករដ្ឋមន្ត្រី បានលើកចេញ នូវបម្រាម ហាមប្រាម​ក្រុមហ៊ុន​យន្ដហោះ មិនឲ្យដឹក​មេ​ដឹកនាំ​​ប្រឆាំង​ ត្រឡប់ចូល​កម្ពុជាវិញ នោះក៏ដោយ។

អតីតប្រធានគណបក្សប្រឆាំង បានថ្លែងតបនៅពេលនោះថា លោកចង់ឲ្យមានការធានា ពីការបោះបង់ចោល នូវគម្រោងរបស់លោក ហ៊ុន សែន ទាក់ទង​នឹងការ​​កំចាត់​ចោល នូវបណ្ដាជន​ប្រឆាំង ១០០ ទៅ២០០នាក់ នៅមុនលោកត្រឡប់ចូល ​ប្រទេសកម្ពុជាវិញ។

បុរសខ្លាំងកម្ពុជា បានប្រកាសបន្ថែមទៀតថា លោកនឹង«មិនស្នើសុំ»ព្រះមហាក្សត្រ ដើម្បីការព្រះរាជទាន​លើកលែងទោស ឲ្យលោក សម រង្ស៊ី សារជាថ្មីទៀតឡើយ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានបញ្ជា ទៅកងកម្លាំងប្រដាប់អាវុធ ឲ្យត្រៀម​ចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាមេដឹកនាំប្រឆាំង បង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

នៅក្រោយការប្រកាស របស់បុរសខ្លាំងកម្ពុជា ដែលត្រូវបានក្រុមអ្នកគាំទ្រ បន្ទរតាម​នៅគ្រប់ទីកន្លែងនោះ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោក អេង ឆៃអ៊ាង ដែលសព្វថ្ងៃជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានអះអាងថា៖ «រឿងដែលសំខាន់ បើ​លោក(អតីត)​ប្រធាន សម រង្សុី ចូលមក នាំឲ្យ​គណបក្ស​សង្គ្រោះជាតិ ទទួលជោគជ័យ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះ​លោក(អតីត)​ប្រធាន ដាច់ខាតត្រូវតែចូល ទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។»។

ប៉ុន្តែការថ្លែងទាក់ទងគ្នា រវាងលោក សម រង្ស៊ី ដែលបានលាលែងពីគណបក្ស និងមន្ត្រីជាន់ខ្ពស់ របស់គណបក្ស ទំនងជាធ្វើឲ្យលោក ហ៊ុន សែន មិនសប្បាយចិត្ត រហូតបានបញ្ជាជាថ្មី ឲ្យធ្វើវិធិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅចុងខែមិថុនា ឆ្នាំ២០១៧ នៅក្នុងបុព្វហេតុមួយ ដែលលោក សុខ ឥសាន អ្នកនាំពាក្យ របស់គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ដើម្បី«សម្លាប់ជីវិតនយោបាយ របស់លោក សម រង្ស៊ី»។

យ៉ាងណាក៏ដោយ ក៏ការលើកឡើងរបស់លោក សម រង្ស៊ី ទាក់ទងនឹងការវិលត្រឡប់ចូលកម្ពុជាវិញ មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ បន្ទាប់ពីការនិរទេសខ្លួន​របស់លោក អស់ជាច្រើនឆ្នាំ រាប់ចាប់តាំង​ពីចុងខែវិច្ឆិកា ឆ្នាំ២០១៥។ កាលពីពេលកន្លងមក លោកក៏ធ្លាប់ប្រកាសដែរថា លោកនឹង​វិល​ត្រឡ​ប់​ចូលកម្ពុជាវិញ ឲ្យបានមុន​ការបោះឆ្នោត ជ្រើសរើសឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧នេះ។

ក្រុមអ្នកតាមដាន​ស្ថានការណ៍នយោបាយកម្ពុជា បានមើលឃើញថា ការសម្រេចណាមួយ ដើម្បីវិលត្រឡប់ចូលមកកម្ពុជាវិញ អាចមិនមែនជាការសម្រេច តែម្នាក់ឯង ដោយលោក សម រង្ស៊ី នោះឡើយ។ តាំងពីចុងខែមិថុនាកន្លងមក និងរហូតមកដល់ថ្ងៃនេះ សមាជិកសភាអ៊ឺរ៉ុប​យ៉ាងហោច៧រូប បានចោទសួរទៅកាន់​ស្ថាប័នកំពូលអ៊ឺរ៉ុប យ៉ាងហោចចំនួនបី ក្នុងគោលបំណង​ស្វែង​រកការធានា ពីរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យលោក សម រង្ស៊ី បានវិលចូលវិញ ដោយ​«សុវត្ថិភាព និងការដើរហើរ ដោយស្របច្បាប់» ក្នុងប្រទេសកម្ពុជា។

» អត្ថបទដែលទាក់ទង៖ សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពី​ការ​ធានា​ឲ្យ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ

ការស្វែង​រកចម្លើយរបៀបនេះ ត្រូវបានគេមើលឃើញថា នឹងមានទំងន់ ទោះតិចឬច្រើន ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែសហភាពអ៊ឺរ៉ុប ជាដៃគូពាណិជ្ជកម្ម​​ធំជាងគេបង្អស់ នៅក្នុងពិភពលោក សម្រាប់ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...