តុលាការឃុំខ្លួនមន្ដ្រីនគរបាល ដែលរងការចោទថាបានប្រមាថ ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 14, 2017
- ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីនគរបាលពាក់ស័ក្ដិបី មានអត្តលេខ «០៣១៩១១» លោក លាង ឡា ត្រូវបានចៅក្រមស៊ើបអង្កេត របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដីកានៅល្ងាចថ្ងៃទី១៤ ខែមិថុនានេះ សម្រេចឲ្យឃុំខ្លួនមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ជាបណ្ដោះអាសន្ន បន្ទាប់ពីបានបញ្ចប់ការសាកសួររួច។ លោក លាង ឡា បានរងការចោទប្រកាន់ថា បាន«គម្រាមសម្លាប់»លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ របស់នាយករដ្ឋមន្ត្រី។
លោក លាង ឡា ដែលគេស្គាល់ថា ជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។ បើសិនជាមន្ត្រីនគរបាលរូបនេះ ត្រូវបានតុលាការរកឃើញថា មានកំហុសមែននោះ លោកអាចនឹងរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី៦ខែ ទៅដល់២ឆ្នាំ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា លោក លាង ឡា ត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោក ត្រូវបានរកឃើញថា បានប្រើប្រាស់គណនី «Facebook» ឈ្មោះ «Leala Leang» ចូលទៅដាក់មតិជេរប្រមាថ ក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។ គេហទំព័ររបស់នគរបាលជាតិ បានសរសេរបន្តថា៖ «ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើសាកសួរ[រួច] ឈ្មោះ លាង ឡា បានសារភាពថា ខ្លួនបានប្រើប្រាស់គណនី Facebook ខាងលើ ធ្វើបែបនេះមែន ដោយសារតែមិនពេញចិត្ត ក្នុងការដឹកនាំ របស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ»។
សារមតិយោបល់ ដែលម្ចាស់គណនេយ្យ «Leala Leang» បានសរសេរនៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន នោះ មានសេចក្ដីថា៖ «អាជោ ហ៊ុន សែន ជិតដល់ថ្ងៃអន្សាហើយ សូមព្រមានត្រកូលហ៊ុនទាំងអស់ចាកចេញនិរទេសខ្លួន ឲ្យយមុនឆ្នាំ២០១៨។ បុណ្យវាសនាឯង (លោក ហ៊ុន សែន ) ត្រូវងាប់ ឬជាប់គុក ដែលមិនអាចចៀសផុតឡើយ»។
រីឯនៅលើគណនេយ្យឈ្មោះ «Leala Leang» វិញ គេឃើញមានរូបថតរបស់លោក លាង ឡា ក្នុងឯកសណ្ឋានជាភ្នាក់ងារនគរបាល និងក្នុងសម្លៀកបំពាក់ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (រូបខាងលើ)។ ក្រៅពីនេះ នៅមានរូបថតផ្សេងទៀត ដែលមានលក្ខណៈជាការកាត់ត និងការបង្ហោះសារ ឬចែករំលែកព័ត៌មានជាច្រើន ដែលមានលក្ខណៈប្រឆាំងនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ។
មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការជេរប្រមាថដល់អាយុជីវិត ជាអំពើខុសច្បាប់ ហើយបានអំពាវនាវ ទៅដល់សកម្មជន សមាជិក និងអ្នកគាំទ្ររបស់គណបក្សទាំងអស់ កុំឲ្យយកភាសាជេរប្រមាថ និងការគម្រាមកំហែង ទៅដល់អាយុជីវិតនរណាម្នាក់ មកប្រើប្រាស់ នៅក្នុងការបញ្ចេញមតិ ឬការថ្លែងជាសាធារណៈ (រួមទាំងនៅលើបណ្ដាញសង្គម)។
មន្ត្រីដដែល នៅបានអំពាវនាវទៅតុលាការកម្ពុជា ឲ្យធ្វើការប្រកបដោយដោយវិជ្ជាជីវៈ និងឯករាជ្យភាព ហើយគប្បីត្រូវចាត់ការដូចគ្នា ចំពោះករណីរបស់លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃមួយរូបទៀត ស្និតនឹងគណបក្សប្រជាជនកម្ពុជា ដែលបានគម្រាមសម្លាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីបី-បួនឆ្នាំមុន។ លោក ផែង វណ្ណៈ ដែលបានរងទណ្ឌកម្ម ត្រឹមតែសម្រេចបញ្ឈរជើង និងផ្ទេរការងារប៉ុណ្ណោះ៕