បាញ់សម្លាប់មន្ត្រីក្រសួងធនធានទឹកម្នាក់ក្នុងរថយន្ដ កណ្ដាលរាជធានី
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 14, 2017
- ប្រធានបទ: មនុស្សឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបាញា់សម្លាប់កណ្ដាលរាជធានីភ្នំពេញ ប្រដាប់ដោយអាវុធមួយ បានកើតឡើងទៀត កាលពីយប់វេលាម៉ោងជាង ២២ ថ្ងៃទី ១៣ ខែឧសភានេះ នៅត្រង់ផ្លូវច្រកចូល ខាងមុខវត្តអង្គតាម៉ិញ ភូមិបប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ដែលគេស្គាល់ថា ជាមន្ត្រីអ្នកមានមុខមាត់ម្នាក់ នៅក្រសួងធនធានទឹក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់ចំនួនបីគ្រាប់ ឲ្យស្លាប់នៅក្នុងរថយន្ដរបស់ខ្លួន យ៉ាងអាណោចអាធម។
រូបថតជាច្រើនសន្លឹក រួមនឹងវីដេអូផង ត្រូវបានថតពីកន្លែងកើតហេតុ បង្ហាញពីជនរងគ្រោះ ដែលត្រូវបានបាញ់សម្លាប់ តាមបង្អួចរថយន្ដម៉ាក «Camry» សេរីខ្ពស់របស់ខ្លួន និងស្នាមបែកធ្លាយកញ្ចក់បង្អួចរថយន្ដ ដោយសារគ្រាប់កាំភ្លើង។ រូបភាពខ្លះទៀត បានបង្ហាញឃើញស្ត្រីចំណាស់ម្នាក់ ដែលគេគិតថាជាម្ដាយ កំពុងយំអោបជនរងគ្រោះ យ៉ាងខ្លោចផ្សារ។
មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម រិទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះមានឈ្មោះ សឿង ផានិត អាយុ២៨ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ។ មន្ត្រីដដែលបានបញ្ជាក់ថា លោក ផានិត ត្រូវបានខ្មាន់កាំភ្លើងបាញ់ ចំនួន៣គ្រាប់ ពេលកំពុងបើករថយន្តរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
អាជ្ញាធរបានប្រគល់សព ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី តែមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដឹង ពីមូលហេតុ ដែលបណ្ដាលឲ្យមានការបាញ់សម្លាប់ជីវិតមនុស្ស យ៉ាងដូច្នេះទេ។ ប្រភពមួយ ពីក្រសួងធនធានទឹក បានអះអាងថា ជនរងគ្រោះ មានចរិតស្លូតបូតធម្មតា ដែលធ្វើឲ្យគេពិបាកយល់ ពីរឿងរ៉ាវចងគំនុំ រហូតដល់តាមបាញ់សម្លាប់ ផ្ដាច់សង្ខាយ៉ាងផុយស្រួយ។
យ៉ាងណា នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ កំពុងធ្វើការអង្កេត និងស្រាវជ្រាវពីករណីបាញ់សម្លាប់នេះ៕