កម្ពុជា៖ បុព្វហេតុគ្មានទីបញ្ចប់ ដើម្បីសង្គ្រោះ«ផ្សោត» នៅក្នុងទន្លេមេគង្គ
ត្រីផ្សោតពីរក្បាល បានពន្លេចខ្លួនឡើង ប្រលែងទឹកនៅលើទន្លេមេគង្គ ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា ធ្វើអោយអ្នកទេសចរណ៍ ដែលរងចាំទស្សនាត្រីផ្សោតទាំងនេះ មានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែទៅអនាគត មិនប្រាកដថា មងអួននេសាទដ៏ប្រល័យ អាចនឹងទុកអោយប្រភេទត្រីដ៏កម្រនេះ មានជីវិតបានយូរដល់ពេលណានោះទេ។
សត្វត្រីផ្សោត។
ដើម្បីការពារ«ប្រភេទត្រី» ដែលមានយ៉ាងកម្រមួយនេះ កាណូតឈើមួយចំនួន បានជិះត្រួតពិនិត្យនៅជុំវិញតំបន់ដែលគេតែងតែឃើញ ពពួកផ្សោតចេញមកលោតលេងកំសាន្ដ នៅខេត្តក្រចេះ។ សកម្មភាព ដែលបានបង្ហាញពីការខំប្រឹងថែរក្សា ត្រី«ដូហ្វាំងទឹកសាប»ទាំងនេះ រួមនឹងទប់ស្កាត់ផងដែរ នូវរាល់បទល្មើសទាំងឡាយ។
តែនៅឆ្ងាយពីនេះ តែប៉ុន្មានគីឡូម៉ែត្រ អ្នកការពារម្នាក់ ក្នុងចំណោមអ្នកការពារ៧៧នាក់ លោកពេជ្រ សុខ័ន បានត្អូញថា មិនអាចអត់ដង្ហើមបានយូរ ដោយបានបង្ហាញពីសំណាញ់នេសាទ ដែលលើកចេញពីទឹក កាលពីរថ្ងៃមុននេះ។ ទោះជាមានការហាមឃាត់ មិនអោយធ្វើការនេសាទទៅលើ«ត្រីផ្សោត»ទាំងនេះ ដែលអ្នកជំនាញចាត់ទុកថាជាមូលហេតុសំខាន់ ក្នុងការបំផ្លាញអោយហិនហោច នូវប្រភេទដ៏កម្រនេះ តែវាហាក់ដូចជាពិបាក នឹងអោយប្រជាជននៅទីនោះ បោះបង់ទម្លាប់ចាស់នេះចោលណាស់។ លោកពេជ្រ សុខ័ន បានថ្លែងថា «យើងត្រូវអប់រំមនុស្សទាំងនេះ រាល់ថ្ងៃ»។
រដ្ឋាភិបាលកម្ពុជា បានបង្ហាញស្ថិតិថា នៅមាន«ផ្សោត» ចំនួន១៨០ក្បាល កំពុងរស់នៅសព្វថ្ងៃក្នុងតំបន់ នៃទន្លេមេគង្គនោះ។ ប៉ុន្តែតួលេខនេះ ត្រូវបានបដិសេធដោយ មូលនិធិពិភពលោក ដើម្បីធម្មជាតិ (WWF) ដែលបានគិតថា ចំនួនដែលនៅសេសសល់ មានត្រឹមតែ៨៥ក្បាលប៉ុណ្ណោះ។
មូលហេតុដែលឈានទៅដល់ ការស្លាប់រង្គាលដែលកើនឡើងខ្ពស់នេះ មានដូចជា ត្រីឈ្មោលមានច្រើនជាង ជម្ងឺ និងការបំផ្លាញជម្រករបស់ពពួកត្រីទាំងនេះ។ តែអ្វីដែលជាមូលហេតុសំខាន់ គឺការបង់មងអួននេសាទ មានប្រភេទជាការអូសបញ្ឈរមួយ ដែលនឹងចាប់នូវរាល់ប្រភេទសត្វត្រី ដែលឆ្លងកាត់ចូលទៅក្នុងនោះ។ មូលនិធិពិភពលោក ដើម្បីធម្មជាតិ បានចាត់ទុកថា ការនេសាទរបៀបនេះ ជាការគម្រាមដ៏ធំមួយ។
អាជ្ញាធរបានបង្កើតកាលពីខែសីហាមុន នូវតំបន់អភិរក្សមួយ ដែលមានបណ្ដោយប្រវែង១៨០គីឡូម៉ែត្រ ពីទីក្រុងក្រចេះ រហូតដល់ព្រំដែនខ្មែរ-ឡាវ។ ការនេសាទ ត្រូវបានអនុញ្ញាតិជាទូទៅ តែសម្ភារះខ្លះ ដូចជាការអូសម៉ង អួនខាងលើ ត្រូវបានហាមឃាត់។ ជនប្រព្រឹត្តិល្មើស មិនត្រូវបានផាកពិន័យ ឬមានការឃាត់ខ្លួននោះទេ គ្រាន់តែរឹបអូសយកសម្ភារះដែលខុសច្បាប់នោះប៉ុណ្ណោះ ដែលតាមគណកម្មាធិការរបស់រដ្ឋាភិបាល ដើម្បីអភិរក្សសត្វផ្សោត និងអភិវឌ្ឍន៍អេកូ-ទេសចរណ៍ បានយល់ថា ការពិន័យត្រឹមនេះ វាខ្លាំងណាស់ទៅហើយ សម្រាប់ប្រជាជនក្រខ្សត់ទាំងនោះ។
រហូតមកទល់នឹងពេលនេះ អាជ្ញាធរបានរឹបអូស មងសំណាញ់សម្រាប់អូសនេសាទ បានរហូតដល់ទៅ៨ ០០០ម៉ែត្ររួចមកហើយ តែនៅក្នុងតែប៉ុន្មានថ្ងៃពីដើមខែធ្នូកន្លងមកនេះប៉ុណ្ណោះ។
សត្វត្រីផ្សោត លោតរាំរមួលខ្លួន នៅលើទឹក។
ក្រពះរបស់អ្នកនេសាទ
ការអភិវឌ្ឍន៍ គម្រោងអេកូ- ទេសចរណ៍ ជាចលករមួយ សម្រាប់ជួយសង្គ្រោះ ប្រភេទត្រីផ្សោតទាំងនោះ ដែលមាននៅតែបីតំបន់ប៉ុណ្ណោះ នៅក្នុងពិភពលោក។ ប្រធានគណកម្មាធិការអភិរក្សសត្វផ្សោតលោក ទូច សៀងតាណា បានលើកបញ្ជាក់ថា ក្នុងឆ្នាំ២០១២នេះ ចំនួនទេសចរណ៍បានកើនឡើង ប្រមាណជា ៣០ ០០០នាក់ ដែលឆ្នាំមុនមានតែ ២០ ០០០នាក់ និងឆ្នាំ២០០០ តែ៥០នាក់ប៉ុណ្ណោះ។ នៅពេលទេសចរណ៍ធ្វើដំណើរ មកកាន់ទីនោះ ការជួលទូក និងការលក់វត្ថុអនុស្សាវរីយ៍ បានធ្វើអោយប្រជាជនអ្នករស់នៅទីនោះ ទទួលបាននូវប្រាក់ចំណូលគួរអោយកត់សម្គាល់។
ប៉ុន្តែប្រជាជននៅទីនោះ មិនសូវជាយកចិត្តទុកដាក់នឹងបម្រាមហាមឃាត់ប៉ុន្មានទេ ហើយមងអួន ដែលអាចសម្លាប់សត្វផ្សោត នៅតែមានវត្តមាន ដើម្បីជាមធ្យោបាយយ៉ាងសំខាន់ នៅក្នុងការចិញ្ចឹមជីវិតរបស់ពួកគាត់។ លោកទូច សៀងតាណា ទទួលស្គាល់ថា «ការប្រយុទ្ធទប់ស្កាត់ នៅមិនទាន់ដល់ទីបញ្ចប់ទេ បើកាលណាភាពក្រីក្រ នៅមិនទាន់អាចបំបាត់បាននោះ។ ពួកគាត់យល់ថា មងអួនទាំងនេះ អាចសម្លាប់ត្រីផ្សោតបាន (...) តែធ្វើម៉េច? ពួកគាត់ត្រូវគិតពីក្រពះសិន។»
មូលនិធិពិភពលោក កំពុងធ្វើការជាមួយរដ្ឋាភិបាល និងអង្គការផ្សេងទៀត ដើម្បីអភិវឌ្ឍន៍គម្រោង នៅផ្ទាល់នឹងទីកន្លែង ក្នុងភូមឃុំចំនួន ៣៧។ តែរាល់អភិវឌ្ឍន៍ទាំងនោះ មិនបានធ្វើអោយលោក អៀម ម៉ៅ អាយុ៥៥ឆ្នាំ ទទួលបានអត្ថប្រយោជន៍នោះទេ។ គាត់រស់នៅផ្នែកខាងជើងនៃតំបន់អភិរក្សត្រីផ្សោត ហើយគាត់រកបានប្រមាណជា ២ដុល្លាក្នុងមួយថ្ងៃ ដោយសារការនេសាទជារៀងរាល់ថ្ងៃរបស់គាត់។ គាត់និយាយថា «វាជាការពិបាករកស៊ីចិញ្ចឹមជីវិតណាស់ សម្រាប់យើងដែលរស់ក្បែរត្រីផ្សោតទាំងនេះ»។
តែទោះជាយ៉ាងណាក៏ដោយ ក៏លោក ពេជ្រ សុខ័ន បានបង្ហាញសុទិត្ថិនិយមយ៉ាងដូច្នេះថា «ពេលយើងរឹបអូសមងអួនរបស់ពួកគាត់ ៗ លែងហ៊ានប្រឆាំងទៀតហើយ ព្រោះពួកគាត់ដឹងថាវាខុសច្បាប់។ ពីមុន ហ៊ានតែចូលរឹបអូស ពួកគាត់បញ្ចេញកាំបិតពូថៅដាក់យើងវិញភ្លាម។»
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣
ប្រភព៖ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ