កម្ពុជា៖ កិច្ចសន្យាមានតម្លៃមហាសាល រវាងក្រុមហ៊ុនចិនពីរ
ក្រុមហ៊ុនចិនពីរ បានចុះកិច្ចសន្យាបណ្ដាក់ទុន ដែលមានចំនួនជាទឹកប្រាក់ ប្រមាណជា១១,២ពាន់លានដុល្លា (ត្រូវជា៨,៤៥ពាន់លានអ៊ឺរ៉ូ) សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងប្រទេសកម្ពុជា។ ជាកិច្ចសន្យា នៃការវិនិយោគទុនមួយដ៏ធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមក ក្នុងប្រទេសនេះ។
ផ្លូវរថភ្លើងសល់ពីជំនាន់មុន ដែលចាស់ទ្រុតទ្រោមណាស់ទៅហើយ។
កិច្ចសន្យាជាច្រើននេះ ត្រូវបានបានវិនិយោគទៅលើសំណង់រោងចក្រដែកថែបមួយ ស្ថិតនៅខាងជើងប្រទេស ផែមួយនៅកោះផ្នែកខាងត្បូងនៃខេត្តកោះកុង និងខ្សែររថភ្លើងដែលមានប្រវែង ៤០០គីឡូម៉ែត្រ តភ្ជាប់រវាងពីរោងចក្រទៅផែសមុទ្រនេះ។
ក្រុមហ៊ុនចិនដែលមានឈ្មោះជាភាសាអង់គ្លេសថា ខាមបូឌៀ អាយរុន អែនស្ទើល មីនិង អ៊ីនដាស្ទ្រី ហ្គ្រុប (Cambodia Iron and Steel Mining Industry Group) ដែលបានត្រូវបង្កើតឡើង ក្នុងឆ្នាំ២០០៦នៅទីក្រុងភ្នំពេញ សម្រាប់ធ្វើគម្រោងទាំងនេះ បានផ្ដល់បន្តទៅអោយក្រុមហ៊ុនចិនមួយទៀត (China Railway Group) ក្នុងការសាងសង់ភ្ជាប់ផ្លូវដែកទាំងនេះ។
តម្លៃនៃការសាងសង់ខ្សែររថភ្លើង និងផែ ត្រូវបានប៉ាន់ប្រមាណជា ៩,៦ពាន់លានដុល្លា រីឯរោងចក្រដែកថែបវិញ មានតម្លៃប្រមាណជា ១,៦ពាន់លានដុល្លាអាមេរិក។
ការសាងសង់នៃគម្រោងទាំងបី នឹងត្រូវចាប់ផ្ដើមនៅក្នុងឆ្នាំនេះ ហើយនឹងប្រើរយះពេលប្រមាណជា ៤ឆ្នាំ។ អគ្គនាយកក្រុមហ៊ុន ខាមបូឌៀអាយរុន អែនស្ទើល (Cambodia Iron and Steel) លោក ហ្សាង ឈន់លី (Zhang Chuan Li) បាននិយាយប្រាប់ទីភ្នាក់ងារពត៌មានរ៉យទ័រថា «មានតម្រូវការចាំបាច់មួយ សម្រាប់ការដឹកជញ្ជូន រូបធាតុរ៉ែរ ឆ្ពោះទៅកាន់ប្រទេសចិន និងតំបន់ផ្សេងទៀតក្នុងពិភពលោក»។
កិច្ចសន្យាទាំងនេះ បង្ហាញអោយឃើញកាន់តែច្បាស់ ពីឥទ្ធិពលនៃកំណើនសេដ្ឋកិច្ច របស់ប្រទេសចិន ទៅលើសេដ្ឋកិច្ចដែលកំពុងតែងើបឡើងដែរ នៃតំបន់អាស៊ី-អាគ្នេយ៍។
កាលពីសប្ដាហ៍មុន ការប្រកាសពីកិច្ចសន្យា សាងសង់រោងចក្រចម្រាញ់ប្រេងកាត នៅកម្ពុជា មានទឹកប្រាក់ប្រមាណជា ២,៣ពាន់លានដុល្លាអាមេរិក ត្រូវបានចុះហត្ថលេខា នៅទីស្ដីការគណរដ្ឋមន្ត្រី ដែលជាការបណ្ដាក់ទុនរវាង ក្រុមហ៊ុនពីរ ចិន និងកម្ពុជា។ នៅក្នុងគម្រោងនេះ គេរំពឹងថា នឹងអាចផលិតប្រេងឆៅ ៥លានតោន ក្នុងមួយឆ្នាំ។
ក្រុមហ៊ុនចិនជាច្រើនផ្សេងទៀត ក៏បានទទួលបានដូចគ្នា នូវការសាងសង់ ខ្សែររថភ្លើង សម្រាប់ល្បឿនលឿន (៤០០គីឡូម៉ែត្រក្នុងមួយម៉ោង) នៅក្នុងប្រទេសឡាវ ដែលនៅជាប់ជិតខាងនឹងកម្ពុជា មានតម្លៃប្រមាណជា ៧ពាន់លានដុល្លា និងគម្រោងសាងសង់ផ្សេងទៀតជាច្រើន សម្រាប់ផ្លូវរថភ្លើងទាំងនេះ នៅក្នុងប្រទេសថៃ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ