ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជាថ្មីម្តងទៀតប្រទេសជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះជម្លោះនយោបាយនៅកម្ពុជា ដោយប្រទេស​ជប៉ុនបានបន្តជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីបន្តការចរចានយោបាយ​ឡើងវិញ​ឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ និងជាការធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា វិល​ទៅរក​ភាពប្រក្រតីឡើងវិញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀតប្រទេសជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះជម្លោះនយោបាយនៅកម្ពុជា ដោយប្រទេស​ជប៉ុនបានបន្តជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីបន្តការចរចានយោបាយ​ឡើងវិញ​ឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ និងជាការធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា វិល​ទៅរក​ភាពប្រក្រតីឡើងវិញ។


ទង់ជាតិជប៉ុន និងកម្ពុជាចង់ផ្អោបជាប់គ្នា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងជុំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោកគូម៉ាម៉ារ៉ូ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើក​ឡើងថា រាជរដ្ឋាភិបាលជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយជប៉ុនមានបំណងចង់ ឲ្យភាគីនយោបាយ នៃគណបក្សទាំងពីរ(គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ) ធ្វើយ៉ាង ណាបន្តការអត់ធ្មត់ និងស្វែងរកដំណោះស្រាយ តាមរយៈការចរចាគ្នា ឡើងវិញ​ឲ្យបានឆាប់​បំផុត។

មន្រ្តីការទូតជប៉ុនរូបនេះ បញ្ជាក់ថា៖ «ភាគីជប៉ុនគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ បន្តការ​ចរចាគ្នាឡើងវិញ ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីបំបាត់ភាពជាប់គាំងផ្នែកនយោបាយ ក្រោយ​ការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ដែលកំពុងបន្ត អូសបន្លាយមកដល់ ពេលបច្ចុប្បន្ននេះ»។

ជាការឆ្លើយបតទៅនឹងមន្រ្តីការទូតជប៉ុន លោក ស ខេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅតែបើក​ទ្វារសម្រាប់បន្តការចរចា ជាមួយគណបក្សសង្រ្គោះជាតិ។ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជារូបនេះ បាន​អះអាងថា ពេលចរចាកន្លងមក គណបក្សសង្រ្គោះជាតិមិនមានគោលជំហរច្បាស់លាស់ ក្នុងការចរចានោះទេ។

ចំពោះការការទទូចពីភាគីជប៉ុន និងការលើកឡើងរបស់លោក ស ខេង ទស្សនាវដ្តីមនោរម្យ.អ៊ីនហ្វូ មិនអាច​ទាក់ទង​មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើគោល​ជំហរ​ចុងក្រោយរបស់គណបក្សជំទាស់នេះ គឺនៅតែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ ក្រោយ​ការ​ធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

គួររម្លឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ប្រទេសជប៉ុន តាមរយៈក្រសួងការបរទេសរបស់ខ្លួន ក៏បានសេចក្តី​ថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ពីស្ថានការណ៍នយោបាយនៅកម្ពុជា និងបានជំរុញឲ្យភាគីជម្លោះ គឺគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើការដោះស្រាយបញ្ហាឲ្យបានឆាប់ ទាក់ទងនឹងលទ្ធផល​បោះ​ឆ្នោត​កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានទទូចឲ្យភាគីជម្លោះ គឺគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ជៀងវាងការប្រើអំពើហិង្សា។

រហូតមកដល់ពេលនេះ បើទោះជាសញ្ញាណនៃការចរចាឡើងវិញរវាងគណបក្សទាំងពីរ ស្ថិតនៅក្នុងភាព​ស្រពិច​ស្រពិលក៏ពិតមែនក្តី ក៏អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកវិភាគឯករាជ្យកម្ពុជា មានជំនឿចិត្តថា គណបក្សទាំងពីរ ទំនងជាវិលទៅរកតុចរចាវិញក្នុងពេលឆាប់ៗខាងមុខ នេះ ព្រោះមានសម្ភាធពីមជ្ឈដ្ឋានជាតិ និង​អន្តរជាតិកាន់តែខ្លាំងឡើងៗ ស្របពេលគណបក្សទាំងពីរក៏ថមថយ ឥទ្ធិលដូចគ្នា។

ជុំវិញករណីនេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌​នៅកម្ពុជា ខុមហ្រ្វែល (COMFREL) បានអត្ថាធិប្បាយថា បើកម្ពុជាមានប្រព័ន្ធបោះឆ្នោតល្អ និងគួរឲ្យជឿជាក់​ពី​គ្រប់​ភាគី ប្រទេសកម្ពុជានឹងមិនមានវិបត្តិនយោបាយ រាល់ក្រោយការបោះឆ្នោតនោះទេ ។ ដូច្នេះការធ្វើកំណែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត គឺជារឿងសំខាន់ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ចំពោះការចរចានយោបាយ លោក គល់ បញ្ញា បញ្ជាក់ថា៖ «យោងតាមបរិយាកាសចុងក្រោយ គឺមិនអនុញ្ញាតឲ្យគណបក្សទាំងពីរ ប្រកាន់ឥរិយាបថ ឬ​យុទ្ធសាស្រ្តដដែលបានទេ(...)។ បើពួកគេបន្តអូសបន្លាយ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយអ្នក​ទទួល​ផលលំបាក គឺប្រជាពលរដ្ឋខ្មែរ និងគណបក្សទាំងពីរ»៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...