រដ្ឋមន្ត្រីការបរទេសជប៉ុនធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអាទិត្យនេះ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៨
- កែប្រែចុងក្រោយ: April 07, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក តារ៉ូ កូណូ (Taro Kono) ប្រមុខការទូតការបរទេសជប៉ុន កំពុងធ្វើទស្សនកិច្ច នៅក្នុងប្រទេសពីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃសៅរ៍នេះ ដល់ថ្ងៃអាទិត្យស្អែក។ នៅថ្ងៃសៅរ៍ លោក តារ៉ូ កូណូ កំពុងស្ថិតក្នុងប្រទេសឡាវ មុននឹងមកដល់កម្ពុជា នៅថ្ងៃអាទិត្យ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា មានរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះ មានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ព្រមទាំងមានពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន មកកាន់រដ្ឋាភិបាលកម្ពុជានោះផង។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ការចុះហត្ថលេខាទី១ នឹងផ្ដោតលើកំណត់ហេតុស្តីពី ហិរញ្ញប្បទានឥតសំណង ឬ ជំនួយឥតសំណងមកដល់ប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណជា៤.៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ខណៈការចុះហត្ថលេខាទី២ ទាក់ទងនឹងឥណទានសម្បទាន ឬកំចីដែលមានការប្រាក់ទាប ប្រមាណជា ៩.២១៦ លានយ៉េន (ប្រមាណជិត ៨៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ។
ដោយឡែក ក្រសួងការបរទេសជប៉ុន ដែលបានជូនដំណឹង ពីដំណើរទស្សនកិច្ចខាងលើនេះដែរ មិនបានបញ្ជាក់លំអិត អ្វីច្រើនឡើយ។
ដំណើរទស្សនកិច្ច របស់លោក តារ៉ូ កូណូ ត្រូវបានលោកនាយករដ្ឋមន្ត្រី អះអាងកាលពីចុងខែកន្លងទៅ ខណៈស្ថានទូតជប៉ុននៅកម្ពុជា បានបញ្ជាក់ផ្ទុយទៅវិញ ក្នុងពេលភ្លាមៗនោះថា រដ្ឋាភិបាលជប៉ុន មិនទាន់សម្រេច ពីដំណើរទស្សនកិច្ចនេះនៅឡើយ។ នៅក្នុងការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង កាលពីថ្ងៃទី២៧ ខែមីនា បានឲ្យដឹងបន្ថែមថា ជំនួបរវាងរូបលោក និងរដ្ឋមន្ត្រីការបរទេសជប៉ុន នឹងគ្មានរបៀបវារៈ ដែលជជែកពីបញ្ហាបក្សប្រឆាំង នៅកម្ពុជានោះទេ។
ក្នុងដំណើរទស្សនកិច្ចខ្លីមួយ កាលពីថ្ងៃទី២៣ ខែមីនា ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន គឺលោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបញ្ជាក់នៅក្នុងជំនួបដាច់ពីគ្នា ទាំងពីរនោះទេ ពីជំហររបស់ប្រទេសជប៉ុន ដែលចង់ឃើញការបោះឆ្នោតជាតិ នាពេលខាងមុខ នៅកម្ពុជា មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សុំបញ្ជាក់ដែរថា ខណៈនេះ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏កំពុងមានព្រះរាជវត្តមាន ក្នុងប្រទេសជប៉ុនដែរ ដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់ប្រទេសជប៉ុន តាំងពីថ្ងៃសុក្រ ទី៦ ខែមេសា និងទ្រង់គង់នៅទីនោះ រហូតដល់ថ្ងៃចន្ទ ទី៩ ខែមេសា៕