វ៉ា គឹមហុង ទទួលស្គាល់ថាជាដីខ្មែរ តែវៀតណាមគ្រប់គ្រង (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 03, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការជជីកសួរដេញដោលមួយ រវាងតំណាងរាស្រ្តខេត្តស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ ជាមួយនឹងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបង្កការចាប់អារម្មណ៍ ពីសំណាក់អ្នកសារព័ត៌មាន ជាពិសេសសំនួរឆ្លើយ ពីការរុករានកាន់កាប់ របស់ពលរដ្ឋ និងទាហានវៀតណាម មកលើដីរបស់ខ្មែរ។ ការជជីសួរនោះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណរដ្ឋមន្រ្តី ខណៈពេលលោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជាផងនោះ បានធ្វើបទបង្ហាញ និងការប្រកាសជាផ្លូវការ នូវផែនទីបង្ហាញព្រំដែន កម្ពុជា-វៀតណាម ដល់ក្រុមអ្នកសារព័ត៌មាន។
សូមអាន និងទស្សនា នូវកិច្ចសួរដេញដោល រវាងលោក វ៉ា គឹមហុង និងលោក រៀល ខេមរិន្រ្ទ នូវសំនួរមួយចំនួនដូចខាងក្រោម៖
រៀល ខេមរិន្រ្ទ៖ «អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា នៅតំបន់នោះ មិនទាន់មានការដោះស្រាយ (ប្រទាញប្រទង់) ហេតុអ្វីទាហានយួន ប្រជាជនយួន មកវាយខ្មែរ លើតំបន់ខ្មែរកាន់កាប់? តើនោះជាតំបន់សរ តំបន់ដីវៀតណាម ឬជាតំបន់ដីខ្មែរ?»
វ៉ា គឹមហុង៖ «យើងកំពុងតែចរចារ។ ប៉ុន្តែយើងដឹងថា កន្លែងហ្នឹង វៀតណាមធ្វើស្រែ ចូលដីក្នុងដីយើង ធ្វើយូរហើយ។ តាមគោលការណ៍ ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ជាសេចក្តីសម្រេច របស់នាយករដ្ឋមន្រ្តីទាំងពីរ មិនមែនខ្ញុំធ្វើទេ។ (...) ស្រែនោះ ជាស្រែវៀតណាមកាន់កាប់ វាកាន់កាប់ពីមុនមក ធ្វើរហូតដល់ឥឡូវ។ វាមានសិទ្ធិ ការពារអាដីដែលវាធ្វើ និងកាន់កាប់។ (...) ពេលយើងបោះបង្គោលព្រំដែន អាផ្នូរខ្មោចនោះ វានៅរាបនឹងដី គ្មានអាណាដឹងថា ខ្មោចនៅក្រោមដីនោះទេ។ អត់មានអាណាដឹង រឿងខ្មោចនៅក្រោមដីហ្នឹងទេ ដល់ពេលរួច វាសាយភាយពីលើទើបយើងដឹង។ (...) យើងស្នើសូមកុំបារម្ភ ចាំខ្ញុំរកដីសងវិញ គ្រាន់តែបង្ខិតខាងនោះ (ដី) ទៅគេទៅ ខាងយើងមានដីមិនខ្វះទេ សងឲ្យលោក។»
រៀល ខេមរិន្រ្ទ៖ «គេវាយខ្មែរ នៅលើដីខ្មែរ ឯកឧត្តមគិតថា អាហ្នឹងខ្មែរខុស ឬយួនខុស?»
វ៉ា គឹមហុង៖ «ជាគោលការណ៍ យើងអនុញ្ញាតឲ្យគេរក្សា ការគ្រប់គ្រងនៅឡើយ។ គេមិនទាន់ប្រគល់មកឲ្យយើងទេ។ ដីនោះដីខ្មែរ ខ្ញុំអត់មានថាខុសទេ នោះដីខ្មែរ តែលុះត្រាតែយើងបានបំពេញ និងបោះបង្គោលព្រំខណ្ឌសីមា នៅខេត្តស្វាយរៀងនោះរួចអស់ គេនឹងប្រគល់ដីនោះមកឲ្យយើង អត់មានដូរអីទេ គេប្រគល់មកឲ្យយើង ឯកឧត្តមចង់ទៅមើលថ្ងៃណា គ្មានអ្នកណាប៉ះពាល់ទេ។»
តំណាងរាស្រ្តខេត្តស្វាយរៀង លោក រៀល ខេមរិន្រ្ទ ក៏បាន នាំពាក្យនាយទាហានវៀតណាម ដែលបានប្រាប់មកលោកកាលពីថ្មីៗនេះ ថាដីផ្នូរខ្មោចនោះពិតជាដីខ្មែរ ជាផ្នូរខ្មោចរបស់ខ្មែរ។ ចំពោះការអះអាងនេះ លោក វ៉ា គឹមហុង មិនបានធ្វើការឆ្លើយតបឡើយ ឬបញ្ជាក់យ៉ាងណានោះឡើយ។ យ៉ាងណាលោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន បានបង្ហាញថាលោកនៅតែស្វាគម និងស្នើឲ្យលោក សម រង្ស៊ី បង្ហាញផែនទីទាំង២៦ផ្ទាំងរបស់លោក ដើម្បីដាក់ពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់គ្នា និងផ្តល់ចម្លើយតបវិញនាពេលក្រោយ។
» សូមទស្សនាវីដេអូ នៃការសួរដេញដោល នៃតំណាងរាស្ត្រមកពីគណបក្សប្រឆាំង និងមន្ត្រីរដ្ឋាភិបាលនេះទាំងស្រុង ដូចខាងក្រោម៖