គណបក្សសង្រ្គោះជាតិ សម្រេចធ្វើ«មហា»បាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា
បន្ទាប់ពីការបរាជ័យ ក្នុងការចរចាបង្កើតគណៈកម្មការចម្រុះ ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៣ដងមកហើយនោះ គណបក្សសង្រ្គោះជាតិបានប្រកាសនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ ថាខ្លួននឹងរៀបចំធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃនឹងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះបានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិបានសម្រេចថានឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣នេះពោល គឺមុនការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ១ថ្ងៃ ដែលគេរំពឹងថានឹងប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះដដែល គណបក្សសង្រ្គោះជាតិក៏បានធ្វើការអំពាវនាវ កុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលគណបក្សនេះចាត់ថា ជាលទ្ធផលមិនបានឆ្លុះបញ្ចាំង ពីឆន្ទះពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត។
ការសម្រេចធ្វើមហាបាតុកម្មអហិង្សា ដោយគណបក្សសង្រ្គោះជាតិពេលនេះ បានកើតឡើងស្របពេលដែលក្រុមប្រឹក្សាធម្មនុញ កំពុងតែដោះស្រាយពាក្យបណ្ដឹង ស្ដីពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត ដែលប្តឹងជាបន្តបន្ទាប់ដោយគណបក្សប្រឆាំងមួយនេះ នៅឡើយ។ ការប្រកាសធ្វើបាតុកម្មនេះ ត្រូវបានគេដឹងថា នឹងធ្វើដើម្បីឲ្យគណៈកម្មការចម្រុះឯករាជ្យមួយ អាចមានរូបរាងកើតឡើង ដើម្បីដោះស្រាយស្ថានភាពមិនប្រក្រតី ដែលគណបក្សប្រឆាំងបាននិយាយថា បានកើតឡើងសឹងនៅទូទាំងប្រទេស។
«ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយ»
គួររម្លឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា៖ «ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយដោយសារតែ គ.ជ.ប បានប្រកាសថាខ្លួនបានដោះស្រាយបណ្តឹងរួចរាល់ហើយ»។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមថា ចំពោះបណ្តឹងដែលប្តឹងដោយគណបក្សសង្រ្គោះជាតិ ហើយនៅសេសសល់ ដោយសារតែមិនអាចដោះស្រាយរួចត្រឹម គ.ជ.ប បានបន្តទៅដល់ដៃក្រុមប្រឹក្សាធម្មនុញដោះស្រាយជាបន្ត។
តែកន្លងមក មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខ ខា បានប្រកាសមិនទុកចិត្តអំពីឯករាជ្យភាពរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញនោះទេ។ ផ្ទុយមកវិញមេដឹកនាំគណបក្សប្រឆាំងទាំងពីរ ថែមទាំងបានចោទប្រកាន់ថា គ.ជ.ប និង គណបក្សប្រជាជនកម្ពុជា បានឃុបឃិតគ្នាលួចបន្លំសន្លឹកឆ្នោតជាប្រព័ន្ធនោះផង។ គណបក្សប្រឆាំង បានចោទស្ថាប័នគ.ជ.ប និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ថាបានលំអៀងទៅគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបានកាន់តំណែងនេះជិត៣០ឆ្នាំមកហើយ។
ចំពោះការប្រកាសធ្វើមហាបាតុកម្មអហិង្សា ដោយគណបក្សសង្រ្គោះជាតិនៅពេលនេះ លោក ទិត សុធា មន្ត្រីអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីទេ តែលោកគ្រាន់បានអះអាងថា លោកកំពុងជាប់រវល់ក្នុងកិច្ចប្រជុំ«ពិសេស»មួយ។
«បាតុកម្ម ជាសិទ្ធិពលរដ្ឋមានចែង និងការពារដោយរដ្ឋធម្មនុញ្ញ»
ដោយឡែកលោក ជាង សុខា ប្រធានកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានបញ្ជាក់មកទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅ ថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០១៣នេះ នោះជាសិទ្ធិបាតុកម្ម ដោយស្របច្បាប់។ លោកបានចាត់ទុកការធ្វើមហាបាតុកម្មដោយអហិង្សា វាគ្នានអ្វីចំឡែកទេ សម្រាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ព្រោះថាបើសូម្បីតែប្រទេសដែលកាន់លិទ្ធិកុំម្មុយនីស ក៏មានការធ្វើបាតុកម្មទាមទារនូវអ្វីដែលគេបានបាត់បង់ និងស្វែងរកយុត្តិធម៌ដែរ។
ប៉ុន្តែប្រធានកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនរូបនេះ បានសម្តែងការព្រួយបារម្ភថា ប្រសិនបើដំណើរការនៃការធ្វើបាតុកម្ម មិនអាចគ្រប់គ្រងបានល្អនោះ វាអាចនឹងឈានទៅដល់ការប្រើអំពើហិង្សា និងការបែកបាក់សាមគ្គីជាតិ។
ព័ត៌មានចុងក្រោយ ដែលទស្សនាវដ្តីមនោរម្យព័ងអាងហ្វូទទួលបាន នៅល្ងាចថ្ងៃទី២៨ខែសីហានេះ ឲ្យដឹងថា លោក សម រង្ស៊ី បានផ្ញើរលិខិតមួយច្បាប់ជូនដល់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីទទូចឲ្យមានកិច្ចប្រជុំបន្ត រវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សទាំងពីរ ដើម្បីដោះស្រាយបញ្ហាក្រោយការបោះឆ្នោតដោយសន្តិវិធី។ លិខិតនេះ ទំនងជាការខិតខំចុងក្រោយមួយបន្ថែមទៀត ដើម្បីទម្លាយភាពទាល់ច្រក មុននឹងទៅដល់ដំណាក់កាល«មហាបាតុកម្ម»។
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ