បាល់ទាត់៖ កំពូលកីឡាករ«អត្មានិយម»ទាំង១០រូប
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីធ្វើឲ្យក្រុមមួយទទួលបានជោគជ័យ សមាជិកក្នុងក្រុមទាំងអស់ត្រូវតែសហការគ្នា យល់ចិត្តគ្នា និងគ្មានពាក្យថា «អញ» នោះទេ សម្រាប់នៅក្នុងក្រុម។ ប៉ុន្តែជាក់ស្តែងកីឡាករបាល់ទាត់អាជីពជាច្រើនរូប នៅតែប្រកាន់ជាប់ពាក្យ «អញ» ដែលមានន័យថា អត្មានិយម ឬចង់បានល្បី និងចង់បានកេរ្តិ៏ឈ្មោះតែម្នាក់ឯង ដោយមិនគិតពីផលប្រយោជន៏ក្រុមទាំងមូល។
កីឡាករ រ៉ូប៊ីនញ៉ូ ធ្វើកាយវិការគ្រប់បែបយ៉ាង ដើម្បីបានឆាប់ល្បី ? (រូបថត lemeilleurdupsg.com)
មនោរម្យព័ងអាំងហ្វូ សូមដកស្រង់លើកយកកីឡាករបាល់ទាត់អាជីពទាំង១០រូប ដែលអត្មានិយមជាងគេបំផុត ដូចខាងក្រោមនេះ៖
១. អាជេន រ៉ូបិន (Arjen Robben)
នៅពេលដែលអ្នកគិតដល់ឥរិយាបទអត្មានិយមនៅលើទីលាន បុរសទី១ដែលអ្នកគិតដល់មុនគេគឺ អាជេន រ៉ូបិន។ អ្នកអាចសាកល្បងមើលការប្រកួតក្រុមបាយឺនម៉ូនិជ (Bayern Munich) នោះអ្នកនឹងឃើញខ្សែបម្រើស្លាបអន្តរជាតិហូឡង់ ភាគច្រើនអូសជើងឆ្វេង ហើយទាត់សំដៅទៅទី ជាជាងបញ្ជូនទៅឲ្យមិត្តរួមក្រុមរបស់ខ្លួន ទោះបីជាមិត្តរួមក្រុមរបស់គាត់ស្ថិតក្នុងទីតាំងល្អជាងគាត់ក៏ដោយ។
២. ដានីញ៉ែល ស្តឺរ៉ិជ (Daniel Sturridge)
ដានីញ៉ែល ស្តឺរ៉ិជ អាចរកគ្រាប់បញ្ចូលទីបាន ១១គ្រាប់ ក្នុងការប្រកួត ១២លើក ក្នុងលីកសម្រាប់ក្រុមឆែលស៊ី (Chelsea) និងក្រុមលីវើភូល (Liverpool) កាលពីរដូវកាលមុន ហើយអ្នកគាំទ្រនាកីឡាដ្ឋាន អេនហ្វៀល (Anfield) សង្ឃឹមថា គាត់នឹងក្លាយជាខ្សែប្រយុទ្ធឆ្នើមមួយរូបសម្រាប់ក្រុមនៅរដូវកាល ២០១៣/១៤ នេះ។
កីឡាករវ័យ២៣ឆ្នាំ កំឡុងពេលលេងឲ្យក្រុមតោខៀវ បានជាប់ឈ្មោះជាកីឡាករអត្មានិយមជាងគេបំផុតនៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។ ប៉ុន្តែក្រោយផ្ទេរមកកាន់ក្រុមហង្សក្រហម ហាក់ដូចជាប្រសើរជាងមុន ដោយចេះបញ្ជូនបាល់ឲ្យមិត្តរួមក្រុមខ្លះៗ។
៣. ណានី (Nani)
ណានី ពុំបានចូលលេងឲ្យក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester Utd) ចាប់ពីខែមេសាមក ហើយគាត់អាចនឹងផ្ទេរទៅកាន់ក្រុមជូវីនទូស (Juventus) មុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ នៅសប្តាហ៏ក្រោយ។
រយះពេល៦ឆ្នាំ នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ លេងដោយបង្ហាញឥរិយាបទឲ្យឃើញថា គាត់ជាកីឡាករសំខាន់បំផុតនៅក្នុងក្រុម ហើយតែងតែញ៉ាក់ទាត់ ញ៉ាក់ទាត់សំដៅទៅទី ទោះបីជាមិត្តរួមក្រុមខំរត់ជ្រែកហែកយ៉ាងណាក៏ដោយ។
៤. គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)
គ្រីស្ទែណូ រ៉ូណាល់ដូ ជាកីឡាករដែលមានទំនុកចិត្តខ្លាំងលើខ្លួនឯង ប៉ុន្តែតារាឆ្នើមរបស់ព័រទុយហ្គាល់រូបនេះ ចង់ធ្វើអ្វីៗបានល្អសម្រាប់តែខ្លួនឯងជាង កាលពីគាត់លេងឲ្យក្រុមម៉ែនញូ និងកាលពីទើបចាប់ផ្តើមនៅរៀលម៉ាឌ្រីដ (Real Madrid) ដំបូង។
អ្នកដែលធ្លាប់មើលក្រុមរៀលម៉ាឌ្រីដ សុទ្ធតែបានដឹងហើយថា រ៉ូណាល់ដូ លេងរបៀបណា។ ដោយសារតែមានជំនាញពិសេសខ្លាំងជាងគេ រ៉ូណាល់ដូ ពុំសូវទុកចិត្តមិត្តរួមក្រុមប៉ុន្មាននោះទេ ដែលជាហេតុធ្វើឲ្យគាត់ ប្រមាញ់ទាត់សំដៅទៅរកទីតែខ្លួនឯងផ្ទាល់។
៥. ល្វីស ស្វារែស (Luis Suarez)
កីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេលំដាប់ទី២ កាលពីរដូវកាលមុននៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) គ្មានអ្នកណា អាចហ៊ានទុកចន្លោះឲ្យស្វារែស នោះទេ។ ទោះបីជាខ្សែការពារកម្រាស់ប៉ុណ្ណា ស្វារែស ក៏មិនដែលខ្វល់ដែរ ដោយគាត់តែងតែជ្រមុច អូសញ៉ាក់ខ្លីៗទៅមុខជានិច្ច ដើម្បីមានឱកាសទាត់សំដៅទី ហើយនោះហើយជាឥរិយាបទដ៏អត្មានិយមបំផុតរបស់គាត់។
៦. កាឡូស តេវែស (Carlos Tevez)
កាឡូស តេវែស មិនដែលខ្វល់ពីអ្នកណាឡើយ ពោលគឺគាត់ខ្វល់តែម្យ៉ាង ខ្វល់តែពី «កាឡូស តេវែស»។ ខ្សែប្រយុទ្ធអាស្សង់ទីន មានឥរិយាបទមួយឆាប់ខឹង និងគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន។ ជាក់ស្តែង កាលពីគាត់លេងនៅក្រុមម៉ែនស៊ីធី (Man City) គាត់បានបដិសេធមិនព្រមចូលលេងវគ្គទី២ ក្នុងការប្រកួតឆែមពានលីក (Champions League) ជាមួយនឹងក្រុមបាយឺនម៉ូនិជ ដោយសារតែខឹង មិនឲ្យគាត់ចូលលេងជាជម្រើស១១នាក់ដំបូង។
៧. រ៉ូបីនញ៉ូ (Robinho)
កាលពីឆ្នាំ២០០៨ រ៉ូបីនញ៉ូ មិនចង់នៅបន្តជាមួយក្រុមរៀលម៉ាឌ្រីដ ដោយសារតែមិនពេញចិត្តគ្រូបង្វឹក ហើយគាត់ទៅត្អូញត្អែរប្រាប់ដល់ម្ចាស់ក្លិបថា គាត់ចង់ផ្ទេរទៅកាន់ក្រុមឆែលស៊ី ប៉ុន្តែឆែលស៊ីពេលនោះ ដេញថ្លៃទាបពេក ខណៈដែលម៉ែនស៊ីធី ហ៊ានឲ្យតម្លៃខ្ពស់ជាង ម្ចាស់ក្លិបក៏លក់គាត់ទៅក្រុមមេឃខៀវ ម៉ែនស៊ីធី។
នៅថ្ងៃដំបូងក្នុងការបង្ហាញខ្លួនក្នុងសន្និសីតសារពត៌មាន ក្នុងនាមជាកីឡាករក្រុមម៉ែនស៊ីធីថ្មី រ៉ូបីនញ៉ូ ពិតជាបំបាក់មុខក្លិបមេឃខៀវមិនស្ទើរនោះទេ ព្រោះគាត់និយាយថា «ខ្ញុំរីករាយ ហើយខ្ញុំចង់ទៅចូលរួមជាមួយក្រុមឆែលស៊ី»។
៨. នីកូឡាស អាណេលកា (Nicolas Anelka)
អាណេលកា ជាកីឡាករដែលលេងបានច្រើនក្រុមបំផុត ជាងកីឡាករណាៗទាំងអស់ ដូច្នេះប្រហែលជាអ្នកគិតថា គាត់បានយល់ដឹងពីការធ្វើការសហការជាក្រុមបានល្អហើយ។ ប៉ុន្តែមិនមែនដូច្នោះទេ អតីតខ្សែប្រយុទ្ធបារាំងរូបនេះ ប្តូរក្លិបច្រើនក៏ព្រោះតែភាពមិនចុះសម្រុងគ្នាជាមួយនឹងគ្រូបង្វឹក និងមានភាពអត្មានិយម។
៩. ចឺយ បាតុន (Joey Barton)
បាតុន ជាកីឡាករម្នាក់ដែលគេទទួលស្គាល់ថា ជាកីឡាករដែលមានឥរិយាបទឈ្លើយបំផុត និងអត្មានិយម។ នៅលើទីលានប្រកួត ស្ទើរតែគ្មានប្រកួតណា ដែលគាត់មិនបានទទួលកាតលឿង ឬកាតក្រហមនោះទេ ដោយសារតែភាពជម្រូងចម្រាស់របស់គាត់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គាត់បានដៀលខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន (PSG) ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimović) ថា៖ «អាច្រមុះធំ»។
១០. សាម៉ូអែល អេតូ (Samuel Eto'o)
អេតូ គាត់មិនដែលលេងដើម្បីប្រយោជន៏ក្លិបអ្នកគាំទ្រ ឬក៏មិត្តរួមក្រុមរបស់គាត់នោះទេ ពោលគឺ គាត់លេងដើម្បីតែលុយ។ កាលពីឆ្នាំ២០០៩ កីឡាករកាមេរ៉ូន បានឈ្នះពានរង្វាន់ក្នុងលីកចំនួន៤ និងឈ្នះឆែមពានលីក ចំនួន២ ជាមួយនឹងក្រុមបាសេឡូណា (Barcelona) និងក្រុម អ៊ីនថើ មីឡាន (Inter Milan)។
លុះដល់ក្រុមម៉ែនស៊ីធី ចាប់អារម្មណ៏គាត់ ហើយនិងឲ្យថ្លៃឈ្នួលគាត់ថ្លៃបំផុត គាត់ក៏រៀបចំថានឹងផ្ទេរទៅ ប៉ុន្តែក្រុមអេនស្សី ម៉ាខាចកាឡា (Anzhi Makhachkala) ក៏បានដាក់តម្លៃឲ្យគាត់ទទួលបាន ថ្លៃឈ្នួលថ្លៃជាងគេបំផុត នៅលើពិភពលោកពីលើនោះទៀត ទីបំផុតអេតូ ក៏សម្រេចចិត្តទៅចូលរួមជាមួយក្រុមអេនស្សី របស់ប្រទេសរ៉ុស្សីវិញ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ