ឌែល ចេញកុំព្យូទ័រយួរដៃដ៏ស៊ិចស៊ី «ឡាទីធ្យូដ៧០០០» (Pic)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមផលិតកុំព្យូទ័រដ៏ល្បីឌែល (Dell) បានប្រកាសចេញកុំព្យូទ័រយួរដៃ (Ultrabook laptops) ស៊េរីថ្មីមួយទៀត កាលពីថ្ងៃច័ន្ទ ជាមួយនឹងការរចនាដ៏ស្តើង មានល្បឿនលឿន និងមានបន្ទះក្តារបញ្ជា (keyboards) យ៉ាងមានផាសុកភាព។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ មានឈ្មោះថា «ឡាទីធ្យូដ៧០០០» (Latitude 7000)។
កំព្យូទ័រ ឡាទីធ្យូដ៧០០០ របស់ឌែល
«ឡាទីធ្យូដ៧០០០» មានកម្រាស់ស្តើង ពន្លឺចែងចាំងដ៏ស្រស់ស្អាត ជាពិសេសម៉ាស៊ីនដំណើរការបានល្អល្បឿនលឿន។ អេក្រង់មានទំហំចាប់ពី១២អ៊ីញ ទម្ងន់ក្រោម៣ផោន និងកម្រាស់ ០.៧៩អ៊ីញ។
អេក្រង់របស់វា មាន២ប្រភេទ មានទំហំ១២.៥អ៊ីញ និងទំហំ១៤អ៊ីញ អាចបង្ហាញរូបភាពបានទំហំ ១៩២០ X ១០៨០ភិចស្យ៊ែល។ អង់ចងចាំ មានទំហំដ៏ធំសម្បើមរហូតដល់ ៨ជីហ្គាបៃ និងមានម៉ាស៊ីន (CPU) ប្រភេទ អ៊ីនថែល ខរអាយ៧ (Intel Core i7) ហើយអ្នកអាចចុចលើអេក្រង់ក៏បាន ឬចង់បញ្ជារពីកូនកណ្តុរ (Mouse) និង ក្តារបញ្ជារក៏បាន។
ចំពោះចំនួនផ្ទុករបស់វា (Hard disk) ក៏មាន២ប្រភេទដែរ៖ អេក្រង់១២.៥អ៊ីញ អាចផ្ទុកបាន ២៥៦ជីហ្គាបៃ និងអេក្រង់១៤អ៊ីញ អាចផ្ទុកបាន ៥០០ជីហ្គាបៃ។
បើអ្នកពុំមានលទ្ធភាពទិញ «ឡាទីធ្យូដ៧០០០» ទេ អ្នកក៏នៅមានជម្រើស២ផ្សេងទៀតដែរ ដែលស៊េរី «ឡាទីធ្យូដ» ដូចគ្នា ប៉ុន្តែខុសត្រង់ចំនួនលេខម៉ូដែល ៥០០០ និង៣០០០។ ម៉ូដែល៥០០០ មានសមត្ថភាពប្រហាក់ប្រហែលទៅនឹងម៉ូដែល៧០០០ដែរ ប៉ុន្តែខុសគ្នាត្រង់កម្រាស់ និងគុណភាពពន្លឺ។
កុំព្យូទ័រយួរដៃ «ឡាទីធ្យូដ» ៥០០០ និង៣០០០ មានអេក្រង់២ប្រភេទដូចគ្នា៖ ទំហំ១៤អ៊ីញ និងទំហំ១៥.៦អ៊ីញ។ ហើយកុំព្យូទ័រ២ស៊េរីនេះ មានតម្លៃទាបជាងគេបំផុតប្រហែល ៥៤៩ដុល្លាសហរដ្ឋអាមេរិក ខណៈដែលស៊េរី ៧០០០ មានតម្លៃយ៉ាងទាបបំផុតប្រហែល ១០៤៩ដុល្លាសហរដ្ឋអាមេរិក។
ក្រុមហ៊ុនបានប្រកាសឲ្យដឹងថា ស៊េរី៧០០០ និង៣០០០ នឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១២ ខែកញ្ញា ខណៈដែលស៊េរី៥០០០ នឹងមកដល់នៅខែតុលាខាងមុខ។ ប៉ុន្តែចំពោះតម្លៃផ្លូវការរបស់ពួកវាយ៉ាងណានោះ ពួកគេពុំទាន់បង្ហើបឲ្យដឹងនៅឡើយ៕
សូមទស្សនារូបភាពបន្ថែម៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ