បើក​កញ្ចប់​សុវត្ថិភាព​«ក»​៨​នៅ​ខេត្ត​បាត់ដំបង មាន​២​ការិយាល័យ​គ្មាន​សម្លេង​ឆ្នោត

គ.ជ.ប បានបើកកញ្ចប់សុវត្ថិភាព«ក» ប្រាំបីការិយាល័យ នៃមណ្ឌលខេត្តបាត់ដំបង តាមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការផ្ទៀងផ្ទាត់តែលើសម្លេងឆ្នោតក្នុងទម្រង់ ១១០២,១១០៨ និងក្រដាសកត់ត្រាធំនៃសម្លេងឆ្នោតតែប៉ុណ្ណោះ ដោយបានបដិសេធលើការផ្ទៀងផ្ទាត់ នៃសន្លឹកឆ្នោតបានការ និងមិនបានការតាមការស្នើសុំរបស់ដើមបណ្តឹង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ គ.ជ.ប បានបើកកញ្ចប់សុវត្ថិភាព«ក» ប្រាំបីការិយាល័យ នៃមណ្ឌលខេត្តបាត់ដំបង តាមការចង្អុលបង្ហាញ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការផ្ទៀងផ្ទាត់តែលើសម្លេងឆ្នោតក្នុងទម្រង់ ១១០២,១១០៨ និងក្រដាសកត់ត្រាធំនៃសម្លេង​ឆ្នោត​តែប៉ុណ្ណោះ ដោយបានបដិសេធការផ្ទៀងផ្ទាត់ នៃសន្លឹកឆ្នោតបានការ និងមិនបានការតាមការស្នើសុំ​របស់ដើម​បណ្តឹង។


សកម្មភាពទាញកញ្ចប់សុវត្ថិភាព មកពិនិត្យផ្ទៀងផ្ទាត់ ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៣ នៅទីស្ដីការ គ.ជ.ប។ (រូបថត MONOROOM.info/ O. Vary)

ការផ្ទៀងផ្ទាត់ លើកញ្ចប់សុវត្ថិភាព «ក» នៃមណ្ឌលខេត្តបាត់ដំបងទាំងប្រាំការិយាល័យកាលពីព្រឹកថ្ងៃទី២៨ ខែសីហានេះ នៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្ស​នយោបាយពាក់ព័ន្ធ ពិសេសគណបក្សសង្គ្រោះជាតិ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួម​ក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក»។

ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក» មានការចូលរួម សម្តេច នរោត្តម សិរិវុឌ្ឍ លោក មឹន ស៊ាន និងលោក អ៊ុត ឈន ដែល​ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ មានការចូលរួមពីតំណាងគណបក្ស អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ។

កញ្ចប់សុវត្ថិភាព«ក» ទាំងប្រាំបីការិយាល័យ ឃើញថាមានការបិទជិតត្រឹមត្រូវ តែអ្វីដែលសំខាន់ ហើយបានបង្ហាញ​ក្រោយ​ការផ្ទៀងផ្ទាត់នោះរួមមាន ការ កត់ត្រាសម្លេងឆ្នោតរបស់គណបក្សនីមួយៗខុសគ្នា, ទម្រង់១១០២ មិនមានកត់ត្រាសម្លេង​ឆ្នោត, សន្លឹកឆ្នោតធំមិនបានសរុបចំនួនសម្លេងជាដើម។

តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានបង្ហាញដល់អ្នកសារព័ត៌មានក្រោយ​ពីបញ្ចប់នូវការផ្ទៀងផ្ទាត់​នេះថា បណ្តឹងនៃមណ្ឌលខេត្តបាត់ដំបង ក្រុងបាត់ដំបងមាន២៣៣ ការិយាល័យ ដែលបានដាក់ស្នើរឲ្យធ្វើការផ្ទៀងផ្ទាត់​ទាំងអស់ ក្នុងនោះមានរហូតដល់១៣ស្រុក។ លោកក៏បានបង្ហាញនូវការ«ខកចិត្ត» ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញ បាន​សម្រេចឲ្យមានការបើកកញ្ចប់សុវត្ថិភាព«ក» ត្រឹមតែប្រាំបីទៅវិញ ដែលជាចំណុចមួយ តូចមកធ្វើការផ្ទៀងផ្ទាត់ទៅវិញ។

តំណាងរូបនេះបន្ថែមថា «ទោះបីជាយ៉ាងណាក៏ដោយ យកប្រាំបីការិយាល័យមកក៏នៅតែមានបញ្ហា បញ្ហាខុសនឹងការ​ណែនាំ ខុសពីនីតិវិធី និងច្បាប់។ (…) ទោះជាមានសម្លេងឆ្នោតលំអៀងតិចតួចក៏មែនពិត ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្នុងករណីមិនបានបំពេញត្រឹមត្រូវ ដែលខុសទម្រង់របៀបនេះ គេមិនអនុញ្ញាតឲ្យយកជាបានទេ ត្រូវបោះចោលទាំងអស់​តែម្តង។

ក្រោយពីបញ្ចប់ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព«ក» សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន បានបញ្ជាក់ថានឹងលើក​យកបញ្ហានេះទៅពិនិត្យ នឹងពិចារណា ធ្វើការជម្រះតាមផ្លូវច្បាប់ ដោយសវនាការជាសាធារណៈ សម្រេចតាមរូបភាព​«តុលាការ»។ លោកបានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយក្រុមប្រឹក្សាធម្មនុញ្ញនឹងដាក់កម្មវិធី ដើម្បីបញ្ចប់លើបណ្តឹង​ទាំងអស់របស់គណបក្សសង្គ្រោះជាតិឲ្យបានមុនថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលជាថ្ងៃ គ.ជ.ប នឹងប្រកាស​លទ្ធផល​បោះ​ឆ្នោតផ្លូវការ។ «ក្រុមប្រឹក្សាធម្មនុញ្ញ អនុវត្តទៅតាមច្បាប់។ ការដោះស្រាយលើបណ្តឹងមានថ្ងៃកំណត់ ការប្តឹងត្រូវបានចប់​ហើយ មកទល់នឹងពេលនេះបណ្តឹង មានតែ១៥ទេ យើងកំពុងតែដោះស្រាយលើបណ្តឹងទាំង១៥ហ្នឹង។(…)គេប្រឹងណាស់ គេអាចបញ្ចប់មុនថ្ងៃកំណត់។»

លោក អ៊ុក ស៊ុយ តំណាងគណបក្សសង្គ្រោះជាតិ បានធ្វើការស្នើសុំ និងទាមទាមទារ ពិនិត្យសន្លឹកឆ្នោត និងមើលត្រាស​ម្ងាត់ រួមទាំងសន្លឹកឆ្នោតបានការ និងមិនបានការ តែត្រូវបដិសេធដោយលោក មឹន ស៊ាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដោយបានសម្អាងហេតុថា ធ្វើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ជាមួយគ្នានេះសមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​រូបនេះបានអាននូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញអនុញ្ញាតថា «ក្រុមប្រឹក្សាធម្មនុញ្ញអនុញ្ញាតឲ្យ គ.ជ.បបើក​កញ្ចប់សុវត្ថិភាព «ក» មួយចំនួន នៅមណ្ឌលខេត្តបាត់ដំបង ក្រុងបាត់ដំបង នៅការិយាល័យលេខ ១១៨៥ ០១៩៣ ០២១៦ ០២១៧ ០២០២ ០២០៤ ១១២២ ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រា​សម្លេង​ឆ្នោត។ គ.ជ.ប ត្រូវបំពេញភារកិច្ចស្របតាមច្បាប់កំណត់ និងធ្វើកំណត់ហេតុ នៃការបើកកញ្ចប់សុវត្ថិភាព។»

បញ្ហាខាងលើមន្រ្តីសង្កេតការណ៍របស់អង្គការខុមហ្វ្រែល (COMFREL) កញ្ញា គង់ រ៉ាវីន បានបង្ហាញនូវភាពមិន​ប្រក្រតី​ពីរ​យ៉ាងដែលបានរកឃើញ ការិយាល័យពីរ(កាតិយាល័យលេខ០២១៦ និង១១២២)មិនមានការចុះនូវ«សម្លេងសន្លឹកឆ្នោត» និងក៏មិនបានបញ្ជាក់ពីចំនួន«សន្លឹកឆ្នោតបានការ និងមិនបានការ»។ កញ្ញាបន្តរថា ការបូកលទ្ធផល និងការផ្ទៀងផ្ទាត់​ផ្អែកទៅលើ​ទម្រង់១១០២ តែបើមិនមានការកត់ត្រានោះទេ តើទម្រង់១១០២នោះមានភាពស្របច្បាប់ប៉ុណ្ណា? ជាមួយគ្នា​នេះកញ្ញាស្នើសុំឲ្យមានការស្រាវជ្រាវ និងធ្វើការរាប់នូវការិយាល័យទាំងពីនោះឡើងវិញ។

តាមការផ្តល់បទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនាល្ងាចថ្ងៃទី២៨ ខែសីហានេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបញ្ជាក់ថា ការបើកកញ្ចប់សុវត្ថិភាព«ក»នេះ ឃើញមានភាពប្រសើរជាងមុន។ ចំពោះបញ្ហាលើ​ទម្រង់១១០២ របស់ការិយាល័យ១១២២ និង០២១៦ លោកបានបញ្ជាក់ថា «នេះជាកាធ្វេសប្រហែសរបស់មន្រ្តី​នៃ​ការិយាល័យទាំងនោះ។ (…) មិនមានបញ្ហាទេព្រោះទម្រង់១១០២ មានបួនច្បាច់ ដូច្នេះបីច្បាប់ទៀតសម្មត់ថា​បាន​កត់​ត្រាចូល បើមិនដូចនេះទេគណៈកម្មការរៀបចាំការបោះឆ្នោតឃុំ-សង្កាត់ រាជធានីខេត្ត មិនមានលទ្ធផលចម្លង​ចូលនោះ​ទេ។»

អគ្គលេខាធិការ គ.ជ.ប ក៏បានសង្កត់ធ្ងន់ថា ជាបច្ចេកទេសមិនមានការប៉ះពាល់អ្វីទេ ព្រោះ១១០២ មានបួនច្បាប់ក្នុងនោះបី​ច្បាប់បានបំពេញ ដែលបានបិទនៅមុខការិយាល័យមួយច្បាប់ ផ្ញើទៅគណៈកម្មការរៀបចាំការបោះឆ្នោត ឃុំ-សង្កាត់មួយ​ច្បាប់, រាជធានីខេត្តមួយច្បាប់ និងមួយច្បាប់ដែលមិនបានបំពេញត្រូវថាក់ក្នុងកញ្ចប់សុវត្តិភាព«ក»។ ការធ្វេសប្រហែលនេះ មិនអាចទាក់ទងដល់ការរាប់ឡើងវិញនោះទេ ព្រោះយើងអាចយកទម្រង់១១០៨ និងផ្ទាំងក្រដាសធំមកបំពេញ​ក្នុងនោះ​បាន​(១១០២)។ (…) យើងបានផ្ទៀងផ្ទាត់ទៅឃើញថាត្រឹមត្រូវហើយ ដូច្នេះតាមនីតិវិធីយើងអាចកែតម្រូវបាន ដោយគ្រាន់​តែមានភស្តុតាង សាក្សី និងភា្នក់ងារគណបក្ស។។ «ការរាប់ឡើងវិញនេះ (វា)មិនមែនជាសេចក្តីសម្រេចរបស់គ.ជ.ប ទេ។ ព្រឹកម៉ិញនេះយើងធ្វើការសម្រេចតាមក្រុមប្រឹក្សាធម្មនុញ្ញ»។

សូមរម្លឹកថា ការផ្ទៀងផ្ទាត់តាមរយៈការបើកនូវកញ្ចប់សុវត្ថិភាព«ក» នាព្រឹកថ្ងៃទី២៨ ខែសីហា ដែលមានចំនួនប្រាំបី​ការិយាល័យ ក្នុងខេត្តបាត់ដំបងនេះជាលើកទីពីរហើយ បន្ទាប់ពីបានបញ្ចប់ការផ្ទៀងផ្ទាត់ដូចគ្នានេះកាលពីថ្ងៃទី២៥ ខែសីហា ដែលមានកញ្ចប់សុវត្ថិភាព«ក»ចំនួន១៣ការិយាល័យ ក្នុងឃុំជ្រះ ខេត្តក្រចេះ ហើយបានរកឃើញថា​មានភាព​មិនប្រក្រតីទាំង១៣ការិយាល័យ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...