ព្ស៉ាយ នឹងចេញចម្រៀងថ្មី នៅខែមេសាខាងមុខ
ម្ចាស់បទ ហ្គាំណាម ស្តាយ៍ (Gangnam Style) បានប្រកាសបន្ថែមទៀត ថានឹងបង្ហាញខ្លួន នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនឹងមានការផ្សាយបន្តផ្ទាល់ តាមអ៊ីនធើណែត។
«ព្ស៉ាយ» អ្នកចម្រៀងដ៏ល្បី ជាអន្តរជាតិមួយរូបនេះ មិនបាននៅស្ងៀមទេ តាំងពីគាត់បានចេញបទចម្រៀងហ្គាំណាម ស្តាយ៍ (Gangnam Style) នោះមក។ បទចម្រៀង ដែលធ្វើអោយគេអត់ទ្រាំមិនរាំតាមមិនបាន ហើយធ្វើអោយគេអញ្ជើញម្ចាស់បទ អោយទៅធ្វើការបកស្រាយ និងសម្ដែងផ្ទាល់ នៅគ្រប់ទិសទី ក្នុងពិភពលោក។
អ្នកចម្រៀង ដែលមានឈ្មោះពិតថា ប៉ាក ជេ-សង់ (Park Jae-Sang) បានប្រកាសតាមវីដេអូមួយ ដាក់ផ្សាយលើយូធូប (YouTube) កាលពីថ្ងៃសុក្រទី០៨ខែមិនានេះថា លោកនឹងចេញចម្រៀងថ្មីមួយទៀត នៅអំឡុងខែមេសាខាងមុខ ហើយទន្ទឹមនឹងនោះ លោកក៏នឹងចេញទៅសម្ដែង ក្នុងការប្រគុំតន្ត្រីដ៏ធំមួយ នៃទីក្រុងសេអ៊ូល។ ការប្រគុំតន្ត្រីនេះ នឹងមានការផ្សាយបន្តផ្ទាល់ តាមអាំងធើណែតផង។
«ថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៣ខាងមុខ ខ្ញុំនឹងចេញចម្រៀងថ្មីមួយបទទៀត សម្រាប់ពិភពលោកទាំងមូល។ ខ្ញុំនឹងមកសម្ដែងក្នុងការប្រគុំតន្ត្រីដូចគ្នានៅកូរ៉េ ក្នុងពហុកីឡាដ្ឋាន សេអ៊ូល វើល ខាប់ (Séoul World Cup) ដែលអ្នកទាំងអស់គ្នាអាចមើលឃើញតាម យូធូប។» ព្ស៉ាយ បាននិយាយយ៉ាងនេះ មុននឹងចេញក្បាច់រាំមួយភ្លែត ទៅលើចម្រៀង ហ្គាំណាម ស្តាយ៍ ដ៏ល្បីរបស់លោក។
ចម្រៀងហ្គាំណាមស្តាយ៍ នេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ចម្លែកជាងគេ ប្រចាំឆ្នាំ២០១២ នៅក្នុងពិភពចម្រៀងរបស់ពិភពលោក តាំងពីចម្រៀងនេះបានដាក់នៅលើយូធូប កាលពីថ្ងៃទី១៥កក្កដាកន្លងមក។ បណ្ដាជនល្បីៗ អ្នកចម្រៀង តារាភាពយន្ដ និងអ្នកនយោបាយក្នុងប្រទេសធំៗ ក្នុងលោក រាប់តាំងពីអ្នកចម្រៀងអង់គ្លេសស្រី នាង ប្រ៊ីនីយ៍ ស្ពៀរ (Britney Spears) រហូតដល់លោក បាន គីម-មូន (Ban Ki-moon) អគ្គលេខានៃអ.ស.ប. ដោយមិនបានភ្លេចផងទេ លោកបារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក សុទ្ធតែបានចូលរួម និងតែងតែចិញ្ចឹមចិត្ត ចង់រាំ «ចង្វាក់ជិះសេះ» របស់ព្ស៉ាយ។
មកទល់នឹងថ្ងៃនេះ ចម្រៀង ហ្គាំណាមស្តាយ៍ បានទទួលការចុចចូលមកមើល ក្នុងគេហទំព័រចែកផ្សាយវីដេអូ យូធូប ប្រមាណជាជាង ១,៤ពាន់លាន ដងរួចមកហើយ។ តើជាមួយនឹងបទចម្រៀងចេញមកតាមក្រោយ ព្ស៉ាយអាចធ្វើល្អ ដូចមុនឬទេ? តាមមើលទំនង ដូចជាពិបាកបន្តិចហើយ ក្នុងការបំបែកឯកត្តកម្មនេះ៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ