ទិដ្ឋាការអាឡិច៖ មន្រ្តីរដ្ឋាភិបាល និងបក្សប្រឆាំង ខ្វែងគំនិតគ្នា
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 19, 2015
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្រ្គោះជាតិ និងមន្រ្តីរដ្ឋាភិបាលបានបង្ហាញជំហរ និងការយល់ឃើញខុសគ្នាៗ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការមិនបន្តទិដ្ឋការ ឱ្យសកម្មជនការពារធនធានធម្មជាតិ នៅតំបន់អារ៉ែង លោកលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)។ មន្រ្តីរដ្ឋាភិបាលចាត់ទុកថា សកម្មភាពរបស់អាឡិច ដែលបានធ្វើដើម្បីរារាំង គម្រោងក្រុមហ៊ុនស៊ីណូហាយដ្រូ សង់ទំនប់វារីអគ្គិសនី នៅស្ទឹងឆាយអារ៉ែង គឺជាការជ្រៀតជ្រែក ក្នុងកិច្ចអភិវឌ្ឍន៍។
ចំណែកមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានផ្ញើលិខិតសុំអន្តរាគមន៍ ទៅលោក ស ខេង និងព្រះមហាក្សត្រ យល់ថា លោក អាឡិច គឺជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឱ្យសាធារណៈមតិ មានការចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន កាន់តែច្បាស់។ លោក អាឡិកហ្សង់ដ្រូ ជាមនុស្សស្រលាញ់ និងគោរពវប្បធម៌ខ្មែរ ហើយចេះនិយាយខ្មែរបានល្អប្រសើរ គ្រាន់បើជាងជនបរទេសដទៃជាច្រើន ដែលកំពុងរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃ។
មន្រ្តីរបស់ក្រសួងថាមពល និងរ៉ែប្រមាណ១៤០នាក់ បាននាំគ្នាផ្តិតមេដៃគាំទ្រ មហាផ្ទៃក្នុងការមិនផ្តល់ទិដ្ឋាការ ឱ្យលោក អាឡិកហ្សង់ដ្រូ។ ញត្តិរបស់មន្រ្តីរដ្ឋាភិបាល ទាំងក្រសួងនោះ បានបញ្ជាក់ថាកន្លងមក លោក អាឡិច បានធ្វើសកម្មភាពក្រោមរូបភាព អង្គការសង្គមស៊ីវិល ដោយមិនគោរពច្បាប់កម្ពុជា ដូចជាការបិទផ្លូវនៅខេត្តកោះកុង ការរារាំងរំាងដល់ការអនុវត្តការងារ ការជេរប្រមាថ ការបរិហារកេរ្តិ៍មន្រ្តីរាជការក្រសួងរ៉ែ និងថាមពល។ មិនតែប៉ុណ្ណោះ បុគ្គលរូបនេះមិនគោរពអធិបតេយ្យភាព របស់ប្រទេសកម្ពុជា ដោយបានជ្រៀតជ្រែកការងារ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការដឹកនាំ និងការញុះញង់ឱ្យប្រឆាំង នឹងការអភិវឌ្ឍគម្រោងវារីអគ្គិសនីនានា ដែលជាកត្តាគន្លឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្រាប់ លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាវិញ បានស្នើទៅព្រះមហាក្សត្រ និងប្រធានរដ្ឋសភា ឱ្យអន្តរាគមន៍ចំពោះរឿងនេះ។ នៅក្នុងលិខិតចុះថ្ងៃទី១៨ ខែកុម្ភៈ លោក កឹម សុខា បានទូលទៅ ព្រះមហាក្សត្រថា លោក អាឡិច ពុំមែនជាឧក្រិដ្ឋជន និង ជាអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ របស់ខ្មែរនោះទេ ផ្ទុយទៅវិញ លោកជាអ្នកចូលរួមថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្ម។
សូមបញ្ជាក់ថា នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ លោកអាឡិចនឹងត្រូវអស់សិទ្ធ រស់នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើលោកមិនចាកចេញ ពីប្រទេសកម្ពុជាទេនោះ លោកអាចនឹងប្រឈមមុខ នឹងការជាប់ពន្ធនាគារ។ បើទោះបីជាក្រុម អ្នកការពារបរិស្ថានកម្ពុជា ព្រះសង្ឃ អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងបានខ្នះខ្នែង ជួយអន្តរាគមន៍ក៏ដោយ ប៉ុន្តែលោកនៅតែត្រូវបានក្រសួងមហាផ្ទៃបដិសេដ មិនផ្តល់ទិដ្ឋការឱ្យដដែល។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្លើយតបនឹងសំណូមពរលោក សម រង្ស៊ី បានឱ្យដឹងថា លោក អាឡិច ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មតា បានប្រព្រឹត្តខុសទៅនឹងលក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រងរដ្ឋបាលសាធារណៈ របស់អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យក្រុមការងារ ចុះទៅជួបប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ តម្រូវឱ្យលោក អាឡិចហ្សង់ដ្រូ ចាកចេញពីព្រះរាជាណាចក្រកម្ពុជាមួយរយៈខ្លី ដែលលោក អាឡិចហ្សង់ដ្រូ យល់ថាសមស្រប នៅពេលផុតកំណត់ទិដ្ឋាការស្នាក់នៅ។ ក្រសួងមហាផ្ទៃ ពុំមានគោលការណ៍ហាមឃាត់លោក អាឡិចហ្សង់ដ្រូ ក្នុងការចូលមក ព្រះរាជាណាចក្រកម្ពុជា វិញនោះទេ ប្រសិនបើគាត់បានបំពេញបែបបទ និងមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដូចជនអន្តោប្រវេសន៍ដទៃទៀត ស្របតាមគោលការណ៍ស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»៕