ផ្ទុះរឿងអាស្រូវប្រកាន់ពូជសាសន៍ នៃអ្នកគាំទ្រក្រុមបាល់ទាត់ ឆែលស៊ី នៅប៉ារីស (vdo)
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 19, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូនេះ ត្រូវបានផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នៅលើគេហទំព័រ នៃសារព័ត៌មានអង់គ្លេស ហ្គាដៀន ហើយបានធ្វើឲ្យផ្ទុះរឿងអាស្រូវ ឡើងព្រោងព្រាត ទាំងនៅក្នុងប្រទេសបារាំង និងប្រទេសអង់គ្លេស។ ទង្វើនេះ បានបង្ខំឲ្យក្រុមបាល់ទាត់ ឆែលស៊ី ដែលបានមកជួបប្រកួតជាមួយក្រុមប៉ារីស (PSG) នៅយប់ថ្ងៃអង្គារដដែលនោះ ឲ្យចេញមកធ្វើសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ នូវសកម្មភាព របស់ក្រុមអ្នកគាំទ្ររបស់ខ្លួននេះ។
នៅក្នុងវីដេអូខ្លី ដែលថតដោយ ផូល ណូឡេន (Paul Nolan) ជនជាតិអង់គ្លេស ដែលរស់នៅក្នុងរដ្ឋធានីប៉ារីស គេឃើញអ្នកគាំទ្រក្រុមឆែលស៊ី ច្រើនសិបនាក់ បានហ៊ោរកញ្ជៀវ ខណៈពេលដែលពួកគេ បានឡើងយករថភ្លើងក្រោមដី នៃរដ្ឋធានីរបស់ប្រទេសបារាំង ដើម្បីធ្វើដំណើរចេញពីស្ថានីយ Richelieu-Drouot ឆ្ពោះទៅកាន់ពហុកីឡាដ្ឋាន ដែលមានការប្រកួតបាល់ទាត់ រវាងក្រុមដ៏ល្បីទាំងពីរ។
បុរសស្បែកខ្មៅម្នាក់ បានព្យាយាមចូលក្នុងរថភ្លើងនោះដែរ តែត្រូវបានក្រុមអ្នកគាំទ្រអង់គ្លេស រុញចេញមកវិញដោយកម្លាំង។ បុរសរូបនេះ នៅតែព្យាយាមចូល ទៅក្នុងរថភ្លើងទៀត តែលើកនេះត្រូវបានក្រុមអង់គ្លេសរុញចេញមកវិញខ្លាំងជាងមុន ជាមួយនឹងសម្លេងច្រៀងហ៊ោរកញ្ជៀវ ថា«យើងប្រកាន់ពូជសាសន៍ ៗ ៗ គឺរឿងបែបនេះហើយ ដែលធ្វើឲ្យយើងសប្បាយ»។
ក្រុមបាល់ទាត់ ឆែលស៊ី តាមរយៈអ្នកទទួលខុសត្រូវរបស់ខ្លួន បានចេញសេចក្ដីថ្លែងនៅថ្ងៃស្អែកឡើង ថ្កោលទោស ដោយបានចាត់ទុកថា វាជារឿងគួរឲ្យស្អប់ខ្ពើម។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា៖ «ទង្វើទាំងនេះ មានលក្ខណៈគួរឲ្យស្អប់ខ្ពើម ហើយមិនត្រូវឲ្យមាន នៅក្នុងកីឡាបាល់ទាត់ ក៏ដូចជានៅក្នុងសង្គមយើង ទាំងអស់គ្នា។ យើងនឹងគាំទ្រ នូវរាល់វិធានការព្រហ្មទណ្ឌ ប្រឆាំងនឹងជនទាំងឡាយណា ដែលបានប្រព្រឹត្តិរឿងនេះ។»
ដោយឡែក នគរបាលអង់គ្លេស បានយកករណីនេះមកស៊ើបអង្កេត ដើម្បីរកឲ្យឃើញអ្នកប្រព្រឹត្តិ។ អ្នកមានកំហុសក្នុងករណីនេះ អាចនឹងរងទណ្ឌកម្ម ដូចជាការផាកពិន័យ និងត្រូវបានហាមប្រាម មិនឲ្យចូលមើល ការប្រកួតបាល់ទាត់ លើកក្រោយៗទៀតជាដើម។
សូមបញ្ជាក់ដែរថា ក្រុមបាល់ទាត់ ឆែលស៊ី ធ្លាប់រងគ្រោះ នឹងចម្រៀង«ប្រកាន់ពូជសាសន៍» ពីសំណាក់ក្រុមអ្នកគាំទ្ររបស់ខ្លួន នៅក្នុងកីឡាដ្ឋាន ខណៈពេលកំពុងមានការប្រកួត។ សកម្មភាពនេះ បានធ្វើឲ្យក្រុម ឆែលស៊ី រងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ កាលពី ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងមក៕