៥០លាន​អ៊ឺរ៉ូ ដើម្បី​ទុក ស្លាតាន់ ឲ្យ​បន្ត​ទាត់​នៅ​រដូវ​កាល​ក្រោយ?

ដើម្បីឃាត់ទុកកីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក (Zlatan Ibrahimovic) ឲ្យនៅទាត់ឲ្យក្រុមប៉ារីស (PSG) សម្រាប់​រដូវកាល​ក្រោយ​ទៀត គេត្រូវចំណាយប្រាក់បៀវត្សន៍ រហូតដល់ទៅ៥០លានអ៊ឺរ៉ូ សម្រាប់ឲ្យកីឡាកររូបនេះ ក្នុង​រយៈពេល​១ឆ្នាំ​ខាង​មុខ​ឬ? ជារឿងពិត ឬយ៉ាងណា តែវាជាការ​ផ្សាយ​ឲ្យដឹង របស់​សារព័ត៌មាន​អ៊ីតាលី «Gazzetta Dello Sport» ដែលលើកយកប្រភព ដែលស្និត​នឹង​សំនុំ​រឿង មក​បញ្ជាក់។
៥០លាន​អ៊ឺរ៉ូ ដើម្បី​ទុក ស្លាតាន់ ឲ្យ​បន្ត​ទាត់​នៅ​រដូវ​កាល​ក្រោយ?
កីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក កំពុងទាត់ឲ្យក្រុមបាល់ទាត់ប៉ារីស។ (រូបថតឯកសារ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 12, 2016
  • ប្រធានបទ: ផ្ទេរកីឡាករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅសល់តែមួយខែកន្លះ​ទៀតប៉ុណ្ណោះ ដែលកិច្ចសន្យា​របស់កីឡាករ អន្តរជាតិល្បីឈ្មោះ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក (Zlatan Ibrahimovic) មកពីប្រទេសស៊ុយអែដ នឹងត្រូវបញ្ចប់ជាមួយក្រុមបាល់ទាត់ ប៉ារីស (Paris Saint-Germain ឬ PSG)។ ទន្ទឹមនឹងការប្រកាសជាច្រើនដង របស់កីឡាករខ្លួនឯង ដែលថាខ្លួន​នឹងឈប់នៅ ជា​មួយ​ក្រុមប៉ារីសទៀតហើយនោះ ក្រុមបាល់ទាត់ ប៉ារីស ឯណេះវិញ ទំនងជាបានធ្វើអ្វីគ្រប់យ៉ាង​ទាំងអស់ ដើម្បី​រក្សា​កីឡាករ​រូប​នេះ ឲ្យនៅទាត់ឲ្យក្រុម ជាបន្តទៅទៀត សម្រាប់រដូវកាលខាងមុខ។

សារព័ត៌មានកីឡា របស់ប្រទេសអ៊ីតាលី ឈ្មោះ «Gazzetta Dello Sport» បានផ្សាយឲ្យដឹងថា កីឡាករ​ជាតិ​ស៊ុយអែដ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក អាចនឹងបន្តកិច្ចសន្យារបស់ខ្លួន ជាមួយក្រុមប៉ារីស សម្រាប់មួយរដូវកាល (ឆ្នាំ​២០១៦-២០១៧) ខាងមុខទៀត មុននឹងចេញទៅទាត់ នៅក្នុងប្រទេសកាតា សម្រាប់រដូវកាលបន្ទាប់ គឺ​នៅ​ឆ្នាំ​២០១៧-២០១៨ ដែលនៅទីនោះ កីឡាករនឹងទទួលបានបៀវត្សន៍ប្រចាំឆ្នាំ ប្រមាណជា៥០លានអ៊ឺរ៉ូ។ តែចំពោះ​រដូវកាលក្រោយ គឺនៅឆ្នាំ២០១៦-២០១៧នេះ ក្រុមបាល់ទាត់ប៉ារីស បានស្នើប្រាក់បៀវត្សន៍ឲ្យកីឡាករ តែ​១២លាន​អ៊ឺរ៉ូប៉ុណ្ណោះ សម្រាប់ពេញមួយរដូវកាល។

ការចរចា ដើម្បីចង់ទុកឲ្យកីឡាករ នៅទាត់ឲ្យក្រុមប៉ារីស មិនត្រូវបានលាក់បាំងទេ។ គ្រូបង្វឹករបស់ក្រុមប៉ារីស លោក ឡូរ៉ង់ ប្លង់ (Laurent Blanc) បានថ្លែងទទួលស្គាល់ថា ពិតជាមានការជជែក ដើម្បីឲ្យកីឡាករ ស្លាតាន់ នៅ​បន្ត​កិច្ចសន្យា ជាមួយក្រុមប៉ារីសតទៅទៀត។ ប៉ុន្តែលោកបានឲ្យក្រុមអ្នកសារព័ត៌មាន រងចាំ​ដំណឺង​ទាំង​នេះ​ជា​ផ្លូវការ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។

៥០លាន VS ៧៥លាន!

សម្រាប់សារព័ត៌មានអ៊ីតាលីដដែល បានអះអាងទៀតថា ព្រះអង្គម្ចាស់ អាល់ តានី (Cheikh Al-Thani) ដែល​ជាម្ចាស់កម្មសិទ្ធិ របស់ក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង មានបំណងដាក់ទុនយ៉ាងសម្បើមនេះ ដើម្បី​ទាក់​ទាញ​កីឡាករ ស្លាតាន់ ឲ្យទៅទាត់នៅក្នុងប្រទេសកាតា ចាប់ពីឆ្នាំ២០១៧នេះតទៅ។ មូលហេតុដ៏សំខាន់ គឺចង់​ឲ្យ​កីឡាករ ស្លាតាន់ ក្លាយជាកំពូលតារាបាល់ទាត់នៅក្នុងស្រុក (កាតា)  នៅមុនការឈានមកដល់ នៃការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិធ្វើនៅទីនោះ។

ប៉ុន្តែទឹកប្រាក់ ៥០លានអ៊ឺរ៉ូ សម្រាប់បៀវត្សន៍មួយរដូវកាល នៅមានចំនួនតិចតួចនៅឡើយ។ ព្រោះនៅ​ក្នុង​ពេល​ជាមួយគ្នានេះ គេទទួលបានដំណឹងមួយទៀតថា ក្រុមបាល់ទាត់មួយ នៅក្នុងប្រទេសចិន បានហ៊ាន​ខ្លាំង​ជាង​ព្រះអង្គម្ចាស់ នៅក្នុងប្រទេសកាតានេះទៅទៀត។ ក្រុមនោះបានសន្យាថា នឹងឲ្យបៀវត្សន៍ទៅកីឡាករ ស្លាតាន់ រហូតដល់ទៅ ៧៥លានអ៊ឺរ៉ូ សម្រាប់មួយរដូវកាល ប្រសិនណាជាកីឡាករ សម្រេចចិត្ត​ទៅ​ទាត់បាល់ នៅក្នុង​ប្រទេស​ចិន ដែលទំនងកំពុងក្លាយ​ជាមហាអំណាចថ្មី នៃបាល់ទាត់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...