ផៃ ស៊ីផាន៖ «ផ្សាយ ហ៊ុន ម៉ាណែត ចាញ់​ក្ដីនៅ​អាមេរិក = ព័ត៌មាន​បំពុល​និង​ទុច្ចរិត»

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបរិហារការផ្សាយព័ត៌មានទាំងឡាយ ដែលអះអាងថា លោក ហ៊ុន ម៉ាណែត បាន​ចាញ់​ក្ដី​លោក មាជ សុវណ្ណរ៉ា នៅ​ក្នុង​តុលាការ​ក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិកនោះ គឺសុទ្ធតែ​ជា​​ព័ត៌មាន​«បំពុល» និង​«ទុច្ចរិត» ដែលមានបំណង ​«ឃោសនា​អកុសល» តែ​ប៉ុណ្ណោះ។
ផៃ ស៊ីផាន៖ «ផ្សាយ ហ៊ុន ម៉ាណែត ចាញ់​ក្ដីនៅ​អាមេរិក = ព័ត៌មាន​បំពុល​និង​ទុច្ចរិត»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាកូនប្រុស។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 04, 2016
  • ប្រធានបទ: នយោាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្សព្វផ្សាយដំណឹង ពីការចាញ់ក្ដី«ក្នុងជំហានដំបូង» របស់លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា នៅក្នុងតុលាការក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក ជុំវិញបណ្ដឹងរបស់លោក មាជ សុវណ្ណរ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅកម្ពុជា បានបង្កឲ្យមានប្រតិកម្ម ពីសំណាក់មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ដោយបានហៅការផ្សព្វផ្សាយនោះ ថាមានចរិត«បំពុល» និង«ទុច្ចរិត»។

អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសម្ដែងការមិនយល់ព្រម ទៅនឹងការផ្សព្វផ្សាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយទាំងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញានេះ បន្ទាប់​ពី​ព័ត៌មាន​​នៃ​​ការចាញ់ក្ដី នៅក្នុងសវនាការបឋមមួយ របស់តុលាការអាមេរិក ត្រូវបានចេញផ្សាយ និងត្រូវបាន​ក្រុម​អ្នក​​ប្រើ​ប្រាស់​​បណ្ដាញសង្គម យកទៅចែករំលែក យ៉ាងសន្ធឹកសន្ធាប់។

» អានអត្ថបទ ដែលមេធាវីការពារក្ដីលោក មាជ សុវណ្ណរ៉ា និយាយពីលទ្ធផល នៃសវនាការបថម​ក្នុង​តុលាការ​ក្រុង ឡូស​អេនជឺឡេស ដោយចុចនៅលើនេះ

លោក ផៃ ស៊ីផាន ដែលកន្លងមក មិនដែលទទួលស្គាល់យុត្ថាធិការ នៃតុលាការអាមេរិក ទៅលើករណី​បណ្ដឹង​នេះ បាន​សរសេរ​អះអាង ពីដំណើរការនៃនីតិវិធី របស់តុលាការអាមេរិក ថាមានលក្ខខណ្ឌ«ប្រហាក់ប្រហែល» នឹង​នីតិវិធី​របស់តុលាការកម្ពុជាដែរ។ មន្ត្រីរដ្ឋាភិបាល ដែលមានថានៈជារដ្ឋលេខាធិការរូបនេះ បានពន្យល់​ថា៖ «នៅ​ក្នុង​ដំណាក់​កាល​នេះ គឺជាដំណាក់កាសើុបសួរ តម្រូវឲ្យដើមបណ្តឹង ត្រូវមានភស្តុតាង នៃអង្គហេតុ ដែល​មាន​​ទំងន់ ជាមួយ​នឹង​អង្គច្បាប់ ដែលជាធាតុផ្សំឲ្យចៅក្រមពិចារណា និងបន្តនីតិវិធី ទៅពេលក្រោយទៀត។»។

លោក បានសរសេរទៀតថា៖ «នៅក្នុងពេលនេះ គឺមិនមែនជាពេលកាត់សេចក្តី មានអ្នកឈ្នះ និងមាន​អ្នក​ចាញ់​នោះ​ទេ។ អាស្រ័យហេតុនេះ ព័ត៌មានបំពុល និងទុច្ចរិត គឺជាអំពើឃោសនាអកុសល (...) គ្រាន់តែជា​យុទ្ធនាការ​ដាក់​សម្ពាធ និងធ្វើឲ្យបណ្តាញសារព័ត៌មាន ក្នុងស្រុកមានការយល់ច្រឡំតែប៉ុណ្ណោះ។»

មន្ត្រីអ្នកនាំពាក្យបានថ្លែងការពារលោក ហ៊ុន ម៉ាណែត ថាកូនប្រុសច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ ជាប្រជាពលរដ្ឋខ្មែរ និងជាឥស្សរជនខ្មែរ ដែលទទួលបានកិច្ចការពារ ដោយច្បាប់កម្ពុជា ដែលមាន​អធិបតេយ្យ​ភាព​ឯកជន ខុសគ្នាពីលោក មាជ សុវណ្ណរ៉ា ដែលបានប្រព្រឹត្តិនូវសកម្មភាព ដែលតុលាការកម្ពុជា មាន​អំណាច​យុត្ថាធិការ​គ្រប់គ្រាន់ នៅក្នុងករណីនេះ។ លោក ស៊ីផាន បានបញ្ជាក់ទៀតថា៖ «រដ្ឋាភិបាលកម្ពុជា គឺមិនស្ថិតនៅក្រោមឥទ្ធិពល នៃអំណាចតុលាការ របស់សហរដ្ឋអាមេរិកនោះទេ (...) លើកលែងតែ​តុលាការ​អន្តរជាតិ​ណា​មួយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងជាសមាជិក​នៃស្ថាប័ននោះ»។

មានយុត្ថាធិការ ព្រោះជាបទល្មើសទៅលើជនជាតិអាមេរិក...

លោក មាជ សុវណ្ណរ៉ា ដែលមានសញ្ជាតិពីរ និងដែលកំពុងជាប់ នៅក្នុងពន្ធនាគារព្រៃសសព្វថ្ងៃ បានដាក់ពាក្យ​បណ្ដឹង តាមរយៈក្រុម​មេធាវី​របស់លោក ចូលទៅកាន់តុលាការក្រុង ឡូសអេនជឺឡេស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ប្ដឹង​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត នាយរង​សេនា​ធិការ​ចម្រុះ ​នៃកងយោធពល​ខេមរភូមិន្ទ​ និង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​​​​បទ​​ចោទ​ចំនួន៧ករណី។ បទចោទទាំង៧នោះ រួមមាន៖ (១) ធ្វើ​ទារុណកម្ម​​តាម​ទំនើង​​​ចិត្ត​​​​ក្រៅ​ផ្លូវ​ច្បាប់ និង​ការដាក់​ឃុំឃាំង​រយៈ​ពេល​យូរ​ (២) អំពើ​ភេរវកម្ម​អន្តរជាតិ​ (៣) ការធ្វើ​ឱ្យ​ឈឺចាប់​ដោយ​​ចេតនា​​​​​ដែល​​បណ្តាល​​ឱ្យ​​មាន​ទុក្ខព្រួយ​ផ្លូវ​ អារម្មណ៍​ (៤) ការរំលោភបំពាន (៥) ការបំពាន​វាយដំរាងកាយ​ (៦) ការ​​ចាប់​​​ដាក់​​គុក​​ដោយ​ខុស​ច្បាប់​ និង​ (៧) បាត់​បង់​ភាព​កក់ក្តៅ​ រវាង​ប្តី​និង​ប្រពន្ធ។

សម្រាប់លោក អ៊ុច សុខខាំបូ សហមេធាវីការពារក្ដី​ឲ្យលោក មាជ សុវណ្ណរ៉ា ក្នុងតុលាការក្រុង​ ឡូសអេនជឺឡេស បានលើកឡើងផ្ទុយពីលោក ផៃ ស៊ីផាន ទៅវិញថា ប្រសិនជាតុលាការ បានអនុញ្ញាតឲ្យខាងភាគីដើមបណ្ដឹង បន្ត​ការ​ស៊ើបអង្កេត និងរកភស្ដុតាង​ដាក់​បន្ទុក​នោះ វាបញ្ជាក់ច្បាស់ថា វាគឺ​ជាការច្រានចោល នូវការជំទាស់ (និង​ការសុំ​ឲ្យ​បញ្ចប់សំនុំរឿង) ពីសំណាក់ភាគីចុងចោទ (ភាគី​លោក ហ៊ុន ម៉ាណែត ដែល​តំណាង​​ដោយ​មេធាវី​ដ៏​ល្បី​ឈ្មោះ) ដែលបានលើកឡើងប្រាប់ចៅក្រម ថា​តុលាការ​ក្រុង ឡូសអេនជឺឡេស មិន​មាន​យុត្ថាធិការ សម្រាប់​បណ្ដឹង​ខាង​លើ​នេះ​ទេ។

លោក ហ៊ុន ម៉ាណែត អាចនឹងរងការតាមចាប់ខ្លួន...

ថ្លែងបន្តក្នុងកិច្ច​សម្ភាស ជាមួយ​វិទ្យុអាស៊ីសេរី លោក អ៊ុច សុខខាំបូ បានសង្កត់ធ្ងន់ទៀតថា មិនសំខាន់រឿង​លោក ហ៊ុន ម៉ាណែត ជាកូននាយករដ្ឋមន្ត្រី ឬជា​ឥស្សរជន​មក​​ពី​ឋានណាឡើយ តែបញ្ហានៅត្រង់លោក ហ៊ុន ម៉ាណែត និងគូកនបានប្រព្រឹត្តិអំពើល្មើស ទៅ​លើ​លោក មាជ សុវណ្ណរ៉ា និងអ្នកនាំសំបុត្រដីកាម្នាក់ ដែលសុទ្ធ​សឹង​ជាជនជាតិ​អាមេរិក។ លោកមេធាវី បាន​ថ្លែង​បន្ថែម​ថា មិនត្រឹមតែមានយុត្ថាធិការ ទៅលើបណ្ដឹងនេះទេ តែ​តុលាការ​អាមេរិក​អាចមានសិទ្ធិអំណាច ក្នុង​ការ​ចេញ​ដីកា ឲ្យតាមចាប់ខ្លួនលោក ហ៊ុន ម៉ាណែត និងគូកន​របស់​លោក ពីគ្រប់ជ្រុងជ្រោយទាំងអស់នៃផែនដី ប្រសិន​ជា​តុលាការ​រក​ឃើញ ថាកូនប្រុសច្បងរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជាមានកំហុស​​មែន​នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...