អង្គរ ពេលព្រហាមពីលើអាកាស ថតចុងក្រោយគេបង្អស់ (vdo)
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 24, 2015
- ប្រធានបទ: អង្គរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពយន្ដឯកសារនេះ ត្រូវបានថត នៅពេលដែលសមិទ្ធិករបារាំង លោក ហ្គីយោម ឡឺប៊ែរ (Guillaume Le Berre) បានទៅស្នាក់នៅ ក្នុងប្រទេសកម្ពុជា។ លោក ឡឺប៊ែរ ត្រូវបានអនុញ្ញាត ឲ្យប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ពីលើអាកាស ហោះថតតំបន់អង្គរ អតីតរាជធានីបូរាណ នៃចក្រភពខ្មែរ រវាងពីសតវត្សន៍ទី៩ មកសតវត្សន៍ទី១៤។ នេះជាសំណៅឯកសារ ថ្មីមួយទៀត នៃស្នាដៃដ៏ប្រណិត ដែលបានបង្ហាញ ទៅកាន់ពិភពលោក ពីប្រាង្គប្រាសាទ និងព្រៃឈើ ដែលជាទឹកដីដ៏អស្ចារ្យ ក្នុងចំណោមទឹកដីបូរាណវត្ថុ ដ៏អស្ចារ្យផ្សេងទៀត នៅក្នុងពិភពលោក។
ជាអ្នកចូលចិត្ត ធ្វើដំណើរទេសចរណ៍ និងថតរូបមួយរូប លោក ហ្គីយោម ឡឺប៊ែរ ចង់ចែករំលែកខ្លាំងបំផុត នូវក្ដីរំភើបទាំងឡាយ ដែលកើតឡើង ពីរូបភាពរបស់លោក។ ដំបូងឡើយ លោកបានចេញ ទៅលំហែកាយរបស់លោក នៅប្រទេសវៀតណាម ឯណោះទេ។ ប៉ុន្តែគម្រោងមួយ បានលេចធ្លោឡើង នៅក្នុងចិត្តរបស់លោក៖ នោះគឺ «ចូលទៅប្រទេសកម្ពុជា ដើម្បីថតពីលើអាកាស នូវតំបន់ប្រាសាទបូរាណខ្មែរដ៏ល្បី និងជាផ្នែកមួយ នៃបេតិកភ័ណ្ឌពិភពលោក ចុះក្នុងបញ្ជីរបស់អង្គការ អ៊ុយណេស្កូ»។
នៅក្នុងអំឡុងខែមេសា កន្លងទៅ នៅក្នុងខេត្តសៀមរាប លោកមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការងារនេះ បន្ទាប់ពីទទួលបាន នូវការអនុញ្ញាតចាំបាច់ ពីសំណាក់អាជ្ញាធរកម្ពុជា ដើម្បីថតតំបន់អង្គរពីលើអាកាស។ ដូច្នេះ ពេលវេលាមិនអាចឲ្យខាតបង់ សូម្បីតែមួយនាទីបានឡើយ ជាពិសេស នៅពេលដែលសមិទ្ធិករយើង មានប្រាសាទជាច្រើន ដែលត្រូវថតផ្តិតយករូបភាព។
នៅពេលលោកផ្ដើមការងាររបស់ខ្លួន ដោយដាក់បង្ហោះដំបូងគេ នូវម៉ាស៊ីនថតវីដេអូ ដោយស្វ័យប្រវត្តិនោះ វេលានោះម៉ោង ទើបតែ៥កន្លះព្រឹកប៉ុណ្ណោះ។ ម៉ាស៊ីនថត បានហោះនៅកំពស់៨០ម៉ែត្រ ពីលើប្រាសាទអង្គរវត្ត ដោយមិនភ្លេចផ្តិតយកមកជាមួយ នូវទិដ្ឋភាពដ៏រំជួលចិត្ត នៃការរះឡើងដំបូង របស់ព្រះអាទិត្យ នៅចំកំពូលប្រាសាទ ទាំងប្រាំនោះឡើយ។ សម្រាប់លោក ហ្គីយោម ពេលនោះ ជា«ពេលថ្លៃថ្លាខ្លាំងណាស់» ក្រោយពីលោក បានឃើញរូបភាពនេះ នៅជាប់នឹងអេក្រង់វីដេអូភ្លាមៗ។ លោកបានថ្លែងឡើងថា៖ «ខ្ញុំមានអារម្មណ៍ ថាបានហោះពីលើប្រាសាទ ដោយគ្រាន់តែជើងខ្ញុំ នៅជាប់ផ្ទាល់ដីប៉ុណ្ណោះ»។
ចុះលោកអ្នក ដែលទើបនឹងបានទស្សនាវិញ មានអារម្មណ៍បែបណា?