ភោជនីយដ្ឋានមួយ ធ្វើម្ហូបសាច់មនុស្ស នៅនីហ្សេរីយ៉ា
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 19, 2015
- ប្រធានបទ: ហួសនិស្ស័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការរកឃើញ ដ៏គួរឲ្យតក់ស្លុត និងរន្ធត់ បានជំរុញឲ្យអាជ្ញាធរ ឈានទៅបិទភោជនីយដ្ឋានមួយ នៅតំបន់ភាគអាគ្នេយ៍ នៃប្រទេសនីហ្សេរីយ៉ា។ ស្បោងជាច្រើន ដែលមានផ្ទុកសុទ្ធតែក្បាលមនុស្ស ត្រូវបានរកឃើញ នៅក្នុងផ្ទះបាយ របស់ហាងនោះ។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Telegraph»។
បណ្ដាញវិទ្យុ និងទូរទស្សន៍អង់គ្លេស BBC ដែលមានអ្នកឆ្លើយឆ្លងព័ត៌មាន ប្រចាំតំបន់ ក៏បានអះអាងដែរថា បណ្ដាជននៅក្នុងខេត្ត អានាមប្រា (Anambra) បានសង្ស័យថា ដូចជាមានអ្វីមួយយ៉ាងអាក្រក់ បានកើតឡើង នៅក្នុងភោជនីយដ្ឋានមួយនេះ។
ការចូលទៅឆែកឆេររបស់នគរបាល បានរកឃើញនូវវត្ថុតាងជាច្រើន។ ក្រៅពីក្បាលមនុស្ស ដែលប្រឡាក់ទៅដោយឈាម ដាក់នៅក្នុងស្បោងផ្លាស្ទីក ភ្នាក់ងារនគរបាល បានរកឃើញអាវុធ និងគ្រប់បែកជាច្រើនទៀត។ ជាសរុប មនុស្សចំនួន១០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅឃុំខ្លួន ជាបណ្ដោះអាសន្ន។
អ្នករស់នៅក្បែរខាងម្នាក់ បានថ្លែងរៀបរាប់ថា៖ «ខ្ញុំមិនភ្ញាក់ផ្អើលអ្វីប៉ុន្មានទេ នឹងការរកឃើញ ដ៏តក់ស្លុតនេះ។ ជារៀងរាល់ពេល ដែលខ្ញុំបានទៅផ្សារ គេតែងឃើញមានហេតុភេទ មិនធម្មតា នៅក្បែរនឹងសណ្ឋាគារនោះ។» បុរសម្នាក់នោះ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ថាថ្លែងឲ្យដឹងទៀតថា មនុស្សដែលធ្វើការនៅទីនោះ មិនដែលត្រូវបានឃើញថា ចេះស្លៀកពាក់ឲ្យស្អាតបាតឡើយ ហើយការចេញទៅ និងត្រឡប់មកវិញ របស់ពួកគេ មានភាពចម្លែកណាស់។
សមាជិកមួយរូប នៃព្រះវិហារនៅក្នុងទីក្រុងនោះ ដែលបានចូលទៅទទួលទាន នៅក្នុងភោជនីយដ្ឋាន បានសម្ដែងការភ្ញាក់ផ្អើល នៅពេលលោក បានឃើញតម្លៃម្ហូប ដែលមានកម្រិតខ្ពស់ជាង ប្រាក់ខែកម្មករ នៅក្នុងប្រទេស ដល់ទៅ៤ដង។ អ្នកធ្វើការ នៅក្នុងភោជនីយដ្ឋាន បានឆ្លើយប្រាប់ មកសមាជិកព្រះវិហារនោះវិញថា តម្លៃនេះមានកម្រិតខ្ពស់ បណ្ដាលមកពីសាច់ប៉ុន្មានដុំ ដែលគេធ្វើរៀចំចម្អិន ឲ្យលោកទទួលទាន។ លោក បានថ្លែងឡើងថា៖ «ខ្ញុំអត់ដឹងទាល់តែសោះ ថាគេធ្វើម្ហូបសាច់មនុស្ស ឲ្យខ្ញុំបរិភោគ»៕