បេក្ខនារីប្រលងបាក់ឌុបឆ្នាំនេះម្នាក់ សម្រាលកូនពេលប្រលង
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២៥ សីហា ២០១៥
- កែប្រែចុងក្រោយ: September 01, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមប្រសាសន៍របស់លោក ញ៉ែម សំអឿន ប្រធានមណ្ឌលអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុង បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា សិស្សស្រីដែលឈឺពោះឆ្លងទន្លេនោះ មានឈ្មោះ ពេជ្រ សំអាត អាយុ២៥ឆ្នាំ (មានគ្រួសារហើយ) ជាសិស្សបំពេញវិជ្ជា (ស្វ័យរិន) ពិតជាមិនបានប្រឡងវិញ្ញាសារគណិតវិទ្យា ដែលជាវិញ្ញាសារចុងក្រោយមែន ដោយសារនាងមិនស្រួលខ្លូន ហើយនៅល្ងាចថ្ងៃប្រលងចុងក្រោយនេះ នាងបានឈឺពោះសម្រាលកូន។
លោក ញ៉ែម សំអឿន បានប្រាប់អ្នកសារព័ត៌មានទៀតថា៖ «ការមិនបានប្រឡងមុខវិជ្ជានេះ នឹងបានពិន្ទុស្មើសូន្យ»។
តាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បានឱ្យដឹងថា មានបេក្ខនារីម្នាក់ ពុំបានប្រឡងនូវវិញ្ញាសារចុងក្រោយ ដោយសារតែនាងឈឺពោះសម្រាលកូន។ សិស្សស្រីម្នាក់ ដែលឈឺពោះសម្រាលកូននោះ គឺប្រឡងនៅមណ្ឌលអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុង។ ម្យ៉ាងវិញទៀត ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា មានបេក្ខជនចំនួន ៣១នាក់ មានបញ្ហាសុខភាព ក្នុងកំឡុងដំណើរការសំណេរ នារសៀលថ្ងៃទី២៥ សីហា ២០១៥ នៅមណ្ឌល រាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ចាម សៀមរាប ត្បូងឃ្មុំ កោះកុង កំពង់ស្ពឺ កណ្តាល កំពត កែប កំពង់ធំ ពោធិ៍សាត់ កណ្ដាល កំពង់ឆ្នាំង ព្រះវិហារ បាត់ដំបង និងខេត្តព្រៃវែងផងដែរ។
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ បណ្តាញសង្គមវិញ បានធ្វើការសំនូមពរ ចំពោះករណីបេក្ខនារី ដែលឈឺពោះឆ្លងទន្លេនោះថា៖ «គួរតែផ្តល់ពិន្ទុអោយគាត់ ត្រឹមមួយជាប់ ចំពោះវិញ្ញាសារនោះទៅ»។ អ្នកផ្សេងក៏បានង្ហាញក្តីបារម្ភ ចំពោះបញ្ហាសុខភាព របស់សិស្សទាំង៣១រូទៀត ដែលបញ្ហាសុខភាព នៅពេលប្រឡងនេះដែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ពីក្នុងចំណោមនោះ បានថ្លែងឡើងថា៖ «ចុះបើបេក្ខជនប្រលង មានបញ្ហាសុខភាពអញ្ចឹង ហើយពួកគាត់មិនបានធ្វើ លំហាត់ប្រលង តើគណៈកម្មាធិការប្រលង គិតយ៉ាងម៉េចដែរ ចំពោះបញ្ហាទាំងអស់នេះ? ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា MoEYS Cambodia នឹងបកស្រាយបញ្ហានេះ។»៕