ការប្រលងទុតិយភូមិឆ្នាំ ២០១៥ បានចាប់ផ្តើមថ្ងៃទីមួយ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៤ សីហា២០១៥
- កែប្រែចុងក្រោយ: August 24, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ចេះ គឺជាប់» ជាពាក្យថ្មី របស់លោករដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីសំគាល់ពីការប្ដេជ្ញាចិត្ត ក្នុងការកែទម្រង់ប្រព័ន្ធអប់រំ ពិសេសតាមរយៈ ការប្រលងប្រជែងទូទាំងប្រទេស យកសញ្ញាបត្រ «ទុតិយភូមិ» ដែលចាប់ផ្ដើម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ។ សាលារៀនជាច្រើន បានផ្អាកឲ្យសិស្សឈប់សម្រាក មួយរយៈពេលខ្លី ដើម្បីយកទីតាំងសាលារៀននោះ បើកជាបន្ទប់ សម្រាប់ការប្រលង។
ការប្រលងឆ្នាំនេះ តម្រូវឲ្យមានមណ្ឌលសរុប ប្រមាណជា៣.៥៧៦បន្ទប់ ដែលមានសិក្សានុសិស្ស ៨៨ ៤៨៨នាក់ចូលរួម ក្រោមការឃ្លាំមើលយ៉ាងតឹងរឹងបំផុត ពីសំណាក់គណៈមេប្រយោគ គ្រប់គ្រងដោយក្រសួងអប់រំ។ ក្នុងពេលនេះដែរ ក៏មានក្រុមសង្កេតការណ៍យុវជន (ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា) និងក្រុមការងារ នៃអង្គភាពប្រឆាំងអំពើពុករលួយ( ដឹកនាំដោយលោក ឱម យ៉ិនទៀង)។ នេះ បើតាមការអះអាង របស់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា។
ភាពតឹងរឹងនៃការប្រលងនេះ ដោយផ្តោតសំខាន់ លើការលបមើល ចម្លងកិច្ចការគ្នា ការអង្គុយខុសទីតាំង ដែលបានកំណត់ ការលួចចម្លងតាមឯកសារនានា ការប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិច ក្នុងបន្ទប់ប្រលងនោះ។ ក្នុងដំណាក់ការនៃការបើក «សម្ភោធ» នៃការប្រលងនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិក្ នុងរាជធានីភ្នំពេញ លោករដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា សិស្សដែលល្មើស នឹងបទបញ្ជាផ្ទៃក្នុងការប្រលង ឬល្មើសនឹង លក្ខខណ្ឌនានា នៃគណមេប្រយោគ នឹង«ធ្លាក់ ដោយស្វ័យប្រវត្តិ ឬអាចឈានដល់ការពិន័យ ដោយមិនអនុញ្ញាត មិនឲ្យចូលរួមប្រលង ក្នុងឆ្នាំបន្ទាប់ (ឆ្នាំ២០១៦)» ជាដើម។
រដ្ឋមន្រ្តីរូបនេះបានលើកឡើងថា លោកសង្កេតឃើញ សិក្សានុសិស្សទាំងអស់ មានទឹកមុខស្រស់ស្រាយ និងគ្មានការភិតភ័យឡើយ។ ឯអ្នកលក់ដូរ និងអាជីវករនានា នៅជំវិញមណ្ឌលប្រលង មានការសហការល្អ ច្រើនជាងឆ្នាំមុន។ លោកបានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនដូច្នេះថា៖ «យើងចង់ឲ្យគុណភាពអប់រំបានល្អ ដើម្បីគាត់ឡើងទៅឧត្តសិក្សា ក៏បានល្អ ឬទៅមួយគាត់ទៅចាប់យក ទៅធ្វើការក្តី ឬចាប់យកជំនាញអ្វីមួយក្តី ឲ្យបានល្អ។ (...) ការពង្រឹងការប្រលងនេះ ក៏ជាឲ្យពូកគាត់ ទៅចាប់យកជំនាញណាមួយ បានល្អដែរ។»
សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ ខាងក្រសួងអប់រំ មានចំនួន១២.០៤៥នាក់។ អ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន ៥.៦២៥នាក់ និងក្រុមយុវជន ព្រះសង្ឃ ដែលចូលរួមជាអ្នកសង្កេតការណ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន ១.១១៧នាក់/អង្គ៕