ការ​ខក​ខាន​មើល​ព្រំដែន ព្រោះ​ជន​«បាត​ដៃ​ទី​បី»​បម្រើ​ប្រយោជន៍​វៀតណាម?

ការខកបំណងជាថ្មី បានកើតឡើង ពីក្នុងចំណោម ក្រុមយុវជន និងសកម្មជនឃ្លាំមើលព្រំដែន បន្ទាប់ពី​ដំណើរ​របស់​ពួក​គេ ក្នុង​ការ​ទៅ​ពិនិត្យមើល ព្រំដែន កម្ពុជា-វៀតណាម ត្រង់បង្គោលលេខ២០៣ ត្រូវបានរារាំង​ដោយ​អាជ្ញាធរ ពិសេស​ពី​សំណាក់​ក្រុម​មួយ ដែលមានក្រុមយុវជន និងសកម្មជនព្រំដែនហៅថា ជាក្រុមបាតដៃទីបី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 21, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយុវជន និងសកម្មជនព្រំដែន បានសម្ដែងការសោកស្តាយ ជាទូទៅរបស់ពួកគេ ចំពោះការខកខាន មិន​បានចូលទៅមើលដោយផ្ទាល់ ដល់បង្គោលព្រំដែន លេខ២០៣។ សម្រាប់ក្រុមតំណាងរាស្ត្រ មកពី​គណបក្ស​ប្រឆាំង ដែលបានដឹកនាំក្រុមពលរដ្ឋទាំងនេះ ចុះទៅមើលព្រំដែននោះ បានថ្លែងប្រតិកម្មថា ការហាមឃាត់​មិន​ឲ្យចូលទៅមើលបង្គោលព្រំដែននោះ ដោយសារបង្គោលនោះ ត្រូវបានបោះចូលមកក្នុងទឹកដីកម្ពុជា។ ខាង​ក្រោម​នេះ ជាប្រតិកម្មរបស់ពួកគេ ដែលបានធ្វើឡើង ជាមួយអ្នកសារព័ត៌មាន របស់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ ក្នុងការចុះទៅកាន់ទីនោះ ដោយផ្ទាល។

យុវជន សានីន និស្សិតមកពីសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានលើកឡើងថា គេអនុញ្ញាតឲ្យមនុស្ស ចូល​បានតែ១០០នាក់ប៉ុណ្ណោះ។ យុវជនបានបន្តថា ការមកលើកនេះ ខុសពីលើកមុន ព្រោះកាលពីលើកមុន មាន​ការប៉ះទង្គិច ដោយផ្ទាល់ រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋ-កងទ័ពវៀតណាម។ តែពេលនេះ បែរជាខ្មែរ និង​ខ្មែរ​បានប៉ះគ្នាទៅវិញ។ លោកបានបញ្ជាក់បន្ថែមថា៖ «វៀតណាម បានប្រើប្រជាពលរដ្ឋខ្មែរ ឲ្យទប់ទល់ នឹងខ្មែរគ្នា​ឯង។ ពួកគេកាន់សុទ្ធតែដំបង ដោយមិនអនុញ្ញាតិឲ្យខ្មែរ យុវជន និងព្រះសង្ឃបានចូលទៅមើលឡើយ។»

យុវនិស្សិត សានីន បានអះអាងទៀតថា អាជ្ញាធរខ្មែរ ប្រចាំខេត្តស្វាយរៀង សហការជាមួយក្រុមពាក់ព័ន្ធនានា បានរៀបចំក្រុមនេះឡើង ក្នុងការទប់ស្កាត់ ឬប្រឆាំងមិនឲ្យក្រុមយុវជន អាចចូលទៅដល់ បង្គោលលេខ២០៣​នោះបាន។ លោកអះអាងថា បើមានការប៉ះទង្គិចណាមួយនោះ គឺខ្មែរ និងខ្មែរ ប៉ះពារគ្នាឯង មិនអាចប្តឹងពី​វៀតណាមបានឡើយ។ យុវជនបានថ្លែងឡើងថា៖ «ស្តាយណាស់ ពិតជាស្តាយ។ គោលបំណងរបស់ពួកខ្ញុំ មក​ពីភ្នំពេញគឺ ចង់ទៅមើល បង្គោលព្រំដែននោះឯង។ (...) ទាហានវៀតណាម រាយតាមបន្ទាត់ព្រំដែន ឯ​ទាហាន​ខ្មែរ បែរជារាយ នៅឆ្ងាយពីព្រំដែន ក្នុងចំណោមពលរដ្ឋទៅវិញ។»

យុវជនម្នាក់ទៀត មកពីខេត្តតាកែវ បានថ្លែង ដោយសុំមិនបញ្ចេញឈ្មោះ ប្រាប់ទស្សនាវដ្តីថា ក្រុមទាំងនេះ ជា​គម្រោងមួយ ដែលបានត្រៀមជាស្រេច ក្នុងការទប់ស្កាត់ និងហាមឃាត់ ក្រុមយុវជន និងសកម្មជន​ព្រំដែន​កម្ពុជា។ យុវជនបានបន្តថា បើពលរដ្ឋ ឬយុវជនទាំងអស់ នៅតែរឹងទទឹងចង់ចូលទៅនោះ នឹងអាច​ត្រូវក្រុម​នេះ​វាយ បន្ទាប់មកចោទប្រកាន់ថា ក្រុមយុវជន និងសកម្មជនព្រំដែន បានប្រើហិង្សាលើពួកគេ។ ក្រុមនេះ ជា​ក្រុម «បាតដៃទីបី»។ ក្រុមនេះមានគ្នាប្រមាណជាង៥០នាក់ ក្នុងឯកសណ្ឋានជាស៊ីវិល កាន់ដំបងគ្រប់ដៃ និង​មាន​ពាក់មួក ដូចមួកទាហាមវៀតណាមមួយចំនួន។ យុវជន បានបន្ថែមទៀថា៖ «បងគិតមើលទៅ គេ​កាន់​ដំបង សឹងគ្រប់ដៃ គេមិនឲ្យយើងចូល។ (...) យើងដៃទទេ បើយើងចូល គេនឹងមានលេស ហើយវាយយើង ព្រម​ទាំង​អាច​ចោទយើងថា ប្រើហិង្សាលើពួកគេ ដូចកាលនៅទីលានប្រជាធិបតេយ្យនោះចឹង។»

លោក កង សម្បត្តិ ពលរដ្ឋមកពីក្រុងតាខ្មៅ ខេត្តកណ្តាល បានលើកឡើងថា ខ្មែរចាញ់ប្រៀបវៀតណាម​យ៉ាង​ខ្លាំង ព្រោះតែខ្មែរមកមើលដីខ្មែរ បែរជាវៀតណាមជាអ្នកមានសិទ្ធិ ក្នុងការសម្រេចមិនឲ្យមើលទៅវិញ។ លោក​ថា វៀរតណាម បានប្រើប្រាស់កម្លាំងរបស់ខ្មែរ ដោយឲ្យកាន់ដំបង និងស្ទាក់ខ្មែរ មិនឲ្យចូលទៅមើល។ បើ​យើង​នៅតែរឹងចូល ហើយមានហិង្សា ខាងវៀតណាមជាអ្នកទទួលផល។ លោកវា វៀតណាមឆ្លាតណាស់ គេ​ប្រើ​ប្រាស់​យុទ្ធសាស្រ្តថ្មី ដោយយកខ្មែរទប់ជាមួយខ្មែរ។ លោក សម្បត្តិ បានថ្លែងឡើងទៀតថា៖ «យុទ្ធសាស្រ្តថ្មី គេយកខ្មែរទប់ជាមួយខ្មែរ គេកាន់សុទ្ធតែដំបង ឯយើងគ្មានអ្វីទេ មានតែដងទង់ជាតិធម្មតា(ជ័រ)។ (...) មាន​ការ​សោកស្តាយ ខ្លាំងមែនទែន ដោយមិនបានចូលមើល។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទង អ្នកទទួលខុសត្រូវ កងកម្លាំងអាជ្ញាធរ ដែលបានដឹកនាំ​កម្លាំង នៅទីនោះ តែមិនមានការឆ្លើយតប ទៅនឹងសំនួររបស់ទស្សនាវដ្តីឡើយ។ រីឯក្រុមពលរដ្ឋខ្មែរ ដែលមាន​កាន់ដំបង នៅនឹងដៃ បានគេចវេសពីការចោទសួរ របស់អ្នកសារព័ត៌មាន ដោយពួកគេនៅតែបន្តស្រាក់ដៃគ្នា ហាមឲ្យមានការចូល ទៅដល់ព្រំដែន។ តែមានម្នាក់ ពីក្នុងចំណោមនោះ បានបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំមិនចង់ ឲ្យបងប្អូនយើងចូលទេ បើចូលគេហ្នឹងវៃហើយ»។

លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយ​ពី​បាន​ចុះទៅដល់ និងពិនិត្យលើបង្គោលព្រំដែនលេខ២០៣ ថា បង្គោលព្រមដែននោះ បានបោះ ដោយមិនត្រឹម​ត្រូវ​ឡើយ។ លោកបានថ្លែងបញ្ជាក់ថា បង្គោលនោះ ត្រូវបានបោះឡើងដោយបង្ខំ ដោយចុងកាំភ្លើង បោះឡើង​ដោយឯកតោភាគី នៃប្រទេសវៀតណាម។ ភាពមិនពិតប្រាកដ នៃការបោះបង្គោលនេះ លោក រៀល ខេមរិន្ទ្រ បានបន្ថែមថា លោកនឹងលើកយកផែនទី ដែលទទួលបានពីបារាំង ជាមួយនឹងការចុះមកពិនិត្យជាក់ស្តែងនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងប្រកាសជាផ្លូវការ ក្នុងរឿងទាំងអស់នេះ។ លោកបញ្ជាក់​ឡើងថា៖ «យើងមិនទទួលស្គាល់ បង្គោលព្រំសែននេះជាដាច់ខាត។ (...) យើងបានបោះ ៨៣%រួចហើយ ប៉ុន្តែ
យើងមានផែនទីត្រឹមត្រូវ ហើយយើងពិនិត្យទៅឃើញ មានការឆុសឆ្គង នឹងផែនទីពីមុន (ផែនទីដែល​រដ្ឋាភិបាល​ប្រើប្រាស់ ក្នុងការបោះបង្គោល) នឹងសើរើបានដូចគ្នា។»

តំណាងរាស្រ្តមួយរូបទៀត មកពីគណបក្សសង្គ្រោះជាតិដូចគ្នា លោក នុត រំដួល បានថ្លែងថា បើពិនិត្យតាម​ជីភីអេស ហើយឃើញថា ពិតជាមានការរំលោភទឹកដីខ្មែរមែននោះ គណបក្សលោកនឹងសើររើ ដោយ​មិន​ចាំបាច់ដល់ពេល ដែលគណបក្សមួយនេះ ឡើងកាន់អំណាចឡើយ។ លោកបញ្ជាក់ដូច្នេះថា៖ «(បង្គោល ព្រំដែន) គេបោះបោះរួចហើយ តែបោះលើទឹកដីខ្មែរ នេះជាការពិត។ ចាំមើលគេយក ជីភីអេស ខ្ញុំមិនទាន់​ហ៊ានឆ្លើយទេ។ (...) វៀតណាមមិនអនុញាតិឲ្យប៉ះពាល់ ឬទៅជិតបង្គោល នោះទេ (២០៣)។ (...) រឿង​សោក​ស្តាយៗពេកហើយ ទឹកដីខ្មែរហាមឃាត់ខ្មែរមិនឲ្យចូលមើល។ បើទឹកដី របស់ជាតិសាសដ៏ទៃយើងមិន​ថា​ទេ តែនេះទឹកដីរបស់យើងយ៉ាងពិតប្រាកដ គេរិតត្បិតយើង មិនឲ្យជាន់លើទឹកដីយើង។»។

យ៉ាងណាការ ចុះទៅព្រំដែនកម្ពុជា-វៀតណាម ត្រង់បង្គោលលេខ២០៣នេះ មិនមានការហ៉ះពារ ដោយ​ហិង្សា​ណាមួយនោះទេ។ ពិសេសជាមួយក្រុម ដែលយុវជនទាំងនោះ បានចាត់ទុកថា ជាក្រុមជនបាដដៃទីបី និង​បាន​រៀបចំឡើង ដោយក្រុមអាជ្ញាធរ ឬរដ្ឋាភិបាលនោះ ក៏មិនមានសកម្មភាពអ្វីធំដុំ បង្កជាហិង្សាឡើយ។ បើតាម​របាយការណ៍ខេត្តស្វាយរៀង បានសរសេរថា មានហេតុការណ៍តែមួយប៉ុណ្ណោះ ដែលបានកើតឡើង នោះ​គឺ​ក្រុមយុវជន និងសកម្មជនព្រំដែន មួយចំនួន បានរងការវ័ធ ពីក្របីអ្នកស្រុក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...