មន្ទីរពេទ្យគន្ធបុប្ផា ប្រតិកម្មនឹងលិខិតចំហរ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣១ តុលា ២០១៤
- កែប្រែចុងក្រោយ: November 03, 2014
- ប្រធានបទ: មតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើវាជាប្រតិកម្ម ឬការបកស្រាយ របស់មន្ទីរពេទ្យគន្ធបុប្ផា ទៅនឹងសំបុត្រចំហរមួយ របស់អ្នកស្រី សូរ ច័ន្ទរង្សី ម្ដាយទារកមួយរូប ដែលបានយកកូនឈ្លក់ទឹកដោះ ទៅកាន់មន្ទីរពេទ្យនេះទាំងយប់ ដើម្បីសុំឲ្យមន្ទីរពេទ្យជួយសង្គ្រោះ កូនទើបនឹងកើតរបស់ខ្លួនឬ? ទេ! មិនមែនជាប្រតិកម្ម ហើយក៏មិនមែន ជាការបកស្រាយអ្វីដែរ។ តែប្រធានស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា លោក ប៊េអាត រីចឆ្ន័រ (Beat Richner) បានហៅអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី ទៅជួបដើម្បីធ្វើការ«ព្រមាន» និងបង្គាប់ឲ្យទស្សនាវដ្ដីត្រូវធ្វើការ «សុំទោស» ជាដាច់ខាត។
សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើនេះ។
សម្រាប់លោកវេជ្ជបណ្ឌិត រីឆន័រ លិខិតចំហរនោះ ជាការចុះផ្សាយ នូវព័ត៌មាន«មិនពិត និងបំភ្លើស» ដែលមានបំណងចង់វាយប្រហារ ទៅលើមន្ទីរពេទ្យរបស់លោក។ ជាមួយនឹងកាយវិការ«ទះតុ» ៣-៤ដង និងសម្ដីធ្ងន់ៗម៉ាត់ៗ នៅចំពោះអ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកប្រធានមន្ទីរពេទ្យដ៏ល្បីឈ្មោះ បានជជីកតាមរយៈអ្នកបកប្រែភាសាបារាំង-ខ្មែរ សួររកចម្លើយ ថាតើអត្ថបទលិខិតចំហរនេះ អ្នកណាជាអ្នកសរសេរ? មានបានជួបខាងមន្ទីរពេទ្យឬនៅ មុននឹងចុះផ្សាយ? តើលិខិតចុះផ្សាយនោះ បានមកពីណា? អ្នកណាជាអ្នកសរសេរ? អ្នកសរសេរនោះ មានបានមកផ្ទាល់ទេ? និងសំនួរជាច្រើនទៀត ទាក់ទងនឹងក្បាលម៉ាស៊ីនគ្រប់គ្រង របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដូចជាអ្នកណាជាចាងហ្វាង ជនជាតិអ្វី នៅឯណា ជាដើម។
លោក រីចឆ្ន័រ បានចាត់ទុកថា អ្នកសរសេរអត្ថបទលិខិតចំហរនោះ គ្រាន់តែបានសរសេរឡើង តាមការស្រមើរស្រមៃរបស់ខ្លួន ដែលមិនទាំងបានមកដល់មន្ទីពេទ្យដោយផ្ទាល់នោះផង។ លោកមិនជឿថា មានអ្នកស្រី សូរ ច័ន្ទរង្សី ដែលជាម្ដាយទារក នៅយប់ថ្ងៃទី១០ ខែតុលានោះពិតប្រាកដទេ ឬបើមាន ក៏គ្មានអាណាព្យាបាល ឬឪពុកម្តាយក្មេងណាមួយនឹកឃើញ ឬមានពេលវេលា ដើម្បីសរសេរ«លិខិតចំហរ»ដល់ថ្នាក់នេះឡើយ។ ការលើកឡើងរបស់លោក ទំនងជាមានសំអាងពីអ្នកយាមកាលយប់នោះ បញ្ជាក់ប្រាប់លោកថា មានតែមួយករណីគត់៖ «ជាដូនចាស់ម្នាក់ បីចៅតូចមួយមកប៉ុណ្ណោះ ប៉ុន្តែមិនមែនជាម្ដាយទារក ដែលមានដំណើរទំនងដូចអ្នកស្រី សូរ ច័ន្ទរង្សី ទេ»។
ម្ចាស់លិខិតប្រតិកម្មតបវិញ
ប្រតិកម្មរបស់លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានបង្កឲ្យមានការហួសចិត្ត ពីអ្នកស្រី សូរ ច័ន្ធរង្សី ដែលជាម្ចាស់សំបុត្រចំហរ។ ទាក់ទងធ្វើកិច្ចសម្ភាសផ្ទាល់ ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ អ្នកស្រីបានលើកឡើងថា ក្នុងនាមអ្នកស្រីជាម្ដាយមួយរូប អ្នកស្រីបានរងនូវការវាយប្រហារផ្លូវចិត្តយ៉ាងខ្លាំង ពីកាយវិការរបស់ក្រុមគ្រូពេទ្យមួយចំនួន របស់មន្ទីរពេទ្យគន្ធបុប្ផា នៅយប់ថ្ងៃនោះ។
សម្រាប់ការមិនទទួលស្គាល់ ពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ នូវកំហុស«វិជ្ជាជីវះ» របស់មន្ត្រីក្រោមឱវាទរបស់ខ្លួនខាងលើនេះ អ្នកស្រី សូរ ច័ន្ទរង្សី បានអះអាងទៀតថា អ្នកស្រីនឹងស្វាគមន៍ ចូលខ្លួនមកចង្អុល និងបកអាក្រាត នូវកំហុសមួយចំនួនទៀត ដែលបុគ្គលិកមន្ទីរពេទ្យនេះ បានធ្វើ។ ហើយទាំងនេះ មិនមែនជាការវាយប្រហារបង្កាច់បង្ខូច កិត្តិយសរបស់មន្ទីរពេទ្យគន្ធបុប្ផាទេ តែវាជាការចូលរួមកែលំអរ ទៅលើភាពអសកម្មមួយចំនួន ដែលនៅតែបន្តលងគ្រឹះស្ថានសុខភាព មួយនេះ ដែលមានដំណើរការ ដោយសារតែប្រាក់ជំនួយ របស់សប្បុរសជន។ អ្នកស្រីថ្លែងឲ្យដឹងទៀតថា សព្វបើគ្រាន់តែលិខិតមួយច្បាប់ មិនមែនគ្មានពលរដ្ឋខ្មែរណាម្នាក់ មិនចេះសរសេរ ឬរកពេលសរសេរគ្មាននោះទេ។
ទស្សនាវដ្ដី ត្រូវសុំទោស? សុំទោសពីរឿងអី?
ប្រសិនបើទស្សនាវដ្ដី បានសម្រេចបញ្ជូនបុគ្គលិកអ្នកយកព័ត៌មានរបស់ខ្លួន ឲ្យទៅយកព័ត៌មានដោយផ្ទាល់ ស្របតាមការអញ្ជើញរបស់មន្ទីរពេទ្យនោះ ក៏ដោយសារតែយើងចង់ធ្វើការអង្កេត ពីការលើកឡើងក្នុងលិខិតចំហរនេះឲ្យបានច្បាស់ ដើម្បីយកមកជម្រាបពលរដ្ឋកម្ពុជាទូទៅ ថាតើជាការពិតឬជាការមូលបង្កាច់។ នេះជាការអនុវត្តន៍សិទ្ធិ នៅក្នុងរបបសារព័ត៌មានសេរី និងសិទ្ធិនៃការទទួលព័ត៌មានរបស់ពលរដ្ឋ។ ហើយនៅក្នុងក្របខណ្ឌនៃវិជ្ជាជីវៈ ជាស្ថាប័នសារព័ត៌មាន និងដើម្បីតុល្យភាពនៃព័ត៌មាន យើងតែងតែទុកឱកាស និងបានស្នើសុំ ឲ្យមានការពន្យល់បកស្រាយ ពីសំណាក់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត រីចឆ្ន័រ មិនបានគិតឃើញដូច្នេះឡើយ។ ផ្ទុយទៅវិញ ការនាំអ្នកយកព័ត៌មានរបស់យើង ឲ្យចុះពិនិត្យមើល ពីកន្លែង«ល្អៗ»មួយចំនួន ក្នុងមន្ទីរពេទ្យនោះ ទំនងជាចង់ ឲ្យមានការវាយតម្លៃថា មន្ទីរពេទ្យគន្ធបុប្ផា មិនដូចការនិយាយ នៅក្នុងលិខិតចំហរនោះទេ។ ហើយក្នុងឱកាសនោះ អនុប្រធានមន្ទីរពេទ្យជាជនជាតិបារាំង ក៏បានលើកឡើង តាមរយៈអ្នកបកប្រែរបស់លោក ពីគោលការណ៍របស់មន្ទីរពេទ្យ និងលក្ខខណ្ឌការងារមួយចំនួន ដូចជាមិនអនុញ្ញាត ឲ្យមានការចេញចូល ស្រេចនឹងចិត្ត ការកំណត់ចំនួនទទួលអ្នកជំងឺ និងការកំណត់ពេលវេលា អាយុទទួលអ្នកជំងឺ ឬឲ្យអ្នកជំងឺត្រូវរង់ចាំ ដោយសារជំងឺស្រាល។
ករណីដែលទាក់ទង ទៅនឹងការលើកឡើង ក្នុង«លិខិតចំហរ»របស់អ្នកស្រី សូរ ច័ន្ធរង្សី ក៏ត្រូវបានលោកអនុប្រធានមន្ទីរពេទ្យ ធ្វើការពន្យល់ត្រួសៗដែរ។ លោកថា ឲ្យតែកុមារឈឺទទួលយកទាំងអស់ តែបើគ្រែសម្រាប់ទទួលអ្នកជំងឺកុមារពេញហើយ មិនអនុញាតឲ្យទទួលទេ។ ក្នុងករណីចាំបាច់ គ្រែមួយអាចដាក់អ្នកជំងឺជាកុមារ រហូតទៅដល់ពីរឬបីនាក់ តាមទំហំខ្លួនតូចឬធំ របស់កុមារទាំងនោះ។ ម្យ៉ាងទៀត«ទារក»ដែលទើបនឹងកើត អាយុក្រោមមួយមួយសប្តាហ៍ មិនទទួលយកឡើយ ព្រោះងាយនឹងឆ្លងជំងឺ។ តែក៏មានករណីលើកលែងដែរ បើទារកនោះឈឺធ្ងន់ និងត្រូវការសង្គ្រោះបន្ទាន់។
ទាក់ទងនឹងសំនួរថា មានបានជួបខាងមន្ទីរពេទ្យឬនៅ មុននឹងចុះផ្សាយ?
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងនាមជាស្ថាប័នឯករាជ្យមួយ។ យើងបានព្យាយាមស្វែងរកប្រតិកម្ម ឬការបកស្រាយផ្សេងៗ តែជារឿងមួយដែលពិបាក ដើម្បីបានប្រតិកម្មដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យ។ បើសូម្បីតែអ្នកយកព័ត៌មានយើង ដែលបានទៅជួបផ្ទាល់ ហើយសុំលេខទូរស័ព្ទ ដើម្បីស្វែងរកការស្រាយបំភ្លឺលើកក្រោយទៀត តែលោកប្រធានមន្ទីរពេទ្យ ប៊េអាត រីចឆ្ន័រ មិនបានខ្វាយខ្វល់ពីការស្នើសុំនេះទេ។ ងាកមកអនុប្រធានមន្ទីរពេទ្យ ក៏មិនឲ្យលេខទូរស័ព្ទ អ្នកនាំពាក្យនៃមន្ទីរពេទ្យក៏គ្មាន សុំលេខទូរស័ព្ទរបស់អ្នកបកប្រែក៏មិនបាន មានតែប្រធានរដ្ឋបាលនៃមន្ទីរពេទ្យម្នាក់ប៉ុណ្ណោះ ដែលបានផ្ដល់នូវលេខទូរស័ព្ទ ដោយផ្ទាល់មួយខ្សែររបស់លោក។ ចំណុចពិសេសជាងនេះ ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យរូបនោះ បានបញ្ជាក់ថា លោកមិនអាចនិយាយបានគ្រប់រឿងទេ និងអាចនិយាយបាន តែពេលណាលោកទំនេរ៕