រន្ទះបាញ់កីឡាករបាល់ទាត់មួយរូប ពេលកំពុងប្រកួត នៅប៉េរូ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 10, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពដែលត្រូវបានបង្ហោះតាមបណ្ដាញសង្កម និងបណ្ដាញចែកផ្សាយវីដេអូ យូធូប បានធ្វើឲ្យ«ព្រឺ»ដល់ឆ្អឹងខ្នង ទៅគ្រប់កីឡាករទាំងឡាយដែលប្រកបវិជ្ជាជីវះរបស់ខ្លួន នៅកណ្ដាលវាលដូច្នេះ។ កីឡាករ ចូអៅ កុងត្រេរ៉ាស ដែលរងគ្រោះនឹងរន្ទះបាញ់នេះ នៅរួចរស់មានជីវិត តែស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។
នៅពេលដែលកីឡាករទាំងអស់នៃ ក្រុម Sport Aguila និង Union Fuerza ត្រឡប់ចូលមកបើកការប្រកួត នៅវគ្គពាក់កណ្ដាលម៉ោងទីពីរ ហើយអាជ្ញាកណ្ដាលហៀបនឹងផ្លុំកញ្ចែបើកការប្រកួតទៅហើយ ស្រាប់តែរន្ទះបានបាញ់ផាំង នៅកណ្ដាលទីលាន ចំកីឡាករ ចូអៅ កុងត្រេរ៉ាស អាយុ២១ឆ្នាំ បណ្ដាលឲ្យកីឡាកររូបនេះ ដួលសន្លប់ភ្លាមៗនៅនឹងកន្លែង។
នៅក្នុងវីដេអូខាងក្រោម ដែលត្រូវបានបង្ហោះនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៤នេះ ជាដំបូងយើងឭសូរសម្លេងរន្ទះបានផ្ទុះឡើង បន្ទាប់មកនៅផ្នែកខាងឆ្វេងនៃវីដេអូ យើងឃើញមានផ្សែងបានហុយឡើង ខណៈពេលដែលកីឡាករ ចូអៅ បានដួលដេកនៅលើដី។
កីឡាករទាំងអស់ បានរត់សំដៅរកកន្លែងសុវត្ថិភាព តែកីឡាករមួយចំនួន បានរត់ទៅរក ចូអៅ ដើម្បីជួយសង្គ្រោះ។ កីឡាកររងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យដឹកទៅមន្ទីរពេទ្យជាបន្ទាន់។ នៅយប់ថ្ងៃនោះ ពាក្យចចាមអារាម បានទម្លាយឲ្យដឹងថា កីឡាករបានលាចាកលោកទៅហើយ តែក្រុមគ្រួសារបានចេញមកបដិសេធ។ គេហទំព័រ លីបេរ៉ូ (Libero) បានរាយការណ៍ថា កុងត្រេរ៉ាស នៅមានជីវិតនៅឡើយ តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើជើងទាំងគូរ ជាមួយនឹងស្ថានភាពនឹងនរ មិនចុះខ្សោយ។
ក្នុងពេលជាមួយគ្នានោះ រន្ទះមិនត្រឹមតែបានបាញ់ ចូអៅ កុងត្រេរ៉ាស តែម្នាក់ប៉ុណ្ណោះទេ តែបានធ្វើឲ្យរបួសអាជ្ញាកណ្ដាល នៅស្លាប និងសមាជិកបម្រើការម្នាក់ទៀត ដែលបានស្ថិតនៅក្បែរកីឡាករដែរ។ ប៉ុន្តែអ្នកទាំងពីរ មិនមានសភាពធ្ងន់ធ្ងរដូច ចូអៅ កុងត្រេរ៉ាស ឡើយ។
កាលពីឆ្នាំ២០១១ ករណីដូចគ្នាធ្លាប់បានកើតម្ដងដែរ នៅក្នុងប្រទេសកូឡំប៊ី ដោយធ្វើឲ្យកីឡាករមិនតិចជាង៧នាក់ បានរងគ្រោះនឹងរន្ទះ នៅកណ្ដាលការប្រកួត៕