ទិវា​១០​ធ្នូ៖ «សិទ្ធិ»​តែ​មួយ «ក្រុង»​តែ​មួយ តែ​ច្រើន​«ក្រុម»

ខួបឆ្នាំទី៦៦ នៃទិវាសិទ្ធិមនុស្ស នៅកម្ពុជា ឆ្នាំ២០១៤ ត្រូវបានក្រុមអ្នកស្រលាញ់«សិទ្ធិ»ដូចគ្នា ប្រារព្វឡើង ក្នុង​ពេល​វេលា​តែ​មួយ តំបន់​តែ​មួយ ទីតាំងខុសគ្នា ហើយ«អត្ថន័យ»ក៏ខុសគ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 10, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រារព្វទិបាសិត្ធិមនុស្ស ១០ ធ្នូ នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ មាន​ការ​ខុស​ប្លែក និង​មាន​​លក្ខណៈ​ធំ​ជាង​ពេល​​មុនៗ​។ ភាព​ខុស​ប្លែក​គ្នា​នោះ​នៅ​ត្រង់​ថា និយាយ​ពី​«សិទ្ធិ»​តែ​មួយ តែ​និយមន័យ​លើក​ឡើង​ខុស​គ្នា ទៅ​តាម​ក្រុម​ដែល​ប្រារព្ធ​ទិវា​នេះ។ តួ​យ៉ាង​ដូច​ជា​ក្រុម អង្គការ​សង្គម​ស៊ីវិល ក្រុម​ប្រជា​ពលរដ្ឋ​និង​ព្រះ​សង្ឃ ក្រុម​សហជីព ក្រុម​មន្រ្តី​រាជការ​និង​រដ្ឋាភិបាល និង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ (ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ក្រុម​ប្រឆាំង) ជា​ដើម។

បញ្ហាសិទ្ធិមនុស្ស​ត្រូវ​បាន​លើក​ឡើង ជា​«វិជ្ជមាន» និង​«អវិជ្ជមាន»ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង នា​ពេល​បច្ចុប្បន្ន នៃ​ក្រុម​អ្នក​ដែល​ប្រារព្ធ​ជា​មួយ​នឹង «ប្រធាន​បទ» ខុសៗ​គ្នា ក្នុង​បរិបទ​ទិវា​សិទ្ធិ​មនុស្ស​​​ជា​សកល ១០ ធ្នូ តែ​មួយ​នេះ។

«ការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ក្រីក្រ» នេះជាប្រធានបទដែល​បាន​ដាក់ចេញដោយសាលារាជធានីភ្នំពេញ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។ ទិវា ១០ធ្នូ នេះ សាលា​រាជធានី​បានរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ម៉ាស៊ីនត្រជាក់ ពេលមួយថ្ងៃ ដោយ​មាន​ការប្រគំតន្រ្តី ច្រៀងសប្បាយ ជាមួយនឹងការរៀបចំឲ្យមានស្តង់ពិព័រណ៍ លក់ផលិតផលរបស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និងសមិទ្ធផលនានារបស់បណ្តាអង្គការ​សង្គមស៊ីវិលមួយចំនួនទៀត។

«សិទ្ធិប្រជាពលរដ្ឋ និងនិទណ្ឌភាពនៅកម្ពុជា» ជាប្រធានបទមួយដែលដាក់ចេញ​ដោយគណបក្ស​សង្គ្រោះ​ជាតិ។ គណបក្សនេះក៏បានយកទីតាំង សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្បែរវត្តភ្នំ ជាប់មាត់​ទន្លេ និងក្បែរភោជនីយដ្ឋានទន្លេសាប ដើម្បីប្រារព្ធទិវាអន្តរជាតិសិទ្ធិមនុស្ស ១០ធ្នូនេះ។ លោក សម រង្ស៊ី និង លោក កឹម សុខា ក៏មានវត្តមាន ក្នុងការបកស្រាយពីបញ្ហា និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងកើត​មាន​មិន​ឈប់ឈរ។ លោកបានចាត់ទុកថា ភាពធ្លាក់ចុះនៃសិទ្ធិមនុស្សនៅកម្ពុជានេះ ប្រជាពលរដ្ឋស្លូតត្រង់ គឺ​ជា​ជនរងគ្រោះទីមួយ។ គណបក្សនេះ ក៏មានការប្រគំតន្ត្រីនារសៀលថ្ងៃដដែលនេះដែរ ដោយ​ចម្រៀង​ភាគ​ច្រើន​បកស្រាយពីបញ្ហាការរំលោភសិទ្ធិ និងទុក្ខវេនារបស់ប្រជាពលរដ្ឋ។

«មានតុលាការឯករាជ្យ មានការគោរពសិទ្ធិមនុស្ស» ជាប្រធានបទដែលលើកឡើងដោយ អង្គការសង្គម​ស៊ីវិល។ ក្នុងរយៈពេលពេញមួយថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ អង្គការសង្គមស៊ីវិល បានយកទីតាំង​ទីលានប្រជាធិបតេយ្យជាកន្លែងប្រារព្ធពិធី។ សម្ព័ន្ធអង្គការសង្គមស៊ីវិលជាង៥០ ដែលដឹកនាំដោយប្រធាន សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ ក្នុងគោលបំណងលើកស្ទួយការគោរពរសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ កម្មវិធីត្រូវបានបន្តដោយការសម្តែងមតិ របស់​តំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ប្រជាពលរដ្ឋ រងគ្រោះជម្លោះដីធ្លី ពិសេសតំណាងជនជាតិ​ភាគតិច។

«ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យ» នេះជាប្រធានបទ ដែលលើកឡើងដោយក្រុមសហជីព។ ក្រុម​នេះបានធ្វើការជួបជុំគ្នា នៅមុខវិមានរដ្ឋសភា ដែលដឹកនាំដោយលោក អាត់ ធន់។ គោលបំណង​នៃការ​ជួបជុំ ដើម្បីបង្ហាញពីទុក្ខលំបាក និងស្ថានការងាររបស់ពួកគេជាដើម។ អបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ នេះ ក្រុម​សហជីពមានគ្នាប្រមាណជជាងបីពាន់នាក់ មិនធ្វើការដង្ហែក្បួនឡើយ។

«ការគោរពសិទ្ធិមនុស្ស នាំមកនូវសន្តិភាព» នេះជាប្រធានបទរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃមកពីតាម​បណ្តា​ខេត្តនានា មកកាន់ទីក្រុងភ្នំពេញតាមរយៈធម្មយាត្រា និងសិទ្ធិយាត្រាក្នុងរយៈពេល​ប្រាំថ្ងៃកន្លងមក​នេះ។ ពួកគាត់បានចាត់ទុកថា ការគោរពសិទ្ធិមនុស្ស នាំមកនូវសន្តិភាព ហើយសន្តិភាពក៏នឹងនាំមកនូវ «សេចក្ដី​សុខប្រាំបួនយ៉ាង» មកដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

» សូមអានអត្ថបទទាក់ទង ដោយចុចនៅលើទីនេះ

យ៉ាងណាក៏ដោយសម្រាប់អង្គការអន្តរជាតិក្រៅរដ្ឋាភិបាល ក៏គេសង្កេតឃើញថា បានចូលរួមអបអរសាទរ ទិវា​សិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ដែរ។ «សិទ្ធិមនុស្សត្រូវមានគ្រប់កន្លែង និងគ្រប់ពេលវេលា» នេះជាប្រធាន​បទដែល​ដាក់ចេញ ដោយប្រមុខការទូតសហភាពអឺរ៉ុប លោកស្រី ហ្វេដេរីកា ម៉ូកហេរីនី (Federica Mogherini)។ តាមរយៈសេចក្តីថ្លែងការណ៍របស់លោកស្រី លោកស្រីបានចាត់ទុកថា សិទ្ធិមនុស្សអន្តរជាតិ ជាសិទ្ធិ ៣៦៥ (Human Rights 365) ក្នុងការឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់មនុស្សទាំងអស់ ក្នុងការទទួល​បានសិទ្ធិមនុស្សពេញលេញ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៦៦ នៅកម្ពុជានេះ ដោយមានការឈូរឆររបស់ប្រជាពលរដ្ឋ ព្រះសង្ឃ គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិនោះ គេសង្កេតឃើញមាន​ឧទ្ធម្ភាកចក្រ យ៉ាងហោចណាស់មួយគ្រឿង ហោះខ្វែលចុះឡើងក្នុងរាជធានីភ្នំពេញ ជាញយដងផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...