ខឹម វាសនា៖ នាយក RFI គ្មានសមត្ថភាពយល់រឿងអ្នកនយោបាយ-ព្រះ
- ដោយ: ដារី ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 14, 2017
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្រៅមេឃ មានមេឃ។ ហើយអ្វី ដែលជាការលើកឡើង របស់លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ ផ្សាយជាភាសាខ្មែរ ពី«អ្នកនយោបាយ-ព្រះ»នោះ គឺជាការ«មិនយល់» ហើយលោកនាយកវិទ្យុរូបនេះ គ្មាន«សមត្ថភាព»អាចយល់បានទេ។ នេះបើតាមការវិនិច្ឆ័យ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) តបទៅនឹងការលើកឡើងខាងលើ របស់នាយកវិទ្យុបារាំង។
ដើម្បីយល់រឿងនេះបាន គេត្រូវត្រឡប់ទៅអាន ការបង្ហោះនៅលើបណ្ដាញសង្គម របស់លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ កាលពីថ្ងៃទី១២ ខែកុម្ភៈនេះមកវិញ។ នៅពេលនោះ លោកនាយកវិទ្យុបានសរសេរថា៖ «ឥរិយាបទនយោបាយ ដែលចង់បង្ហាញ តែគុណសម្បត្តិរបស់ខ្លួន គឺជាគុណវិបត្តិមួយធ្ងន់ធ្ងរ»។
បន្ទាប់មក ដើម្បីពន្យល់ទៅនឹងការលើកឡើងខាងលើ លោក តាន់ បានសរសេរបន្ថែម ជាភាសាអង់គ្លេសលាយខ្មែរ នៅក្នុងផ្នែកដាក់យោបល់ថា៖ «ខ្ញំមិនដែលជឿ មិនដែលស្រឡាញ់ និងមិនដែលចង់ដើរតាម អ្នកនយោបាយ-ព្រះ ឬអ្នកនយោបាយ-ទេវតា នោះទេ»។
ប៉ុន្តែការសរសេរនោះ មិនបានហួសរំលង ពីនេត្រាទាំងគូ របស់លោក ខឹម វាសនា នោះឡើយ។ លោកប្រធាន«បក្សជួង» បានយក «ShootScreen» នៃការលើកឡើង របស់លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ មកបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោក ហើយបានសរសេរ បង្ហាញពីការវិនិច្ឆ័យរបស់លោកថា៖ «គាត់បែងចែក មិនបានស្អីជាស្អីទេ អនុគ្រោះឲ្យគាត់ទៅ គាត់មិនមានសមត្ថភាពយល់បានទេ»។
សំនួរសួរថា តើការលើកឡើង របស់លោកនាយកវិទ្យុបារាំង-អន្តរជាតិ បានរំខានទៅដល់លោក ខឹម វាសនា និងចលនានយោបាយ របស់លោកដូចម្ដេចខ្លះ? តើនរណា ជា«អ្នកនយោបាយ-ព្រះ»?
សម្រាប់ក្រុមអ្នករិះគន់ លោក ខឹម វាសនា វិញ បានចំអកឲ្យប្រមុខ«បក្សជួង»រូបនេះថា កំពុងតាំងខ្លួន ជាព្រះដែលបានត្រាស់ដឹង សព្វគ្រប់បែបយ៉ាង និងមានសមត្ថភាព លើសអស់មនុស្សផងទាំងពួង។ ការចំអកនោះ ត្រូវបានក្រុមអ្នករិះគន់ លើកឡើងជាញយដង ដោយមានអម នឹងរូបភាពកាត់តមួយចំនួន ដូចខាងក្រោម (មានជាអាទិ៍)៖