ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង​«រត់»‌​ទៅ‌​បរទេស

ក្រៅពីប្ដឹងទារកន្លះលានដុល្លារ ទៅកាន់តុលាការរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​​ដឹង​​ថា លោក​​នៅ​​បាន​​បញ្ជា ឲ្យ​កង​កម្លាំង​នគរបាល តាមឃ្លាំមើល​​មនុស្ស ដែលត្រូវលោក​ប្ដឹង​នោះ​ទៀត។ អ្នករងបណ្ដឹង​លោក ហ៊ុន សែន រូបនោះ ត្រូវបានគេស្គាល់ថា គឺលោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​​នយោបាយ​​មួយ​​រូប។
ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង​«រត់»‌​ទៅ‌​បរទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កុំអាងក្បាលមេក្រូ កុំអាងវិទ្យុ រួចវិភាគវាយប្រហារគេ។ អត់ទេ! ៗ! ពង្រឹកនិតិរដ្ឋ !» ពាក្យប៉ុន្មានម៉ាត់នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងឡើងជាសាធារណៈ នៅព្រឹកថ្ងៃចន្ទនេះ ស្របពេល​នឹង​ពាក្យ​​បណ្ដឹង​​មួយ ត្រូវ​បាន​មេធាវី​របស់​លោក ដាក់ទៅកាន់​តុលាការសាលាដំបូងរាជធានី ប្ដឹងអ្នកវិភាគមួយរូប ដែលគេ​ស្គាល់​ថា គឺ​លោក គឹម សុខ។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ស្ពានបេតុងមិត្តភាព កម្ពុជា-ចិន កោះធំ ជាមួយនឹង‌​ពលរដ្ឋ‌​រាប់‌​រយ‌​នាក់ នាយក‌​រដ្ឋ​មន្ត្រី​​បី​ទសវត្សន៍​ជាង របស់កម្ពុជា បានថ្លែង​ឡើង​ថា៖ «ថ្ងៃនេះ លេងមួយទៀត។ ប្រហែល​ពេល​នេះ មេធាវី​ទៅ​ដល់​​តុលាការ​​​ហើយ។ ស្អីអ្នកឯង​បញ្ចេញ​​មតិ ហ្អែស? មកចោទ​ប្រកាន់​គណបក្ស​ប្រជាជន [ថា​ជា​អ្នក] សម្លាប់​មនុស្ស។ អត់​​ទេ! ទារ​កន្លះ​លាន​ដុល្លារ។ ហើយបើអ្នក​ឯងមិនចង់ ឲ្យរឹប​អូស​ទ្រព្យ ដើម្បីលក់​​ឡៃឡុង​​ទេ អ្នក​ឯង​យក​​លុយ​​​​មក​​​សង​​​មក។»។

ប៉ុន្តែទន្ទឹមនឹង​ការដាក់​ពាក្យ​បណ្ដឹង​នេះ លោក ហ៊ុន សែន ក៏ថែមទាំងបានបញ្ជា ទៅកងកម្លាំងនគរបាល ឲ្យ​ធ្វើការ​ឃ្លាំមើល​អ្នកវិភាគ​រូប​នេះដែរ ព្រោះខ្លាចលោក គឹម សុខ រត់គេចខ្លួន​ទៅ​បរទេស។ បញ្ជារបស់​នាយក​​រដ្ឋ​​មន្ត្រី​​កម្ពុជា ឲ្យ​តាមដាន​លោក គឹម សុខ ដូច្នេះ ខណៈ​អ្នកវិភាគរូបនេះ នៅមិនទាន់ត្រូវបាន​​តុលាការ​​រក​ឃើញ ថា​​មាន​​ទោស​​នៅ​ឡើយ។

បុរសខ្លាំង បានព្រមានលោក គឹម សុខ ដូច្នេះថា៖ «ហើយនគរបាលតាមឲ្យជាប់ ក្រែង​លោ​វា​រត់។ (...) អ្នក​នេះ ខ្ញុំបញ្ជានគរបាល​ឲ្យ​តាម ពីម្សិលហើយ។ កុំរត់ណា ព្រោះខ្លួនឯងថាជើងខ្លាំង។ ទៅ ជាប់គុក​ត្រឹម​​ពីរ​​ឆ្នាំ​អី​​តើ ហើយ​អស់​លុយប៉ុន្មាន កុំថាអត់លុយ​​សង​វ៉ើយ។»។

រឿងរ៉ាវ​ដែល​ធ្វើឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បានកើតទុក្ខ​មិនសុខចិត្ត រហូត​​ដាក់​​​​ពាក្យ​​បណ្ដឹងដូច្នេះ ដោយហេតុការធ្វើអត្ថាធិប្បាយមួយ របស់លោក គឹម សុខ តាមរយៈ​កម្មវិធី​មួយ របស់​​វិទ្យុ​​អាស៊ី​​សេរី បានលើកឡើងថា គណបក្ស​​​ប្រជាជន​កម្ពុជា ទំនងជាអ្នកនៅពីក្រោយឃាតកម្ម សម្លាប់​​លោក កែម ឡី ដែល​​បាន​​កើត​​ឡើង យ៉ាងសាហាវ នៅកណ្ដាល​រាជធានី ភ្នំពេញ កាលពីខែកក្កដាកន្លងទៅ។

នៅចំពោះពាក្យបណ្ដឹងនេះ លោក គឹម សុខ ទើបនឹងបានសរសេរ នៅមុននេះបន្តិច នៅលើ​បណ្ដាញ​សង្គម​ថា៖ «អ្វី​ដែល​ខ្ញុំធ្វើ គឺដើម្បី​ចូល​រួម​បំភ្លឺចម្ងល់ប្រជារាស្ត្រ អំពីស្ថានការណ៍នយោបាយ និង​ស្ថានភាព​អយុត្តិធម៌​​សង្គម​កម្ពុជា​​បច្ចុប្បន្ន និងជាពិសេស លើក​ទឹកចិត្ត​ពួក​គាត់ ឲ្យចូលរួមតស៊ូមតិ​បែបប្រជាធិបតេយ្យ។ ខ្ញុំ​នឹង​​ទទួល​​ខុស​ត្រូវ នូវ​អ្វី​ដែល​ខ្ញុំ​បាននិយាយ ប្រសិនបើការ​អត្ថាធិប្បាយរបស់ខ្ញុំ ពិត​ជា​មាន​ចំណុច​ជាប់ទោស តាមច្បាប់​​យុត្តិធម៌​​មិន​​បំភ្លៃ​​មែន។»។

អ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះ បានបន្តសរសេរ ស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន វិញ ឲ្យ​​ចេះ​​​ទទួល​​ខុស​​ត្រូវ ក្នុង​ការ​ជម្រះមន្ទិលសង្ស័យ ទាក់ទងនឹងឃាតកម្ម លើលោក កែម ឡី។ លោក​សរសេរ​ថា៖ «ខ្ញុំ​ស្នើ​រដ្ឋាភិបាល មេត្តា​ចេះ​ទទួល​ខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ច​​និង​​កាតព្វកិច្ច​​របស់​ខ្លួន​ចំពោះរាស្ត្រ គឺ​ការ​​ជម្រះ​​មន្ទិល​​សង្ស័យ​ថា អ្នកណា​ជា​ឃាតករ​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​ចាប់ផ្តើម​ ពីការបង្ហាញ​អង្គ​ចង​ចាំ។ បើ​បាន​ប៉ុណ្ណឹង ខ្ញុំ​អស់​ចិត្ត​​ហើយ ទោះត្រូវមាន​​ទោស​ប៉ុណ្ណា [ក៏​ដោយ]។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...