កឹម សុខា បន្តដឹកនាំ CNRP ទម្រាំមានប្រធានថ្មី
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មួយថ្ងៃក្រោយការសុំលាលែង ពីប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី គណបក្សប្រឆាំងធំជាងគេមួយនេះ បានធ្វើការកោះប្រជុំ គណកម្មាធិការនាយក របស់គណបក្ស នៅរសៀលថ្ងៃអាទិត្យនេះ និងបានសម្រេចឲ្យលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្ស នៅបន្តដឹកនាំគណបក្ស ក្នុងតំណែង ជា«ប្រធានស្តីទី» រហូតដល់មានការជ្រើសរើស ប្រធានគណបក្សថ្មី។
កិច្ចប្រជុំនោះ ក៏បានទទួលយកពាក្យសុំលាលែង ពីតំណែងជាប្រធានគណបក្ស របស់លោក សម រង្ស៊ី នោះដែរ។ ការសម្រេចចិត្ត របស់គណៈកម្មាធិការនាយកខាងលើនេះ បានធ្វើឡើង ដោយអនុលោមតាមលក្ខន្តិកៈ របស់គណបក្សសង្គ្រោះជាតិ នៅត្រង់ជំពូកទី៣ ប្រការ១៦ និងជំពូកទី៥ ផ្នែកទី៦ ប្រការ៤៧។
គួររំលឹកដែរថា គណបក្សសង្គ្រោះជាតិ បានកើតឡើង ពីការច្របាច់បញ្ចូលគ្នា រវាងគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា បន្ទាប់ពីថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ បានជួបប្រជុំគ្នា កាលពីឆ្នាំ២០១២ នៅក្នុងប្រទេសហ្វីលីពីន។ មេដឹកនាំរបស់គណបក្សទាំងពីរ ដែលបានក្លាយមកជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានចាប់ដៃគ្នាថតរូប និងតែងនិយាយប្រកាសជារឿយថា ខ្លួនលោកទាំងពីរ គឺជាដៃគូស្លាប់រស់ ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមានមួយ នៅកម្ពុជា៕
» ខាងក្រោមនេះ ជាលិខិតផ្លូវការចំនួនពីរច្បាប់ ចេញពីកិច្ចប្រជុំគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ៖