«បក្ស​ចាញ់​ឆ្នោត​ប្រគល់​អំណាច​ឲ្យ​បក្ស​ឈ្នះ នោះ​គ្មាន​សង្គ្រាម​ទេ»

បទចម្រៀង ដែលនាយករដ្ឋមន្ត្រីកម្ពុជា ទន្ទេញចាំមាត់ ហើយបានច្រៀង សឹងតែនៅគ្រប់​ទី​កន្លែង ទាំង​វេទិការ​សាធារណៈ​ ទាំង​នៅ​លើ​បណ្ដាញ​សង្គម​នោះ គឺ​«កម្ពុជា​នឹង​មាន​សង្គ្រាម បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត»។ រីឯ​ខាង​គណបក្ស​ប្រឆាំង​វិញ ក៏​មាន​ចម្រៀង​ច្រៀង​តប​វិញ ដដែលៗ​ដូច​គ្នា​ដែរ​ថា នឹង​មិន​មានសង្គ្រាម​ឡើយ ទោះ​ជា​គណៈបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ក៏ដោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 24, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចម្រៀង«ឌឺដងចងជាជម្លោះ» របស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា នៅតែ​បន្តច្រៀងឆ្លើយឆ្លងគ្នា​ទៅវិញទៅមក មិនដាច់សូរ។ គណបក្សកាន់អំណាច តាមរយៈនាយកដ្ឋមន្ត្រី៣​ទសវត្សន៍ លោក ហ៊ុន សែន បានលើកឡើងថា បើគណបក្សប្រឆាំងឈ្នះឆ្នោត នៅអាណត្តិក្រោយ នោះប្រទេសកម្ពុជា នឹងធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មីទៀត។ តែគណបក្សប្រឆាំងវិញ តាមរយៈមេដឹកនាំរបស់ខ្លួន បានឆ្លើយបដិសេធ​ថា បើគណបក្សបានឈ្នះឆ្នោត នឹងគ្មានសង្គ្រាមអ្វីឡើយ ដោយសារតែខ្លួន មិនមានគោលការណ៍ យកខ្មែរ​ណា​ធ្វើជាសត្រូវ។

នៅលើទំព័រហ្វេសប៊ូកផ្លូវការ របស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសេរថា៖ «ទិសដៅ​នយោបាយ​បក្សប្រឆាំង គឺនាំអន្តរាយដល់ប្រទេសជាតិ»។ លោកបានសរសេរបន្ត ពន្យល់បណ្ដាអ្នកគាំទ្រលោក នៅ​លើ​បណ្ដាញ​សង្គមថា គណបក្សប្រឆាំងច្រើនឃោសនា ភ្ជាប់នូវផ្នត់គំនិត បែប«ចងគំនុំ» និងការ«ចង់ផ្តួល​រំលំ (រដ្ឋាភិបាល)» ដែលធ្វើឲ្យបាក់បែក ដល់ការបង្រួបបង្រួមជាតិ សន្តិភាព។ ចុងក្រោយ អាចឈានទៅរក​សង្រ្គាម ដែលផ្តើមចេញ ដោយបក្សប្រឆាំងមួយនេះ។

លោក ហ៊ុន សែន បានថ្លែងទៀតថា៖ «ការផ្លាស់ប្តូរ ដែលអាចឈានទៅរកសង្រ្គាម និងការបែកបាក់។ (...) ការ​ឃោសនា របស់បក្សប្រឆាំងសព្វថ្ងៃ គឺគ្មានអ្វីខុសពីការឃោសនា របស់ខ្មែរក្រហមឡើយ។ មុននឹងបានកាន់​កាប់​អំណាច គឺខ្មែរក្រហមបានឃោសនាថា នឹងកាត់ទោសមន្រ្តីរាជការ របស់អតីតរដ្ឋាភិបាលពីមុន ចំនួន​៧នាក់ ដោយ​ចោទថាពួកគេក្បត់ជាតិ។ តែក្រោយពីគេក្តាប់អំណាច ពេញដៃហើយ គឺខ្មែរក្រហម បានចោទប្រកាន់​ពលរដ្ឋ​ខ្លួនឯង សុទ្ឋតែជាខ្មាំង និងជនក្បត់ជាតិទាំងអស់ ដែលខ្មែរក្រហមបានសម្លាប់ចោល អស់៣លាន​នាក់។»

នៅចំពោះចម្រៀងខាងលើនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានច្រៀងតបវិញថា នៅ​ពេលគណបក្សសង្គ្រោះជាតិ​ឈ្នះ​ឆ្នោត «ពិតជាគ្មានសង្រ្គាម កើតឡើងឡើយ»។ លោកបានធ្វើការពន្យល់ នៅ​លើទំព័រហ្វេសប៊ុករបស់លោក​ថា៖ «សង្គ្រាមជាទូទៅ អាចកើតមាន ដោយសារការយកគ្នាជាសត្រូវ។ ដូច្នេះ គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត ដឹកនាំ​ប្រទេស កម្ពុជាគ្មានសង្គ្រាមទេ។ ព្រោះគោលនយោបាយ របស់​គណបក្ស​សង្គ្រោះជាតិ មិនយកខ្មែរណា​ធ្វើ​ជា​សត្រូវ។ (...) ភាពអយុត្តិធម៌ នាំមកនូវការនូវការឈឺចាប់ នាំមកនូវ​អស្ថិរភាព​សង្គម ដែលជាដើមចម នាំ​មក​នូវអំណាចផ្តាច់ការ។ ដូច្នេះគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹង​កែ​ទម្រង់​ប្រព័ន្ធតុលាការឲ្យឯករាជ្យ ដើម្បី​នាំ​មកនូវនីតិរដ្ឋ យុត្តិធម៌សង្គម ស្ថិរភាព និងសន្តិភាព គឺកម្ពុជា​គ្មាន​សង្គ្រាម​ផ្ទៃ​ក្នុងឡើយ។»

អាចមានត្រឹមតែជម្លោះផ្ទៃក្នុង...

តាមយោបល់ របស់សាស្ត្រាចារ្យច្បាប់ ចូលនិវត្តម្នាក់ បានលើកឡើងថា បើគណបក្សកាន់អំណាច ចាញ់​ឆ្នោត​ហើយ ព្រមប្រគល់អំណាច ទៅ​ឲ្យគណបក្សឈ្នះឆ្នោតនោះ ទោះគណបក្សណាឈ្នះ ឬចាញ់ឆ្នោត​ក៏​ដោយ សង្គ្រាម​មិនអាចកើតឡើងបានឡើយ។ អតីតសាស្រ្តាចារ្យសាលាច្បាប់ ក្នុងរាជធានីភ្នំពេញ បានថ្លែងដោយសុំ​មិន​បញ្ចេញ​ឈ្មោះថា បើបក្សកាន់អំណាច ចាញ់ឆ្នោតហើយ មិនព្រមប្រគល់អំណាច ឲ្យបក្សឈ្នះឆ្នោត ព្រោះ​អាង​កម្លាំង​ទ័ពទាំងអស់ ស្ថិតក្នុងកណ្តាប់ដៃរបស់ខ្លួននោះ ក៏«សង្គ្រាមនៅតែ មិនអាចកើតមានបានដែរ គ្រាន់​តែ​«ជម្លោះ​​ផ្ទៃ​ក្នុងកម្ពុជា អាចកើតមាន»ប៉ុណ្ណោះ។

សាស្រ្តាចារ្យរូបនេះ បានរំលឹក​ករណីរបស់​គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ចាញ់ឆ្នោតគណបក្សរាជានិយម​​ហ្វ៊ុនស៊ីនប៉ិច មកពន្យល់ថា គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់មានអំណាច មិនព្រមប្រគល់អំណាច​ឲ្យ​គណបក្ស​ឈ្នះឆ្នោត រហូតមានការបែកចែកអំណាច បង្កើតជារដ្ឋាភិបាល​មួយ មានក្បាលដល់ទៅពីរ។ កាល​នោះ​គណបក្ស​ហ្វុនស៊ីនប៉ិច មានកម្លាំងទ័ព ហើយគណបក្ស​ប្រជាជន​កម្ពុជា ក៏មានកម្លាំងទ័ពដែរ។ លោកថា ដូច្នេះបើគណបក្សទាំងពីរប្រឆាំងគ្នា ទើបអាចកើតជា​សង្គ្រាម​បាន។ លោក​បន្តទៀតថា ចុះឥឡូវ កម្លាំងទ័ព​ទាំង​អស់​ស្ថិត​ក្នុងកណ្តាប់ដៃ និងក្រោមការបញ្ជា របស់គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ ឯគណបក្សសង្គ្រោះជាតិ មាន​តែ​កម្លាំង​ពលរដ្ឋ ដែលគាំទ្រតែប៉ុណ្ណោះនោះ តើពិត​ជា​មាន​សង្គ្រាម ដូច​ការ​អះអាង​របស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែរឬទេ?

លោកអតីតសាស្រ្តាចារ្យបានចោទ ជាសំនួមួយចំនួនថា អ្វីជាសង្គ្រាម? តើសង្គ្រាមកើតឡើង ដោយសារអ្វី? ការ​ប្រើ​ប្រាស់​ដៃ ឬដំបងនៃភាគីនីមួយៗ អាចចាត់ទុកជាសង្គ្រាមឬទេ? បើភាគីម្ខាង មានអាវុធយុទ្ធភ័ណ្ឌ ហើយ​ភាគី​ម្ខាងទៀតដៃទទេ តើអាចបង្កើតបានជាសង្គ្រាមឬទេ? តើវាជាសង្គ្រាមអ្វីទៅវិញ? គេពិបាកនឹងធ្វើការឆ្លើយ​តប ទៅ​នឹង​សំនួរ របស់អតីតសាស្ត្រាចារ្យខាងលើនេះណាស់ ព្រោះលោក ហ៊ុន សែន ខ្លួនលោកកន្លងមក ធ្លាប់​ព្រមាន​​ប្រើ​កាំជ្រួចហ្វូង (BM-21) បាញ់កំទេច សូម្បីតែសកម្មជនការពារបរិស្ថាន នៅក្នុងតំបន់អារ៉ែង ខេត្ត​កោះកុង រួច​មក​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...