ការបោះឆ្នោតឡើងវិញ៖ «តែមួយពព្រិចភ្នែក វាទៅរួចទាំងអស់!»
បើទោះជារបៀបវារៈនៃការបោះឆ្នោតឡើងវិញ មិនត្រូវបានគណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ លើកយកមកជជែកគ្នាក៏ដោយ ក៏ការបោះឆ្នោតឡើងវិញ ត្រូវបានគេមើលឃើញថា អាចនឹងកើតឡើង តាមរយៈការសម្រេចចិត្តតែមួយពព្រិចភ្នែក របស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ក្រោយការកែទម្រង់ការបោះឆ្នោតត្រូវបានបញ្ចប់។
ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងប្រាប់អ្នកការសែតនៅថ្ងៃទី១៧ មីនា នៅវិមានព្រឹទ្ធសភាថា ការបោះឆ្នោតឡើងវិញមិនមានទេ បើមានក៏ត្រូវចាំដល់ឆ្នាំ២០១៨ដែរ ព្រោះឥឡូវនេះ ជិតកន្លះឆ្នាំទៅហើយដែលរដ្ឋសភាបានធ្វើការ ហើយមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ដែរថា ការបោះឆ្នោតឡើងវិញ គឺមិនអាចកើតឡើងបានទេ ដរាបណារដ្ឋាភិបាលមិនត្រូវបានគេទម្លាក់ពីរដង ក្នុងរយៈពេល១២ ខែ។
តែលោក ប៊ិន ឈិន បានព្រលយឲ្យអ្នកការសែតដឹងថា៖ «បើថ្នាក់ដឹកនាំលោកត្រូវគ្នា តែមួយពព្រិចភ្នែកទេ ហើយយើងក៏នៅតែសង្ឃឹមដែរ ព្រោះឯកឧត្តម សុន ឆ័យ លើកឡើងថាទាមទារអ៊ីចេះ ទាមទារអ៊ីចោះ ទីចុងបំផុតទៅ តែមួយប្រិចទៅ វាទៅរួចទាំងអស់ ហើយចាំដល់ពេលហ្នឹង ចាំសួរខ្ញុំទៀត ថាហេតុមិចបានទៅញ្ចឹង»។
លោក សុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ ក៏បានឲ្យអ្នកការសែតដឹង ក្នុងឱកាសដដែលនោះថា៖ «អ្វីដែលឯកឧត្តម ប៊ិន ឈិន លើកឡើងមាន២ចំណុច គឺទី១. បើយោងលើច្បាប់គឺការបោះឆ្នោតឡើងវិញមិនអាចធ្វើបាន ហើយទី២. បើមានការយល់ព្រមផ្នែកនយោបាយពីថ្នាក់ដឹកនាំកំពូល អាហ្នឹងអាចធ្វើបាន»។
ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សសង្រ្គោះជាតិដដែលនេះ បន្ថែមថា បើមានការព្រមព្រៀងផ្នែកនយោបាយ ផ្នែកច្បាប់ក៏អាចនឹងកែប្រែទៅតាមនឹងដែរ ហើយប្រទេសណាក៏គេត្រូវឆ្លងកាត់ករណីដូចគ្នានឹងដែរ។ លោក សុន ឆ័យ បញ្ជាក់ថា៖ «គណបក្សសង្រ្គោះជាតិត្រូវចូលសភាឬយ៉ាងណានោះ គឺត្រូវចាប់ផ្តើមពីការកែទម្រង់ការបោះឆ្នោត ដោយរាប់ទាំងការដាក់ស្ថាប័នបោះឆ្នោតទៅជាស្ថាប័នធម្មនុញ្ញជាដើម»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កន្លងមកបានអះអាងថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា គឺជាផ្នែកមួយសំខាន់ឈានទៅទម្លាយភាពជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោត ហើយការចរចាលើកការកែទម្រង់ការបោះឆ្នោតនេះ នឹងនាំឲ្យមានការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ។
រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា មិនបានបង្ហាញការឯកភាពឲ្យមានការបោះឆ្នោះឡើងវិញនៅឡើយទេ ដោយអះអាងថាការទាមទារបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ គឺជាទង្វើខុសច្បាប់។ តែអ្នកអ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានលើកឡើងថា មធ្យោបាយល្អបំផុតសម្រាប់ទម្លាយភាពជាប់គាំងនយោបាយកម្ពុជា គឺមានតែគណបក្សសង្រ្គោះជាតិត្រូវចូលប្រជុំសភា ហើយគណបក្សប្រជាជនកម្ពុជាត្រូវយល់ព្រមបោះឆ្នោតមុន បញ្ចប់អាណត្តិ ក្រោយការកែទម្រង់ការបោះឆ្នោតមួយ ដែលគួរឲ្យជឿជាក់ពីគណបក្សទាំងពីរ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មីនា ២០១៤