តុលាការរតនគីរី៖ ឃុំខ្លួនប្រធានសហគមន៍ ដើម្បីបំបាក់ស្មារតីពលរដ្ឋ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋប្រមាណជាងមួយរយនាក់មកពីពីរភូមិ ក្នុងខេត្តរតនាគីរី បានជួបជុំគ្នា នៅមុខតុលាការខេត្តទាមទារ ឲ្យតុលាការនេះដោះលែងតំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិម៉ាស់ ស្រុកអូរជុំ លោក ហាំង នឿ ដោយគ្មានលក្ខខ័ណ្ឌ និងការដាក់ពាក្យប្តឹងអ្នកស្រីលី សុខងីម ពីបទរំលោភយកដីចំការ និងដីព្រៃបម្រុងទុក។
ពលរដ្ឋនៅមុខសាលាដំបូងខេត្តរតនគីរី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត សមាគមអាដហុក)
ប្រព័ន្ធយុត្តិធម៌ - លោក ហាំង នឿ តំណាងសហគមន៍ជនជាតិដើមភាគតិច និងតំណាងបីរូបផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃុំម៉ាសហៅទៅសាកសួរ និងបន្តសាកសួរ រហូតដល់អធិការដ្ឋានស្រុកអូរជុំ។ នៅពេលសាកសួរនោះ តំណាងសហគមន៍រូបនេះ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារតែម្តង ពាក់ព័ន្ធរឿងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ការឃុំខ្លួនដែលត្រូវបានបរិហាររិះគន់ ដោយមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ដោយបានចាត់ទុកថា ជាចេតនាបំបាក់ស្មារតីប្រជាពលរដ្ឋណា ដែលហ៊ានចេញមុខធ្វើជាតំណាងសហគមន៍។
លោកឆាយ ធី មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បានថ្លែងបញ្ជាក់ថា ប្រធានសហគមន៍ជនជាតិដើមភាគតិចនៅភូមិម៉ាស់ ស្រុកអូរជុំ នេះត្រូវបានតុលាការខេត្តរតនគិរីឃុំខ្លួន យ៉ាងប្រញាប់កាលពីម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤នេះ ក្នុងរឿងទំានាស់ដីធ្លី៤០០ហិកតា(ដីចំការ និងដីព្រៃសហគមន៍) ស្មើនឹង៦៦គ្រួសារ និងភូមិតងក្រពូល៣៤ហិកតា (ដីចំការស្វាយចន្ទី) ស្មើនឹង១៨គ្រួសារ។
អ្នកស្រី ជន សាជី ភិរិយាលោក ហាំង នឿ ដែលចេះនិយាយភាសាខ្មែរតិចតួច បានស្រែកទ្រហោរយំ នៅមុខសាលាដំបូងនាព្រឹកថ្ងៃទី១៧ ខែមីនា ដោយរៀបរាប់ថា «សូមដោះលែងប្តីខ្ញុំទៅ ដោះលេងទៅ។ (…) អត់មានមនុស្សធ្វើការឲ្យខ្ញុំ ខ្ញុំអាណិតប្តីខ្ញុំណាស់ ដោះលែងទៅ ដោះលែងក្នុងថ្ងៃនេះហើយ។»
លោក បាំង ង៉ាន តំណាងប្រជាសហគន៍ដែលបានចូលរូមនោះបញ្ជាក់ថា ការចាប់ខ្លួនលោក ហាំង នឿ នេះ កើតចេញពីទំនាស់ ដីធ្លីចំនួន៤០០ហិកតា បន្ទាប់ពីតុលាការ ចេញសេចក្តីសម្រេចអឹបអូសដី ពីកូនបំណុលឈ្មោះសេង វិសិដ្ឋ មកឲ្យអ្នកស្រី លី សុខងីម។
ដីសហគមន៍ចំនួន ៤០០ ហិកតានេះ ត្រូវបានប្រជាសហគមន៍ប្រគល់ទៅឲ្យ លោក សេង វិសុទ្ធិ ជាថ្នូរនឹងការសន្យាជួយឧបត្ថម្ភប្រាក់ពីរម៉ឺនដុល្លារ សាងសង់ស្ពាន ផ្លូវសាលារៀនជាដើមសម្រាប់អ្នកភូមិ។ តែប្រជាសហគមន៍បានលើកឡើងថា ក្រោយការផ្តិតមេដៃលើក្រដាសសរ ឲ្យលោក សេង វិសិដ្ឋ បំពេញឯកសារក្នុងការប្រគល់ដីរូចរាល់ មកទល់និងពេលនេះលោក សេង វិសិទ្ធិ មិនបានអនុវត្តតាមកិច្ចសន្យារបស់ខ្លួនជាមួយអ្នកភូមិទេ។ ដច្នេះហើយ ទើបអ្នកប្រជាសហគមន៍តវ៉ា ក្នុងការមិនឲ្យមានការកាប់បំផ្លាញព្រៃ និងការដកហូតនូវដីនោះមកវិញ។
តំណាងប្រជាសហគន៍លោក បាំង ង៉ាន រូបនេះបានបន្តថា ក្រោយមកអ្នកស្រី លី សុខងីម បានជួលកម្មករកាប់ឆ្ការានព្រៃយកដីចំការ និងដីព្រៃបម្រុងទុករបស់សហគមន៍។ ដោយតំណាងសហគមន៍ទាំងនោះ បាននាំគ្នាទៅហាមឃាត់ជាច្រើនលើកច្រើនសារ មិនស្តាប់ និងក៏មិនព្រមឈប់កាប់ ជាមួយគ្នានេះ ខាងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក៏មិនអើពើទៀតនោះ ទើបពួកគាត់ជាតំណាងសហគន៍ មានគ្នាប្រមាណជាង៤០នាក់ ចូលការពារជាប្រយោជន៍រួមនៃសហគមន៍ មិនឲ្យបន្តការកាប់ និងក៏បានដុតកូនឈើដែលបានគរទុកចោលត្រូវថ្ងៃ ត្រូវភ្លៀង និងកូនឈើសំរាប់សង់ខ្ទមចំការ ដែលស្ទើរផុយរលួយទាំងនោះចោលទៅ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង អមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា បានទេក្នុងថ្ងៃទី១៧ ខែមីនានេះ។ តែលោកធ្លាប់បានបញ្ជាក់យ៉ាងខ្លី ក្នុងថ្ងៃទី១៥ ខែមីនា បន្ទាប់ពីបានចោទប្រកាន់ និងសម្រេចឃុំខ្លួនលោក ហាំង នឿនោះថា សាមីខ្លួនបានទទួលស្គាល់ក្នុងការដុតឈើ និងរោងរបស់អ្នកស្រី លី សុខងីម។
បើយោងតាមមន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស លោក ឆាយ ធី មានការខិតខំខ្នះខ្នែងពីសំណាក់ពលរដ្ឋ និងតំណាងសហគមន៍ ស្វែងរកការអន្តរាគន៍តាមផ្លូវច្បាប់ តាំងពីថ្នាក់អាជ្ញាធរ រហូតដល់ថ្នាក់ខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍តាំងពីខែកុម្ភៈ ឆ្នាំ២០១៤នេះមក តែគ្មានលទ្ធផលអ្វីឡើយ បើទោះជាខុទ្ធកាល័យនេះ បានចេញលិខិតអន្តរាគមមកខេត្តក៏ដោយ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤