មន្ត្រីអាមេរិក៖ យន្ដហោះ​ត្រូវ​​បាន​ចាប់​ពង្រត់​ ដើម្បី​ទុក​ធ្វើ​កាំជ្រួច​អន្តរទ្វីប

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានចាប់ពង្រត់ ដើម្បីទុកប្រើប្រាស់ ទៅជា​«កាំជ្រួច​អន្តរទ្វីប» ឬជា«យន្ដហោះ ផ្ទុកកាំជ្រួច» មានទិសដៅដូចអំពើភេវរកម្ម នៅថ្ងៃ១១ ខែកញ្ញា នាទីក្រុង​ញ៉ូយក សហរដ្ឋអាមេរិក។ នេះជាការថ្លែង របស់លោក ម៉ៃឃើល ម៉ាកខូល (Michael McCaul) តំណាងរាស្ត្រ​ និង​ជា​ប្រធានគណកម្មាធិការ​សន្ដិសុខ​ក្នុងប្រទេស របស់សភាជាន់ទាបអាមេរិក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានចាប់ពង្រត់ ដើម្បីទុកប្រើប្រាស់ ទៅជា​«កាំជ្រួច​អន្តរទ្វីប» ឬជា«យន្ដហោះ ផ្ទុកកាំជ្រួច» មានទិសដៅដូចអំពើភេវរកម្ម នៅថ្ងៃ១១ ខែកញ្ញា នាទីក្រុង​ញ៉ូយក សហរដ្ឋអាមេរិក។ នេះជាការថ្លែង របស់លោក ម៉ៃឃើល ម៉ាកខូល (Michael McCaul) តំណាងរាស្ត្រ​ និង​ជា​ប្រធានគណកម្មាធិការ​សន្ដិសុខ​ក្នុងប្រទេស របស់សភាជាន់ទាបអាមេរិក។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - តំណាងរាស្ត្រមួយរូប លោក ម៉ៃឃើល ម៉ាកខូល ប្រធានគណកម្មាធិការសន្ដិសុខក្នុងប្រទេស របស់​សភាជាន់ទាបអាមេរិក បានថ្លែងប្រកាសនៅថ្ងៃអាទិត្យកន្លងមកនេះថា យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍​ជាតិនៃប្រទេសម៉ាឡេស៊ី បាត់ខ្លួនតាំងពីជិត១០ថ្ងៃមកហើយនេះ ត្រូវបានចាប់ពង្រត់ និងលាក់បំបាំងទុក សម្រាប់​ប្រើប្រាស់ជា «កាំជ្រួចអន្តរទ្វីប» ទៅថ្ងៃក្រោយ។

នៅក្នុងកិច្ចសម្ភាសមួយ ជាមួយបណ្ដាញទូរទស្សន៍អាមេរិក ហ្វុកញ៉ូ (Fox News) លោក ម៉ាកខូល បានបញ្ជាក់ថា នៅវេលានេះ លោកនៅមិនទាន់ប្រាកដច្បាស់នៅឡើយ ថាការបាត់ខ្លួនរបស់យន្ដហោះ ៧៧៧ យ៉ាងអាថ៌កំបាំងនេះ អាចជាប់ពាក់ព័ន្ធនឹងសកម្មភាពភេវរកម្មណាមួយនោះ។ ប៉ុន្តែបើតាមលោកតំណាងរាស្ត្ររូបនេះ អាជ្ញាធរ​អាមេរិក​បាន​សម្ដែងការព្រួយបារម្ភដ៏ខ្លាំង ជុំវិញចំណុចសង្ស័យដែលថា យន្ដហោះអាចនឹងចុះចត នៅកន្លែងលាក់កំបាំង​យ៉ាង​ស្ងៀម​ស្ងាត់​ដើម្បីលាក់ខ្លួន ហើយបន្ទាប់មកវានឹងអាចត្រូវយកកមកប្រើ ដូចជា«អាវុធប្រល័យ​លោកដ៏រង្គាល»​មួយ។

កាំជ្រួចអន្តរទ្វីប ដូចអំពើភេវរកម្ម នៅថ្ងៃ១១ ខែកញ្ញា នាទីក្រុងញ៉ូយក

លោក ម៉ាកខូល បានពន្យល់នៅក្នុងកិច្ចសម្ភាសនោះថា គេបានសង្ស័យថា យន្ដហោះត្រូវបានចាប់ពង្រត់​ទៅកាន់​ទិសពីរផ្សេងគ្នា។ ទីមួយទិសរវាងប្រទេសថៃ និងប្រទេសកាហ្សាក់ស្ដង់ តែការសង្ស័យនេះមិនអាចទៅរួចទេ ដោយ​សារតែយន្ដហោះ អាចនឹងត្រូវមើលឃើញដោយប្រព័ន្ធចាប់រលកអាកាស។ ដូច្នេះការសង្ស័យទីពីរ ដែលបានបង្ហាញ​ពីទិសចេញពីប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់មហាសាគរឥណ្ឌាដ៏ល្វឹងល្វើយនោះ បានគិតថា យន្ដហោះអាចនឹង​ចុះចត នៅលើកោះណាមួយនៃប្រទេសឥណ្ឌូនេស៊ី។ វានឹងអាចប្រើប្រាស់បន្ទាប់មក ដូចជា«កាំជ្រួចអន្តរទ្វីប» ដូច​ពួកភេវរករបានធ្វើរួចមកហើយ នៅថ្ងៃទី១១ ខែកញ្ញា នាទីក្រុងញ៉ូយក។

ប្រធានគណកម្មាធិការនៃសភាជាន់ទាបអាមេរិក បានបន្ថែមទៀតថា «រឿងមួយដែលច្បាស់ គឺវាមិនមែនជា​គ្រោះ​ថ្នាក់ដោយចៃដន្យនោះទេ។ វាជាសកម្មភាពដែលមានកំណត់ទុកយ៉ាងច្បាស់លាស់ ហើយបញ្ហាដែលគេត្រូវ​ដឹងនៅ​ពេលនេះ ថាតើនរណា ជាអ្នកនៅពីរក្រោយអំពើនេះ។»

ក្នុងពេលនេះប្រទេសចំនួន២៥ បានចូលរួមស្វែងរកយន្ដហោះបាត់ខ្លួន ដែលបានភ្ជាប់ជើងហោះហើរ MH370 រវាង​រដ្ឋធានី កូឡាឡំពួរ និងរដ្ឋធានី ប៉េកាំង ព្រមទាំងមានមនុស្ស២៣៩នាក់ នៅលើនោះផង។ ការស៊ើបអង្កេតបាន​ងាក​មកមើល បុគ្គលិកលក្ខណៈរបស់អ្នកដំណើរ និងអ្នកបើកបរយន្ដហោះម្ដងវិញ នៅក្រោមហេតុផលថា អ្នកដែលមាន​ទេពកោសល្យក្នុងការចាប់ពង្រត់បែបនេះ លុះត្រាណាតែជននោះ មានបទពិសោធន៍យ៉ាងខ្ពង់ខ្ពស់ ក្នុងការបើកបរ និងស្គាល់យ៉ាងច្បាស់នូវយន្ដហោះប្រភេទប៊ូអ៊ីង ៧៧៧ នេះ។

លោក ម៉ាកខូល បានទម្លាយឲ្យដឹងបន្ថែមថា «បើតាមអ្វីដែលខ្ញុំដឹង ជាមួយនឹងព័ត៌មានសំខាន់ៗដែលបាន​ផ្ដល់​មក​ឲ្យខ្ញុំ ពីផ្នែកសន្ដិសុខផ្ទៃក្នុងប្រទេស មជ្ឈមណ្ឌលជាតិប្រឆាំងនឹងភេវរកម្ម និងសហព័ន្ធយកការណ៍នោះ វាដូចជាមាន​រឿងជាប់​ពាក់ព័ន្ធ នឹងអ្នកបើកបរយន្ដហោះ»។ លោកបង្ហើបទៀតថា «គ្រប់ចំណុចនៃការសង្ស័យទាំងអស់ បាន​បាញ់​ឆ្ពោះទៅបន្ទប់​បើកបរ ដែលមានមេបញ្ជាការបើកបរនិងជំនួយការបើកបរយន្ដហោះ»។

ការលើកឡើងរបស់តំណាងរាស្ត្រអាមេរិករូបនេះ អាចនឹងមានការពិតខ្លះៗ បើយោងទៅនឹងការរកឃើញថ្មីៗទៀត ក្នុងពេលចុងក្រោយនេះ។ តែយ៉ាងណាក៏ដោយ ញាតិមិត្តនិងអ្នករួមអាជីព របស់អ្នកកាន់ចង្កូតយន្ដហោះទាំងពីរ​នាក់ បានយល់ផ្ទុយពីការលើកឡើងខាងលើ តែបានបង្ហាញពីពីជំនក់ចិត្តនៅក្នុងការប្រកបអាជីព និងចរិកលក្ខណៈ​ត្រឹម​ត្រូវរបស់ពួកគេ ដោយអះអាងថា ពួកគេទាំងពីរនឹងមិនប្រព្រឹត្តិអំពើបែបនេះឡើយ៕

សូមអានអត្ថបទដែលទាក់ទងនេះឡើងវិញ ដោយចុចនៅលើទីនេះ

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...