នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

បើថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ​ដូចការចរចា​កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣មែននោះ អនាគតនាយករដ្ឋមន្រ្តីកម្ពុជា អាចនឹងត្រូវកំណត់ឲ្យកាន់​តំណែងត្រឹម​ពីរអាណត្តិប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ​ដូចការចរចា​កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣មែននោះ អនាគតនាយករដ្ឋមន្រ្តីកម្ពុជា អាចនឹងត្រូវកំណត់ឲ្យកាន់​តំណែងត្រឹម​ពីរអាណត្តិប៉ុណ្ណោះ។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិលោក សុន ឆ័យ បានបង្ហើបឲ្យ​អ្នក​សារព័ត៌មានដឹង ក្រោយការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៧ មីនា ថាការកែទម្រង់ច្បាប់ទម្លាប់ គឺអាចកែបាននៅពេលដែលមានការព្រមព្រៀងផ្នែកនយោបាយ ហើយ​ក្នុងកាលៈទេសៈនេះ ក៏ត្រូវកែរដ្ឋធម្មនុញលើចំណុចច្រើនដែរ។

លោក សុន ឆ័យ បញ្ជាក់ថា៖ «ដូចជាយើងត្រូវកែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យទៅជាស្ថាប័ន​ធម្មនុញ្ញ។ ការកំណត់អាណត្តិនាយករដ្ឋមន្រ្តី ក៏ដូចជាមានការព្រមព្រៀងគ្នាហើយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ ថាមានត្រឹមពីរអាណត្តិ តែមិនទាន់បានសម្រេចជាផ្លូវការ គ្រាន់តែមានការជជែក ហាក់ដូចជាមានការ​ព្រម​ព្រៀង​គ្នាជាដើម។»។

ក្រោយការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ មីនា នៅវិមានព្រឹទ្ធសភា ខាងក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា ដែលមានលោក ប៊ិន ឈិន ជាសហប្រធាន​គណៈកម្មការ​ចម្រុះកែទម្រង់ការបោះឆ្នោត មិនបានលើកឡើងពីការកំណត់អាណត្តិនាយករដ្ឋមមន្រ្តី នោះទេ។

តែលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងក្នុងកម្មវិធីមួយ នៅខេត្តកំពង់ស្ពឺ កាលពីខែឧសភា ឆ្នាំ២០១៣ ពោល​គឺមុនការបោះឆ្នោតជាតិខែកក្កដាមួយខែ ថា លោកនឹងឈរឈ្មោះ ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រហូតដល់​លោកអាយុ ៧៤ឆ្នាំ។ ក្នុងឱកាសនោះលោកហ៊ុន សែន បានបន្ថែមថា លោកនឹងធ្វើតាមប្រទេសចិន និង វៀតណាម ដែលមេដឹកនាំប្រទេសទាំងនោះបានកាន់តំណែងរហូតដល់ អាយុ៧៤និង៧៥ឆ្នាំ។

នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានសាទរ​ចំពោះការកំណត់អាណត្តិនាយករដ្ឋមន្រ្តី។ នាយកប្រតិបត្តិដែលនេះ បន្ថែមថា ប្រទេសនានានៅជុំវិញពិភពលោក ដែលមានការផ្លាស់ប្តូរមេដឹកនាំ ញឹកញាប់តាមបែបលិទ្ធិប្រជាធិបតេយ្យ គឺច្រើនតែមានការរីកចម្រើនជឿនលឿន ជាងប្រទេសដែលមានមេដឹកនាំម្នាក់ គ្រប់គ្រងប្រទេសពី២០ ទៅ៣០ឆ្នាំ។

លោក គល់ បញ្ញា បញ្ជាក់ថា៖ «យើងត្រូវការអ្នកដឹកនាំជំនាន់ក្រោយ មកចូលរួមដឹកនាំប្រទេស ហើយក៏ជាការ​កាត់​បន្ថយបក្សពួកនិយម គ្រួសារនិយម ក្នុងស្ថាប័នរដ្ឋ ដែលជាស្ថាប័នសាធារណៈ ។ ការកំណត់អាណត្តិហ្នឹង គេធ្វើច្រើន​ហើយ សូម្បីប្រទេសថៃហ្នឹ ក៏មានតែពីរអាណត្តិ ហើយពេលខ្លះមិនបានពីរអាណត្តិស្រួលបួលផង ក្នុងករណីមាន​ភាព​មិនប្រក្រតី មានអំពើពុករលួយជាដើម។ប្រទេសដែលមានមេដឹកនាំយូរច្រើនតែមានវិបត្តិ»៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...