«មនុស្សត្រូវថ្នាំអ្វីមួយ ដែលជាប្រយោជន៍ផ្ទាល់ខ្លួន»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 04, 2016
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មនុស្សដែលមិនស្រឡាញ់អំពើល្អ (ទោះ)ស្លាប់រស់ (ក៏នៅតែ)មានសញ្ញាសម្គាល់វា គឺខ្លួន (មនុស្សនោះ) ក៏ប្រព្រឹត្តអំពើមិនល្អដែរ» នេះជាការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) នៅក្នុងសំណេរមួយ ដែលលោកសរសេរអម ទៅនឹងការថ្លែងអរគុណរបស់កញ្ញា ធី សុវណ្ណថា តបទៅនឹងការលើកសរសើរ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃសុក្រកន្លងទៅ។
រូបថតសំណេររបស់កញ្ញា ធី សុវណ្ណថា ដែលក្រុមសមាជិកគណបក្ស«ជួង» ផ្តិតជាលក្ខណៈ«Print Screen» យកមកបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមនោះ មានអក្សរមួយឃ្លា ត្រូវបានផាត់ពណ៌លឿងពីលើ។ ឃ្លានោះ ត្រូវបានតារាហ្វេសប៊ុកសរសេរថា៖ «សូមថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចតេជោ»។
» អានអត្ថបទដែលទាក់ទង៖ ហើយបន្ទាប់មក ធី សុវណ្ណថា ថែងអរគុណ«សម្ដេចតេជោ»...
ជាការថ្លែងលើកដំបូងបង្អស់មួយ ទាក់ទងនឹងករណីនេះ របស់លោក ហ៊ុន សែន ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកតារាហ្វេសប៊ុកខាងលើ ដែលបច្ចុប្បន្នបានប្រែក្លាយ ជាប្រធានអង្គការយុវជនកិច្ចការសង្គម មកថ្លែងសរសើរ ដោយបានហៅសកម្មភាពកន្លងមក របស់ប្រធានអង្គការវ័យក្មេងរូបនេះ នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ថាជាចលនាជួយការពារបរិស្ថាន។
» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ផ្សាយ«ពាណិជ្ជកម្ម»ឲ្យ ធី សុវណ្ណថា
ប៉ុន្តែការឆ្លើយឆ្លង រវាងនាយករដ្ឋមន្ត្រី និងតារាហ្វេសប៊ុក ទំនងជាមិនទទួលបានការសាទរប៉ុន្មានពីលោក ខឹម វាសនា នោះឡើយ។ ប្រធានគណបក្ស«ជួង» បានធ្វើការប្រៀបធៀបស្ថានភាព នៃអ្នកនយោបាយ ឬក្រុមអ្នកនយោបាយនៅកម្ពុជា ដែលគេតែងតែឃើញ «ស្រែករិះគន់ ហៅមហាស្រែករិះគន់» តែនៅទីបំផុតទៅ អ្នកនយោបាយ ឬអ្នកគាំទ្ររូបនោះ បានប្រែធាតុមកជា«បែបហ្នឹង» បន្ទាប់ពី«ត្រូវថ្នាំអ្វីមួយ ដែលជាប្រយោជន៍ផ្ទាល់ខ្លួន»។
លោក ខឹម វាសនា បានសរសេរបន្តទៀតថា៖ «ទោះឃើញថា ស្រែករិះគន់ខ្លាំងដល់កំរិតណាក៏ដោយ អោយតែត្រូវថ្នាំអ្វីមួយ ដែលជាប្រយោជន៍ផ្ទាល់ខ្លួន គឺបែបហ្នឹង។ កន្លងមក មានឧទាហរណ៍រាប់មិនអស់ នៃក្រុមធ្វើជាប្រឆាំងនេះ ដែលស្រែករិះគន់រដ្ឋាភិបាលខ្លាំង តែទីបំផុតគឺបែបហ្នឹង រួមទាំងមេពួកវាផង។»៕