កម្មករដាក់ញាត្តិនៅរដ្ឋសភា ទាមទារ១៧ចំណុច ក្នុងទិវាពលកម្មអន្តរជាតិ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី០១ មេសា ២០១៥
- កែប្រែចុងក្រោយ: May 02, 2015
- ប្រធានបទ: កម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមសហភាពការងារកម្ពុជា ដែលប្រមូលផ្ដុំ ទៅដោយសហជីព និងសមាគម ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង មន្ត្រីរាជការ គ្រូបង្រៀន កម្មករសំណង់ កម្មករវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ជាច្រើន រួមទាំងយុវជនផង បាននាំគ្នាប្រារព្ធពិធី ទិវាពលកម្មអន្តរជាតិ លើកទី១២៩នេះ ក្នុងគោលបំណង សំណូមពរឲ្យរដ្ឋាភិបាល និងរដ្ឋសភាជាតិ ព្រមទាំងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ដោះស្រាយបញ្ហាជាបន្ទាន់ ចំពោះកម្មករ នៅក្នុងប្រទេសកម្ពុជា។
ល័ក្ខខ័ណ្ឌ ដែលមានទាំងអស់១៧ចំណុច ត្រូវបានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ពន្យល់ថា ការងារដែលមាន សម្រាប់កម្មករ និងអ្នកធ្វើការទាំងអស់ សព្វថ្ងៃនេះ សុទ្ធតែនៅមានប្រាក់ខែទាប ដែលក្រុមកម្មករទាំងនោះ មិនអាចទទួលយកបាន។ នៅក្នុងល័ក្ខខ័ណ្ឌ ទាំង១៧ចំណូចនេះ ក៏មានការទាមទារ ប្រាក់ខែគោល១៧៧ដុល្លារ ដើម្បីដោះស្រាយ និងសម្រួលជីវភាពកម្មករ ឲ្យបានធូរធារ និងលុបបំបាត់ រាល់ទម្រង់គំរាមកំហែង សហជីពផ្សេងៗ ជាពិសេស លុបបំបាត់កិច្ចសន្យា រយៈពេលខ្លីផងដែរ។ លោក អាត់ ធន់ លើកឡើងថា៖ «ក្នុងនាមពួកយើង ជាពលរដ្ឋ តាមប្រព័ន្ធប្រជាធិបតេយ្យ យើងខ្ញុំស្នើឲ្យគិតគូរ ដោះស្រាយបញ្ហាកម្មករ ឲ្យបានត្រឹមត្រូវ តាមច្បាប់កាងារ»។
អ្នកដែលចេញទទួលញត្តិ ពីតំណាងក្រុមកម្មករ រួមមាន អ្នកស្រី មូរ សុខហួរ និង អ្នកស្រី កែ សុវណ្ណរតន៍ ដែលជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ រួមទាំងតំណាង ពីគណៈកម្មការដ៏ទៃទៀត ដែលមាននៅក្នុងរដ្ឋសភាផងដែរ។ អ្នកស្រី កែ សុវណ្ណរតន៍ បានសន្យា នឹងជួយសម្រួល ដល់កម្មករទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈការយកញត្តិនោះ ទៅធ្វើពិភាក្សាជាមួយ គណៈកម្មាការដែលជាប់ពាក់ព័ន្ធ នៅក្នុងរដ្ឋសភា៕