ចៅសង្កាត់រងពីបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានចុះចូលជាមួយបក្សប្រជាជន
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មិនា ២០១៧
- កែប្រែចុងក្រោយ: March 07, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការចាកចេញ និងការចុះចូល ដែលខុសប្លែក ពីរាល់សិបដងមុនៗ។ លោក លី សុគន្ធ អតីតចៅសង្កាត់រងបឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវបានសាលាដំបូងរាជធានី សម្រេចដាក់ឃុំជាបណ្ដោះអាសន្ន ជុំវិញការក្លែងបន្លំឯកសារអង្កេតការបោះឆ្នោត ទៅឲ្យអ្នកដទៃប្រើប្រាស់នោះ បានសម្រេចចាកចេញ ពីគណបក្សសង្គ្រោះជាតិ និងប្ដូរទៅចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នេះ បើតាមលិខិតពីរសន្លឹក ចុះថ្ងៃទី៣ ខែមិនា ដែលទើបនឹងធ្លាក់មកដល់ ក្នុងដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី៧ ខែមិនានេះ។
នៅក្នុងលិខិតទីមួយ លោក លី សុគន្ធ ដែលនៅមុនការឃាត់ខ្លួន គឺជាបេក្ខជនឈរឈ្មោះ លេខរៀងទី២ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្គ្រោះជាតិ បានសរសេរ ទៅកាន់ប្រធានគណបក្សប្រឆាំង ពីការសុំបញ្ចប់សមាជិកភាពរបស់លោក នៅក្នុងគណបក្ស ចាប់ពីថ្ងៃចុះហត្ថលេខា (លើលិខិត) នោះតទៅ។ នៅក្នុងលិខិតនោះ គេឃើញមានការសរសេរ បញ្ជាក់ពីមូលហេតុនៃការចាកចេញ ដោយបរិហារគណបក្សសង្គ្រោះជាតិ ថាគណបក្សនេះ«មិនទទួលខុសត្រូវ លើកូនចៅ - មិនមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន និងអស់ជំនឿ លើការដឹកនាំដោយសន្យាខ្យល់» នោះជាដើម។
ខណៈនៅក្នុងលិខិតទីពីរ ដែលជាលិខិតចុះចូល សរសេរទៅកាន់ប្រធានគណបក្សប្រជាជនកម្ពុជា សាខាទួលគោក រាជធានីភ្នំពេញនោះ លោក លី សុគន្ធ ដែលកំពុងជាប់ក្នុងពន្ធនាគារ បានសរសេរសារភាពទោសកំហុសថា លោកបានចាញ់បោក នូវ«ការញុះញង់ ការអូសទាញ និងការសន្យា របស់គណបក្សប្រឆាំង» ហើយថាបាន«ភ្ញាក់រលឹក»ឡើងវិញ បន្ទាប់ពីបានស្ដាប់ ការពន្យល់របស់លោក លី សុខា កូនប្រុសរបស់លោក ដែលជាសមាជិកមួយរូប របស់គណបក្សប្រជាជនកម្ពុជា សាខានាយកដ្ឋានបណ្ដុះបណ្ដាល ស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
អតីតចៅសង្កាត់រង នៃសង្កាត់បឹងកក់ កណ្ដាលរាជធានីភ្នំពេញរូបនេះ បានសរសេរថា៖ «ខ្ញុំបាទ សូមលំឱនកាយ គោរពនិងសុំទោស នូវរាល់កំហុសឆ្គង ទាំងកាយវិការ ទាំងពាក្យសំដី ក្នុងសកម្មភាពនយោបាយ ដែលបានខុសឆ្គងកន្លងមក»។
ការចុះចូល ដើម្បីប្ដូរនឹងសេរីភាព?
នៅល្ងាចថ្ងៃទី៧ ខែមិនានេះ លិខិតចាកចេញ និងសុំចុះចូល របស់លោក លី សុគន្ធ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់ថា ជាអ្នកនាំពាក្យដ៏រហ័ស ឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យកមកចុះផ្សាយ។ តែសារព័ត៌មាននេះ មិនបានលើកយកមកបញ្ជាក់នោះទេថា លោក លី សុគន្ធ ជាអតីតចៅសង្កាត់រង មកពីគណបក្ស សមរង្ស៊ី ដែលកំពុងជាប់ឃុំឃាំង ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស តាំងពីថ្ងៃទី១៦ ខែកុម្ភៈមក ក្រោមការសម្រេចរបស់សាលាដំបូងរាជធានី នៅក្នុងសំនុំរឿងមួយ ដែលលោក លី សុគន្ធ ខ្លួនលោកបាននិយាយថា ជារឿងដ៏អយុត្តិធម៌ និងមានចរិកនយោបាយនោះ។
នៅមុននេះបន្តិច លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ក៏បានយកលិខិតទាំងពីរនេះ មកបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោកដែរ។ លោកបានសរសេរអម នឹងលិខិតទាំងពីរនោះថា៖ «គណបក្សសង្គ្រោះជាតិ រីករាយ និងអបអរសាទរ ប្រសិនបើគណបក្សកាន់អំណាច ជួយធ្វើអន្តរាគមន៍ ឲ្យមានការដោះលែង លោក លី សុគន្ធ អតីតមន្ត្រីគណបក្សប្រឆាំង ឲ្យមានសេរីភាពវិញ»។
លោក លី សុគន្ធ ជាមន្ត្រីថ្នាក់មូលដ្ឋានមួយរូប ពីក្នុងចំណោមមន្ត្រីមូលដ្ឋានពីរនាក់ របស់គណបក្សប្រឆាំង ដែលត្រូវបានតុលាការកម្ពុជា បញ្ជូនខ្លួនលោកទៅដាក់ឃុំ កាលពីខែកុម្ភៈទៅម៉ិញ។ មន្ត្រីមួយរូបទៀត គឺលោក ចៅ វាសនា ចៅសង្កាត់រងប៉ោយប៉ែត ក៏ត្រូវបានបានតុលាការខេត្តបន្ទាយមានជ័យ ចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារដែរ ពីបទញុះញង់ ឲ្យប្រព្រឹត្តអំពើហិង្សា ខណៈសំណុំរឿងមួយនេះបានកើតឡើង តាំងពីឆ្នាំ២០១៥។
ករណីទាំងនេះ ត្រូវបានលោក អេង ឆៃអ៊ាង ប្រតិកម្មនៅក្រោយការឃាត់ខ្លួន ចាត់ទុកជារឿងនយោបាយ ដោយសារតែការបោះឆ្នោតឃុំសង្កាត់ បានឈានជិតមកដល់។ តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ បានថ្លែងតាមរយៈអ្នកនាំពាក្យរបស់ខ្លួន នៅពេលនោះថា ករណីនេះ ជារឿងរបស់តុលាការសុទ្ធសាធ៕