ក្រុង«គុជ»ជាប់លេខ១២៥ ដែលជាក្រុងមិនគួរឲ្យចង់រស់នៅ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ សីហា ២០១៨
- កែប្រែចុងក្រោយ: August 14, 2018
- ប្រធានបទ: បរិស្ថាន-ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ នៅក្នុងតំបន់។
ចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេស ជំនាញខាងការស្រាវជ្រាវសេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានធ្វើការសិក្សា ដោយឯករាជ្យ ទៅលើគុណភាពជីវិត និងការរស់នៅក្នុងទីក្រុងធំៗទាំងនោះ ដោយសង្កត់ធ្ងន់ទៅលើ គុណភាពសន្តិសុខ និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម មានហនិភ័យ) - សេវាកម្មថែទាំសុខភាព និងការអប់រំ - វប្បធម៌ និងគុណភាពនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។
សម្រាប់ឆ្នាំ២០១៨នេះ សហគ្រាសជំនាញខាងលើ ដែលមានទីស្នាក់ការ នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស បានដាក់រាជធានីភ្នំពេញ នៃរាជាណាចក្រកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ លេខ ១២៥ ដែលជាចំណាត់ថ្នាក់មួយ ទាបជាងក្រុងដទៃទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ ក្រុងធំៗទាំងនោះ រួមមាន តូក្យូ (៧) សិង្ហបូរី (៣៧) តៃប៉ិ (៥៨) សេអ៊ូល (៥៩) ប៉េកាំង (៧៥) គូឡាឡំពួរ (៧៨) បាងកក (៩៨) ប្រ៊ុយណេ (១០១) ម៉ានីល (១០៣) ហាណូយ (១០៧) ហូជីមិញ (ព្រៃនគរ - ១១៦) និងរដ្ឋធានីចាកាតា (១១៩)។
ចំណាក់ថ្នាក់ទីក្រុង ឬរដ្ឋធានី ដែលបានផ្ដល់គុណភាពជីវិត ថាមានកម្រិតខ្ពស់ជាងគេបំផុត នៅលើពិភពលោក បានធ្លាក់ទៅលើរដ្ឋធានី វីយ៉ែន នៃប្រទេសអូទ្រីស ដោយបំបាក់ក្រុង មែលប៊ន នៃប្រទេសអូស្ត្រាលី ដែលធ្លាប់កាន់តំណែង ជាម្ចាស់ចំណាត់ថ្នាក់លេខមួយ តាំងពី៥ឆ្នាំកន្លងមក ឲ្យនៅលេខ២។ បន្ទាប់ពីរដ្ឋធានី វីយ៉ែន និងក្រុងមែលប៊ន ខាងក្រោមនេះ ជាក្រុងធំៗចំនួន៨ទៀត ដែលបានជាប់លេខ ជាបន្តបន្ទាប់ រួមមាន៖
- ប្រទេសជប៉ុន មានក្រុងពីរ៖ អូសាកា (៣) តូក្យូ (៧)
- ប្រទេសកាណាដា មានក្រុង៣៖ កាលហ្គារី (៤) វេនគូវ័រ (៦) និងតូរ៉ុងតូ (៧ស្ទួន)
- ប្រទេសអូស្ត្រាលី មានក្រុង២ (ទៀត)៖ ស៊ីដនី (៥) និងអាដេឡែត (១០)
- និងប្រទេសដាណឺម៉ាក មានក្រុង១៖ កូផេនអាក (៩)។
រីឯក្រុងទាំង១០ ចុងក្រោយ ដែលមានគុណភាពជីវិត អន់ជាងគេបង្អស់ (មិនគួរឲ្យរស់នៅ សេវាកម្មសុខភាពតិចតួច ជួបនឹងការបាញ់បោះ កាប់ចាក់ មិនលោះពេល...) រួមមាន៖ ដាការ (សេណេហ្គាល់ - ១៣១) អាល់ហ្សេរ (អាល់ហ្សេរី - ១៣២) ឌូអាឡា (កាមើរូន - ១៣៣) ទ្រីប៉ូលី (លីប៊ី -១៣៤) ហារ៉ារ (ហ្សឹមបាវ៉េ - ១៣៥) ព័រម័រ៉េប៊ី (ហ្គីណេថ្មី - ១៣៦) ការ៉ាឈី (ប៉ាគីស្ដង់ - ១៣៧) ឡាកូស (នីហ្សេរីយ៉ា - ១៣៨) ដាកា (បង់ក្លាដេស - ១៣៩) និងរដ្ឋធានី ដាម៉ាស (ស៊ីរី - ១៤០)៕