អ្នកចូលរួមសមាជប្រជាជន សង្ឃឹមពីលិទ្ធិប្រជាធិបតេយ្យ«ពិត»នៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋនៃសហគមមួយចំនួន មកពីតាមបណ្តាខេត្តក្រុងទាំង២៤ ដែលមានសមាជិកសរុប ប្រមាណជិតប្រាំរយនាក់ បានមកជួបជុំគ្នានៅទីតាំងខាងកើតជាប់ស្ពាននាគ ក្រោយពីបរាជ័យក្នុងការជួបជុំនៅលើទីលានប្រជាធិបតេយ្យ ព្រោះតែអាជ្ញាធរបានយកកន្លែងនោះ ធ្វើជា«សមយុទ្ធ» សម្រាប់ក្រុមបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាល។
ទិដ្ឋភាពសមាជប្រជាជន កាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - «ចូលរួមធ្វើឲ្យមានសន្តិភាព គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឯករាជ្យ នីតិរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញពិតប្រាកដ នៅកម្ពុជា» នេះជាប្រធានបទនៃការធ្វើសមាជប្រជាជនកម្ពុជា ដែលរៀបចំដោយបណ្តាញពហុវិស័យ ក្នុងគោលបំណងស្វែងយល់ ពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ដែលជាទិសដៅមួយ ទាមទារឲ្យមានប្រជាធិបតេយ្យពិតប្រាកដ មានគោលជំហរជួបជុំដោយអហិង្សា សន្តិភាព និងេចក្តីថ្លៃថ្នូរ មិនប្រឆាំងរដ្ឋាភិបាល មិនបំរើឲ្យគណបក្សនយោបាយ មិនប្រកាន់ពូជសាសន៍ តែទាមទាឲ្យមានដំណោះស្រាយរួម និងសម្រាប់ប្រយោជន៍រួម ។
លោកពូ ទីង តូវ ប្រជាពលរដ្ឋមកពីភូមិឈូក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលរងគ្រោះបាត់បង់ដីស្រែចំការ ដោយសារការរំលោភដីធ្លី ពីសំណាក់អ្នកមានអំណាច និងមិនមានការដោះស្រាយពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកពូបន្តរថា ការស្វែងរកការអន្តរាគមរបស់លោក ពីសំណាក់អាជ្ញាធរ ភូមិ-ឃុំ តែត្រូវបានពួកគាត់លើកឡើងថា «ហួសពីសមត្ថភាពរបស់ពួកគាត់»។ លោកពូសង្ឃឹមថា មានតែមកដល់ភ្នំពេញនោះទេ ទើបអាជផ្តល់នូវព័ត៌មាននេះដល់ថ្នាក់ដឹកនាំបាន។
អ្នកមីង យឹង ខុម មកពីខេត្តកោះកុងដែរ ក៏រងការរំលោភបំពានដីលំនៅដ្ឋានតាំងពីឆ្នាំ២០០៩ រហូតមកទល់នឹងពេលនេះ។ អ្នកមីងថា សម្រាប់រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះ មិនទាន់មាននណាម្នាក់មានប្លង់នោះទេ មានតែដំណាំ និងលំនៅដ្ឋានសម្រាបើបញ្ជាក់តែប៉ុណ្ណោះ តែសម្រាប់ភាគីដែលបានប្តឹងអ្នកមីង គេមានប្លង់កម្មសិទ្ធិដីនេះ ហើយបានប្តឹងទៅតុលាការ រឹមអូសយកដីនេះ ។ ព្រោះតែការពារនូវដីលំនៅដ្ឋាន សមាជិកគ្រួសារអ្នកមីងបីនាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនអស់រយៈពេលជិតបីខែ ទើបបានតុលាការដោះលែងមកវិញ ដោយយោងលើការធានា ពីប្រជាលរដ្ឋក្នុងភូមិជាមួយគា្នជាច្រើនធ្វើសាក្សី និងធានាលើការរស់នៅលើដីនោះ។ អ្នកមីងន្តរថា ទោះជាយ៉ាងនេះក្តីបញ្ហាដីរបស់អ្នកមីង នៅមានជាបន្តរនៅឡើយមកទល់នឹងពេលនេះ ដូច្នេះក្នុងទិវាសមាជប្រជាជនកម្ពុជានេះ អ្នកមីងសូមថ្លែងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដ៏ដូចជារួមអ្នកមីងផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលជួយដោះស្រាយ ពីទុក្ខលំបាកទាំងនេះជូនប្រជាពលរដ្ឋក្រីក្រ។
លោក ស៊ឹម សុបញ្ញា មកពីបណ្តាញនេសាទ បឹងទន្លេសាបបានបញ្ជាក់ថា «នៅពេលដែលគណបក្សនយោបាយមានភាពជាប់គាំង ប្រជាពលរដ្ឋមានសិទ្ធិក្នុងការក្រើនរំលឹក ទៅដល់គ្រប់គណបក្សដែលឈ្នះឆ្នោត ត្រូវធ្វើការគិតគូរ ពីតម្រូវការ និងសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាចំបង ចង់ឲ្យមានការស្តាប់ និងទទួលយកនូវសំណើរ ជាមួយនឹងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។ (...) ក្រោយពេលលិទ្ធិប្រជាធិបតេយ្យពិតប្រាកដមាននៅកម្ពុជា ពេលនោះរាល់បញ្ហាទាំងអស់របស់ប្រជាពលរដ្ឋ នឹងត្រូវបានដោះស្រាយជាស្ថាពរ។»
អ្នកស្រី សុខ ឌីណា មកពីស្រុក ស្វាយរៀង និងជាតំណាងឲ្យកម្មករកម្មការនី បានបង្ហាញថា ចង់ឲ្យគណបក្សដែលឈ្នះឆ្នោតទាំងពីនេះ ធ្វើយ៉ាងណាគិតកូឲ្យបានច្រើនទៅលើបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមកម្មករទាំងអស់ទូទាំងប្រទេស។ មិនចង់បានភាពជាប់គាំងផ្នែកនយោបាយ ដែលនាំឲ្យបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅតែបន្តរមានពិសេស ចង់បានលិទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដ។
អ្នកស្រី ទេព វណ្ណី ដែលមានវត្តមាននៅក្នុងសមាជប្រជាជនកម្ពុជានោះ បានបង្ហាញជាថ្មីនូវការជាប់ពន្ធនាគាររបស់អ្នកស្រីយ៉ោម បុប្ផា ថា ដោយសារតែការពារដីលំនៅដ្ឋានរបស់ខ្លួន បានតម្រូវឲ្យអ្នកស្រីធ្វើការតវ៉ារ ដោយអហិង្ស ដោយសន្តិវិធីរហូតដល់មានការចាប់ដាក់គុក ដោយប្រព័ន្ធតុលាការកម្ពុជា ដែលមកទល់នឹងពេលនេះជាបមួយឆ្នាំតីហើយនោះ មិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅឡើយទេ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូបានលើកឡើងថា បញ្ហាជាមកជួបជុំរបស់ប្រជាពលរដ្ឋ នោះជាការប្រើនូវសិទ្ធិរបស់ខ្លួន ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដោយច្បាប់រដ្ឋធម្មនុញ្ញ។ លោកបានលើកឡើងជាដែលៗថា អាជ្ញាធរមិនត្រូវធ្វើការរឹតបណ្តឹង លើការសម្តែងមតិរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់កំលាំងដ៏ច្រើនសន្ធិកសន្ធាប់ធ្វើការតបតរ ឬបំបែងសូម្បីតែការជួបជុំក្នុងនាមបង្ហាញនូវទុក្ខលំបាករបស់ខ្លួន (ប្រជាពលរដ្ឋ) ដើម្បីឲ្យរដ្ឋាភិបាលបានដឹង នឹងជួយដោះស្រាយប៉ុណ្ណោះ។
ក្រោយពីការបង្ហាញនូវទុក្ខលំបាក របស់ខ្លួនរួចមក ប្រជាពលរដ្ឋទាំងអស់ ក៏បានស្នើឲ្យគណបក្សនយោបាយទាំងអស់ ដែលទទួលបានអសនៈនៅរដ្ឋសភា ធ្វើការរួបរួមគ្នា ដើម្បីប្រយោជន៍ជាតិ ប្រយោជប្រជាពលរដ្ឋជាធំ។ ជួយដោះស្រាយនូវបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលរាំរៃជាយូរឆ្នាំមកហើយ ជាពិសេសជួយជម្រុញឲ្យមានការគោរពច្បាប់ បំបាត់អំពើពុករលួយ និងដឹកនាំប្រទេសឆ្ពោះ ទៅរកលិទ្ធិប្រជាធិបតេយ្យមួយដ៏ពិតប្រាកដ។
សូមរម្លឹកថា បណ្តាញពហុវិស័យ ជាបណ្តុំនៃបណ្តាញ និងសហគមន៍ ដែលមកពី២៤ខេត្ត-ក្រុង រួមមានដូចជា កម្មកររោងចក្រកាត់ដេរ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករ ប្រជានេសាទ សកម្មជនដីធ្លី ជនជាតិដើមភាគតិច សកម្មជនសិទ្ធិសិទ្ធិស្រ្តី អ្នកប្រកបរបរផ្លូវភេទ សម្មជនយុវជន សកម្មជនប្រឆាំងនឹងការបណ្តេញចេញ សកម្មជនអ្នកស្រលាញភេទដូចគ្នា ក្រុមសិល្បៈសហគមន៍ និងប្រជាជន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីសមាជប្រជាពលរដ្ឋកម្ពុជាចុះថ្ងៃទី២១ ខែកកញ្ញា ឆ្នាំ២០១៣៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ