អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានវាយតម្លៃថាស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជាអាចនឹងបន្តជាប់គាំងបន្តទៀត ប្រសិនបើគណៈបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា នៅតែប្រកាន់គោលជំហរផ្ទុយគ្នា តាំងពីក្រោយការបោះឆ្នោតមកម្លេះ ហើយនៅតែប្រកាន់ឥរិយាបថរឹងត្អឹងដាក់គ្នាទៅវិញទៅមក ដែលអាចបង្កឲ្យមានផលប៉ពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានវាយតម្លៃថាស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជាអាចនឹងបន្តជាប់​គាំង​បន្តទៀត ប្រសិនបើគណៈបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា នៅតែប្រកាន់គោលជំហរ​ផ្ទុយគ្នា តាំងពីក្រោយការបោះឆ្នោតមកម្លេះ ហើយនៅតែប្រកាន់ឥរិយាបថរឹងត្អឹងដាក់គ្នាទៅវិញទៅមក ដែលអាចបង្កឲ្យ​មានផលប៉ពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - អ្នកស្រាវជ្រាវសង្គមនយោបាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៣ បានបញ្ជាក់ថា៖ «នយោបាយនៅស្រុកខ្មែរ​ បានដើរដល់ភាព​ទាល់​ច្រកមួយ ត្បិតតែឃើញមានភាពស្ងៀមស្ងាត់យ៉ាងនេះក្តី ប៉ុន្តែហាក់ដូចជាមានភាពទាល់ច្រក»។ អ្នកវិភាគរូបនេះ​បាន​ពន្យល់ថា គណបក្សមួយបានព្យាយាមបង្កើតសភា និងរដ្ឋាភិបាលតែម្នាក់ឯង ក្នុងពេលដែលមិនទាន់មានការឯកភាព ជា​មួយគណបក្សមួយទៀត។ ហើយគណបក្សដែលមិនព្រមឯកភាពជាមួយគេនោះ អះអាងថាមិនឯកភាពទេ ដរាបណា​មិន​ទាន់មានការចរចាត្រូវរ៉ូវគ្នា។

លោក កែម ឡី បញ្ជាក់ថាស្ថានការណ៍នយោបាយដូចនេះ បានជម្រុញឲ្យមានផលប៉ះពាល់ខ្លាំង ដល់ជីវភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ក៏ដូចជាម្ចាស់ជំនួយផ្សេងៗ ដែលកំពុងពិចារណាដាក់ទុនវិនិយោគ និងផ្តល់ជំនួយ​ដល់កម្ពុជា។

គួរម្លឹកថា ក្រោយពេលបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បាន​បដិសេធលទ្ធផលបោះឆ្នោត ដែលប្រកាសឲ្យដឹង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និង​ស្មើឲ្យ​បង្កើត​គណៈកម្មការចម្រុះមានឯករាជ្យភាព ដើម្បីស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត និង​ទាមលក្ខខណ្ឌ​មួយចំនួនទៀត តែត្រូវបានគណបក្សប្រជាជនកម្ពុជា និង គ ជ ប ច្រានចោល។ ទន្ទឹមនឹងការច្រាន​ចោលចោលនេះ គ ជ ប និង គណបក្សប្រជាជនកម្ពុជា បានលើកហេតុផលថាការបោះឆ្នោតបានប្រព្រឹត្តទៅ ប្រកបដោយតម្លាភាព និងមានភាព​ត្រឹមត្រូវតាមច្បាប់ ហើយបានសម្រេចបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដោយឯកបក្ស ទាំងប្រទាំងប្រទើស បើទោះជា​គណបក្សសង្រ្គោះជាតិបានធ្វើពហិការមិនចូលរួមក៏ដោយ។

បន្ទាប់ពីការទាមទារ និងបាតុកម្មតវ៉ាជាច្រើនលើកមិនទទួលបានលទ្ធផល ជាថ្មីម្តងទៀតគណបក្សសង្រ្គោះ​ជាតិបាន​អះ​អាងថា គណបក្សខ្លួននឹងដឹកនាំមហាបាតុកម្មអហិង្សាចំនួន៣ថ្ងៃ គឺពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ហើយ​បាតុកម្មនេះអាចនឹងបន្តធ្វើរហូតទាល់តែមានដំណោះស្រាយសមស្រប ដែលគណបក្សជំទាស់នេះចង់បាន។

ទាក់ទងនឹងស្ថានការណ៍នយោបាយនេះ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា មួយរូបទៀតគឺលោកបណ្ឌិត សុខ ទូច បាន​ពន្យល់កាលពីពេលថ្មីៗនេះថា បើទោះជាមានបណ្តាប្រទេសជាច្រើនបានសម្តែងការអបអរសាទរ ចំពោះរដ្ឋាភិបាល​កម្ពុជា​ក៏ដោយ ក៏ការទទួលស្គាល់នោះ ក្នុងករណីខ្លះវាមានលក្ខណៈការទូតតែប៉ុណ្ណោះ ព្រោះប្រទេសខ្លះ ទន្ទឹមនឹងការអបអសាទរ គេក៏បានស្មើឲ្យគណប្សនយោបាយទាំងពីរមាន ការឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីទម្លាយ​ភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត។ អ្នកវិភាគរូបនេះបញ្ជាក់ថា៖ «គេឲ្យយើងរួមគ្នាឲ្យរលូនទៅ ហើយបើអត់​រលូនវានៅតែដដែលនឹង»៕

-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១២១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...