ព្រាប កុល ថា គ.ជ.ប ថ្មី នៅ​តែ​មាន​ចំណុច​លាក់​លៀម​ពី​«បក្ស»​ទាំង​ពីរ

ក្នុងដំណើរការនៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទាំងអង្គការសង្គមស៊ីវិល ទាំងគណបក្សនយោបាយ មិនមានអសនៈក្នុងរដ្ឋសភា ចង់បាន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី មួយដែលកើតចេញ ពីភាពទទួលបាននូវយុត្តិធម៌ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 27, 2014
  • ប្រធានបទ: ស្ថាប័នបោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ព្រាប កុល ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានា កាលពីថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៤នេះ បានលើកឡើងថា ក្នុងនាមលោក ក៏ដូចជាសង្គមស៊ីវិលទាំងអស់ធ្លាប់ចង់បាន គ.ជ.ប ថ្មី មួយដែលឯករាជ្យ ដោយសមាជិកទាំងអស់នៃគ.ជ.ប មិនត្រូវបាន«ជ្រើស»ចេញពីគណបក្ស​នយោបាយ​នោះទេ។ លោកបន្តថា តែការស្នើសុំទាំងនោះ ត្រូវបានបរាជ័យ ក្រោយកិច្ចព្រមព្រៀង របស់គណបក្ស​នយោបាយធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងមកនេះ ដោយយកសមាសភាពចេញ​ពីគណបក្ស​នយោបាយ«ច្រើន» តាមរូបមន្ត ៤+៤+១ នោះ។

យ៉ាងណាក៏ដោយ កិច្ចដំណើរការនេះ បានកំពុងនឹងបន្ត។ សម្រាប់លោក ព្រាប កុល បានបន្ថែមដោយ​យោង​តាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដាថា គណបក្សទាំងពីរនេះ នៅមានភាពលាក់លៀម មិន​បានបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន សម្រាប់សាធារណៈមតិនៅឡើយ។ លោកថា គណបក្សទាំងពីរនេះ បាននឹងកំពុងរួមគ្នារំលោភលើប្រការពីរ នៃកិច្ចព្រមព្រៀងនោះ ដែលបានចែងថា៖ «គណកម្មាធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរការរៀបចំឲ្យមានការជ្រើសរើសដោយ “ចំហ និងតម្លាភាព” នូវសមាសភាព​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។»

លោកក៏ចង់បានការចូលរួម ពីសង្គមស៊ីវិល ឬប្រជាពលរដ្ឋ ក្នុងការផ្តល់ជាមតិគំនិត ពាក់ព័ន្ធនឹងការ​ជ្រើស​រើស​ សមាសភាព គ.ជ.ប ថ្មីនេះ រួមទាំងដំណើរការទូទៅ ឬនីតិវិធីនានានៃស្ថាប័ននេះ។ «ឥតមានអ្វីដែល​សម្ងាត់ ក្រៅពីការទៅគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់នោះទេ។ (...) អ្វីៗផ្សេងទៀតត្រូវតែបើកចំហ ឲ្យមាន​តម្លាភាព។ (...) ការជ្រើសរើសសមាសភាព ឬបេក្ខជន ការផ្សព្វផ្សាយ ការចុះឈ្មោះបញ្ជីបោះឆ្នោតជាដើម ត្រូវធ្វើដោយតម្លាភាព គោរពតាមលិទ្ធិប្រជាធិបតេយ្យ កុំលាក់លៀម ឬសម្ងាត់ ដោយអនុញាតិឲ្យ​សង្គម​ស៊ីវិល តំណាងគណបក្សនយោបាយ អ្នកសារព័ត៌មានចូលទៅស្តាប់ និងអង្កេត ឬផ្សាយតាមវិទ្យុឬ​ទូរទស្សន៍​ជាដើម ពិសេសលើបញ្ហានៃជំនួបចចារបក្សទាំងពីរតែម្តង។»

ប្រធានអង្គការតម្លាភាពកម្ពុជារូបនេះ ស្នើឲ្យគណបក្សទាំងពីរ គោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយ​នឹងការអនុវត្តច្បាប់ដែលមានជាធរមាន ក្នុងការជ្រើសរើសសមាសភាពទាំងឡាយនៃ គ.ជ.ប ក្រោម​លក្ខខណ្ឌ​ជាក់លាក់នៃលក្ខណវិនិច្ឆ័យមួយចំនួនដូចជា ត្រូវមានសញ្ជាតិខ្មែរពីកំណើត មានសញ្ញាបត្រ​ចាប់​ពីឧត្តមសិក្សាឡើងទៅ មានបទពិសោធការងារយ៉ាងតិច១០ឆ្នាំ មិនមែនជាសមាជិករដ្ឋាភិបាល មិនមែន​ជា​សមាជិកសភា សមាជិកបក្សនយោបាយ មិនមែនជាចៅក្រម ព្រះរាជអាជ្ញា ឬមានតំណែងក្នុង​មុខងារ​សាធារណៈ។ ពិសេសមិនមែនជាសហព័ន្ធ ឬសាច់ញាតិបង្កើតនៃអ្នកដឹកនាំនយោបាយ ដែលនាំឲ្យ​មាន​ទំនាស់ផលប្រយោជន៍ ឈានទល់ភាពចម្រូងចម្រាស់។

សូមរំលឹកថា ក្នុងលិខិតជំហរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលបានដាក់ទៅ​គណបក្ស​ទាំងពីរ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤នេះ បានដាក់ចេញនូវចំណុចសំខាន់មួយចំនួន ដូចជាការ​ធ្វើ​វិសោធនកម្មនៃរដ្ឋធម្មនុញ្ញ ការដាក់ស្ថាប័ន គ.ជ.ប នៅក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវចែងលម្អិត ឲ្យច្បាស់ពីសិទ្ធិ​អំណាច ការទទួលខុសត្រូវ ភាពឯករាជ្យ នៃ គ.ជ.ប។ អនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយតម្លាភាព និងមាន​ការចូលរួមពីភាគីពាក់ព័ន្ធ។ ស្ថាប័ន គ.ជ.ប ថ្មីនេះត្រូវមានអភ័យឯកសិទ្ធ និងត្រូវបានធានា​មិនឲ្យមាន​ការ​ផ្លាស់ប្ដូរ ក្នុងអាណត្តិ។ លើកលែងតែសាមីខ្លួន ទទួលមរណភាព សាមីខ្លួនសុំលាឈប់ជា​លាយលក្ខណ៍​អក្សរ សាមីខ្លួនបាត់បង់កាយសម្បទា វិជ្ជាជីវៈ ។

ERA ក៏បានស្នើឲ្យគណៈកម្មការទាំងបី (គណៈកម្មការធ្វើ វិសោធកម្មបោះឆ្នោត, គណៈកម្មការធ្វើវិសោធកម្ម​បទបញ្ជាផ្ទៃក្នុងរដ្ឋសភា, គណៈកម្មការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ (បន្ថែមជំពូកទី១៥ថ្មី) ដែលបានបង្កើត​ឡើង​ដោយគណបក្សទាំងពីរ ត្រូវធ្វើការដោយឯករាជ្យ និងទទួលយកគ្រប់«អនុសាសន៍»ពីភាគីពាក់ព័ន្ធ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...