ជនពិការ ក្លាយជាអ្នកចម្រៀងឲ្យផលិតកម្មក្នុងស្រុក ទោះមិនជាប់ក្នុងកម្មវិធីឌឹវ័យន៍
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះមិនត្រូវបានគណកម្មការ ក្នុងកម្មវិធីប្រលងចម្រៀង ឌឹវ័យន៍ (The voice) ផ្តល់ឱកាសឱ្យជាប់ទៅវគ្គបន្តទៀត តែយ៉ាងហោចណាស់បេក្ខជន ដែលមានភ្នែកពិការទាំងសងខាង និងមានស្រុកកំណើតមកពីខេត្តកំពង់ចាម ត្រូវបានផលិតកម្មក្នុងស្រុកមួយ ដែលទើបនឹងបង្កើតថ្មី ផ្តល់ឱកាសឱ្យក្លាយជាអ្នកចម្រៀង និងបានចុះកិច្ចសន្យារួចរាល់ ដើម្បីច្រៀងឱ្យផលិតកម្មមួយនេះ។
លោក ប្រុក ចាន់ថន ជាបេក្ខជនមួយរូបរបស់កម្មវិធីឌឹវ័យន៍ ដែលបានធ្វើឱ្យទស្សនិកជន មានចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើឱ្យគណកម្មការ ឬគ្រូបង្វឹក ព្រមទាំងទស្សនិកជាច្រើន ទ្រាំទប់ទឹកភ្នែកមិនបាន បើទោះជាបេក្ខជនរូបនេះ បានធ្លាក់ចេញក្នុងវគ្គជម្រុះរបស់កម្មវិធី។ ក្រោយពីគ្រូបង្វឹក ឬ Coach ទាំងបួនរបស់កម្មវិធីប្រលងចម្រៀងដ៏ពេញនិយមលើពិភពលោកនេះ មិនបានជ្រើសរើសឱ្យបន្តទៅវគ្គក្រោយទៀត ទស្សនិកជនបានសម្តែងការសោកស្តាយជាខ្លាំង និងបានរិះគន់ទៅលើគណកម្មការទាំងបួនថា ផ្ដល់ឱកាសឱ្យតែបេក្ខជនបេក្ខនារី ដែលបកស្រាយបចម្រៀងបែបសម័យ ដែលផ្ទុយពីបេក្ខជនពិការភ្នែករូបនេះដែលជ្រើសយកបទបែបបុរាណមកប្រលងប្រជែង។
លោក ឈុន សុវណ្ណភក្កី អ្នកចាត់ការទូទៅប្រចាំផលិតកម្ម ប៊ីអ៊េសខេ (Best Khmer Sound) ដែលស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយបានឱ្យដឹងថា លោកមានការពេញចិត្តយ៉ាងខ្លាំង នឹងទឹកដមសម្លេងរបស់បេក្ខរូបនោះ ហើយផលិតកម្មរបស់លោកបានសម្រេចផ្ដល់កិច្ចសន្យា២ឆ្នាំឱ្យលោក ប្រុក ចាន់ថន ឱ្យធ្វើជាតារាចម្រៀង។ លោកបញ្ជាក់បន្ថែមថា យ៉ាងណាក៏ដោយលោក ប្រុក ចាន់ថន នឹងមានតែមួយបទប៉ុណ្ណោះ សម្រាប់CDបើកឆាក ដោយសារតែវ៉ុលទី១ដែលគ្រោងចេញឱ្យទាន់នៅចុងខែសីហានេះ ឬដើមខែក្រោយ ខាងផលិតកម្មបានរៀបចំបទចម្រៀងពេញអស់ហើយ ។
ទស្សនិកដែលបានស្តាប់នូវសំនៀងបុរស ដែលជាជនពិការភ្នែករូបនេះ បានសម្តែងនូវការ សប្បាយចិត្ត និងរំភើបជំនួសលោក ប្រុក ចាន់ថន ដែលលោកត្រូវបានគេផ្តល់ឱកាសឱ្យក្លាយជាអ្នកចម្រៀង។ ការផ្តល់ឱកាសឱ្យជនពិការភ្នែករូបនេះ គឺសកម្មភាពមួយដែលជួយលើកស្ទួយ និងគាំទ្រដល់ជនពិការភ្នែក។
តាមរយៈកម្មវិធី ឌឹវ័យន៍ ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីយប់ថ្ងៃអាទិត្យ ទី០៣ សីហា បេក្ខជន ប្រុក ចាន់ថន មកពីខេត្តកំពង់ចាម ត្រូវបានទស្សនិកជនជាច្រើន សរសើរថាមានសម្លេងសំឡេងបែបបុរាណ មានសំឡេងខ្ពស់ និងល្អជាងបេក្ខជនមួយចំនួនទៀត ដែលត្រូវគណកម្មការទាំងបួនជ្រើសរើសឱ្យបន្តទៅវគ្គទៀត ប៉ុន្តែបេក្ខរូបនេះបែរជាធ្លាក់ទៅវិញ៕