សវនាការ​«ខុស​បច្ចេកទេស»​របស់ តាំង ស៊ុនឡាយ ទៅ​លើ​ជន​ទាំង១១នាក់ ?

តុលាការខ្លួនឯងមិនបានគោរពច្បាប់ សវនាការត្រូវធ្វើឡើងជាសាធារណៈ តែបែរជាហាមឃាត់ មិនឲ្យពលរដ្ឋចូលរួមស្តាប់ នេះជាការរំលោភច្បាប់ និងសិទ្ធិមនុស្ស។ នេះជាការថ្លែងបរិហារបស់លោកមេធាវី ជួង ជូងី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ា([email protected]) - យកការណ៍៖ ហេង វុទ្ធី ថ្ងៃទី៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​ចាក​ចេញ​ពី​បន្ទប់​សវនាការ មក​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​មេធាវី ជួង ជូងី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ លោក​ចៅ​ក្រម តាំង ស៊ុនឡាយ បាន​បដិសេធ​វត្តមាន​នៃ​អ្នក​តំណាង​រាស្រ្ត ក្នុង​បន្ទប់​សវនាការ ខណៈ​តំណាង​អយការ​មិន​បាន​ជំទាស់។

លោក​បាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំ​សម្រេច​ដើរ​ចេញ​ពី​បន្ទប់​សវនាការ ពី​ព្រោះ​ប្រធាន​ក្រុម​ប្រឹក្សា​បាន​សម្រេច​រឿង​ដែល​មិន​ត្រូវ​សម្រេច។ (...) ការ​បដិសេធ​វត្តមាន​អ្នក​តំណាង​រាស្ត្រ ក្នុង​បន្ទប់​សវនាការ តែ​តំណាង​អយ្យការ​អត់​មាន​ជំទាស់ ពី​វត្តមាន​តំណាង​រាស្ត្រ​ក្នុង​បន្ទប់​សវនាការ​ទេ។ (...) អត់​មាន​មាត្រា​ណា អត់​មាន​ច្បាប់​ណា ជំទាស់​ពី​វត្តមាន​អ្នក​តំណាង​រាស្ត្រ នៅ​ក្នុង​បន្ទប់​សវនាការ​ដែរ»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រធានអង្គជំនុំជំរះបដិសេធ មិនឲ្យមានវត្តមានក្នុង​បន្ទប់​សវនាការនាពេលនោះ លោកស្រី មូរ សុខហួរ បានថ្លែងថា សវនាការត្រូវធ្វើឡើងជាសាធារណៈ បើគ្មាន​កិច្ច​ស្នើសុំណាមួយពីមេធាវី ឬជនជាប់ចោទនោះទេ។ លោកស្រីបានបន្តថា ប្រជាពលរដ្ឋគ្រប់រូប ក៏មានសិទ្ធិ​ក្នុង​ការចូលរួមស្ដាប់សវនាការដែរ ហើយក៏ជាសិទ្ធិដែលបានផ្តល់ឲ្យដោយច្បាប់។ គ្មានបុគ្គលណាម្នាក់ មានសិទ្ធិ​សម្រេច លើច្បាប់ដែលមានចែងនោះឡើយ។ លោកស្រីបានថ្លែងឡើងថា តើបុគ្គលណាមួយ ដែលកំពុង​អនុវត្តច្បាប់ ហើយកំពុងយកច្បាប់មកទ្រាប់អង្គុយ និងយកមាត់ខ្លួននិយាយជួសច្បាប់ឬ?

ការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រចូលស្តាប់សវនាការ វាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។ តំណាងរាស្រ្តមណ្ឌល​បាត់ដំបង មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានសង្កត់ធ្ងន់ថា «អត់មានច្បាប់ណាចែងថា មិនឲ្យអ្នក​តំណាង​រាស្ត្រនៅស្តាប់សវនាការ ដោយសារសវនាការសាធារណៈទេ។»

លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមឃ្លាំ​មើល​នីតិវិធីរបស់តុលាការ ក៏បានលើកឡើងថា បញ្ហាមួយនេះមិនគួរតើតមានក្នុងបន្ទប់សវនាការ នៃស្ថាប័នច្បាប់​មួយនេះឡើយ។ លោកបានបង្ហាញថា ព្រោះសវនាការនេះ ក៏កំពុងដើរលើអង្គសេចក្តី រកខុសនិងត្រូវ នៃ​ការ​បង្កើតឲ្យមានបាតុភាពក្បែរស្ពាននាគក្នុងពេលកន្លងមក។

មន្រ្តីសិទ្ធិមនុស្សរូបនេះបាននិយាយទៀតថា ការមិនអនុញ្ញាតឲ្យមានវត្តមានតំណាងរាស្រ្ត​ ក្នុងបន្ទប់​សវនាការ​នេះ ជាការខុសឆ្គងមួយ ដែលមិនត្រូវឲ្យកើតមានឡើយ។ លោកបញ្ជាក់ «តំណាងរាស្រ្តទាំងអស់ ជាតំណាង​របស់រាស្ត្រ របស់ប្រជាពលរដ្ឋ។ អញ្ចឹងគាត់មានសិទ្ធិក្នុងការចូលស្តាប់ នៅគ្រប់សវនាការជាសាធារណៈ និង​គ្រប់ពេល។ (...) នេះដល់ពេលយើងសម្រេចអញ្ចឹងទៅ វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់​តំណាង​រាស្ត្រ​ទៅវិញ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់នូវការចោទប្រកាន់ខាងលើនេះ ពីលោក តាំង ស៊ុនឡាយ ប្រធានអង្គជំនុំជម្រះពីបញ្ហាខាងលើបានទេ។ តែក្រោយពីអវត្តមាននៃក្រុមមេធាវីកាលពីថ្ងៃទី៨ ខែមករា ម្សិលម៉ិញ លោកមិនបានធ្វើអ្វីទាំងអស់ ក្រៅពីប្រកាសលើកពេលសវនាការ ទៅពេលក្រោយ ដោយមិនបាន​បញ្ជាក់ពីពេលវេលាច្បាស់លាស់នោះដែរ។

តាមមតិប្រជាពលរដ្ឋដែលចួលរួមគាំទ្រ ក្នុងការកាត់សេចក្តីរបស់តុលាការនេះ បានលើកឡើងថា នេះមិនមែន​ជាតុលាការរបស់ប្រជាពលរដ្ឋទេ តែនេះអាចជាតុលាការរបស់បុគ្គល របស់បក្ស ឬរបស់អ្នកមានអំណាច​ណា​មួយ។ ពលរដ្ឋមួយរូបបានបញ្ជាក់ថា៖ «បុគ្គលចៅក្រម ឬព្រះរាជអាជ្ញាមួយចំនួន កំពុងឈរលើខ្សែរបក្ស និង​តាមការញុះ។ មិនដែលហានសម្រេចអ្វីដោយយោងតាមច្បាប់ ឬឯកសិទ្ធិរបស់ខ្លួន ដែលច្បាប់បប្រគល់​ឲ្យ​ឡើយ។ (...) សវនាការនេះបង្ហាញថា តុលាការមិនហ៊ានសម្រេច ខ្លាចឃើញការពិត ពីការគេចវេស ក៏បង្កើតឲ្យ​មានបញ្ហាខុសបច្ចេសមួយទៀតនេះឡើយ។»

សូមបញ្ជាក់ថា គ្មានសវនាការណាមួយ ត្រូវបានដំណើរការឡើយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥នេះ។ ហើយ​អ្នកទាំង១១នាក់ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានបន្តឃុំខ្លួនរង់ចាំសវនាការនា​ពេល​ក្រោយ។ ការសេម្រេចលើកពេលសវនាការជាថ្មីនេះ ព្រោះមេធាវីទាំង១១រូប បានចាកចេញពីបន្ទប់សវនាការ បន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះលោក តាំង ស៊ុនឡាយ ដេញតំណាងរាស្រ្តបីរូប រួមមានលោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និងលោក ឡុង រី មិនឲ្យស្ថិតក្នុងបន្ទប់សវនាការនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...