​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

កងកម្លាំងប្រដាប់អាវុធ នៅទូទាំងរាជធានីភ្នំពេញជាង៣ពាន់នាក់ នៅថ្ងៃនេះ បានចាប់ផ្តើមធ្វើការហាត់សម​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីការពារចំពោះការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនាថ្ងៃខាងមុខ។ ការហាត់សម​របស់​អជ្ញាធរពេលនេះ ត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ថា ជាការបំបាក់ស្មារតី កុំឲ្យក្រុមបាតុករចូលរួមជាមួយបាតុកម្ម របស់​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី ២៣ ខែតុលា។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងកម្លាំងប្រដាប់អាវុធ នៅទូទាំងរាជធានីភ្នំពេញជាង៣ពាន់នាក់ នៅថ្ងៃនេះ បានចាប់ផ្តើមធ្វើការហាត់សម​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីការពារចំពោះការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនាថ្ងៃខាងមុខ។ ការហាត់សម​របស់​អជ្ញាធរពេលនេះ ត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ថា ជាការបំបាក់ស្មារតី កុំឲ្យក្រុមបាតុករចូលរួមជាមួយបាតុកម្ម របស់​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី ២៣ ខែតុលា។


កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)

រាជធានីភ្នំពេញ - ស្របពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មលើកទី ៣ របស់ខ្លួននៅទីលាន​ប្រជាធិបតេយ្យនាថ្ងៃខានស្អែក។ នៅថ្ងៃចន្ទទី២១ ខែតុលានេះ ក្រុមអជ្ញាធរនៅរាជធានីភ្នំពេញ បានជួបជុំគ្នាហាត់សម​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ក្រោមហេតុផលថា ត្រៀមដើម្បីការពារសន្តិសុខអ្នកចូលរួម ក្នុងការធ្វើមហាបាតុកម្មរបស់​គណបក្ស​សង្រ្គោះជាតិ។ ការហាត់សមរបស់កងកម្លាំងពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងហាក់មានគោលដៅ ដើម្បី​កំញោញ​ស្មារតីរបស់ប្រជាពលរដ្ឋ កុំឲ្យចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សសង្រ្គោះជាតិ។

លោក អំ សំអាត មន្រ្តីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ បានហៅការធ្វើសកម្មភាពរបស់កងកម្លាំងនៅថ្ងៃនេះថា ជាការ​បំបាក់ស្មារតីប្រជាពលរដ្ឋ ឲ្យមានភាពភ័យខ្លាច ដែលចង់ចូលរួមធ្វើបាតុកម្ម តាមរយៈការបង្ហាញពីឥទ្ធពល បង្ហាញពីម្លាំង​របស់អជ្ញាធរ ក្នុងការទប់ទល់ឬអាចបង្ក្រាបក្រុមបាតុករក្នុងពេលធ្វើបាតុកម្ម។ លោក សំអាត បន្តថា ទីលានប្រជាធិបតេយ្យ​ជាកន្លែងប្រជាពលរដ្ឋជួបជុំគ្នា ដើម្បីទាមទារ តវ៉ា រកសេរីភាព ហើយអជ្ញាធរក៏អាចជួបជុំគ្នាបានដែរ តែនៅក្នុងកាលទេសៈ​នេះ អជ្ញាធរមិនគួរធ្វើការហាត់សម នៅទីលានប្រជាធិបតេយ្យនោះទេ។

ស្រដៀងគ្នានេះដែរ លោក អ៊ូ វីរៈ នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការហាត់សមរបស់​អាជ្ញាធរ​ពេលនេះ ធ្វើឡើងក្នុងបំណងបង្ហាញពីរូបភាពមួយ ទៅកាន់ក្រុមបាតុករដែលមានបំណងចូលរួមធ្វើបាតុកម្មថា អាជ្ញាធរមានអាវុធ និងមានសមត្ថភាពគ្រប់គ្រាប់ ក្នុងការតទល់ជាមួយនឹងអ្នកធ្វើបាតុកម្ម។ លោក អ៊ូ វីរៈបានបន្តថា នៅក្នុង​ពេលបច្ចុប្បន្ននេះ ការអួតអាង ការបញ្ចេញសាច់ដុំ ការគម្រាមកំហែង ការបំបាក់ស្មារតីគ្នាទៅវិញទៅមក មិនមែនជា​ដំណោះស្រាយ សម្រាប់ស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ននោះទេ ។ លោកថា គ្រប់ភាគីទាំងអស់ ត្រូវតែអង្គុយ​តុចរចាគ្នាដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅចំពោះមុខ ។

ចំណែកលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា លោកមិនមានការភ្ញាក់ផ្អើល ចំពោះការ​ហ្វឹកហាត់របស់អជ្ញាធរ នៅទីលានប្រជាធិបតេយ្យនោះឡើយ។ លោកថា បើទោះបីជាអជ្ញាធរធ្វើបែបនេះ ក៏ដោយក៏​ពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនរុញរា ឬបាក់ស្មារតីក្នុងការចូលរួមធ្វើមហាបាតុកម្ម ជាមួយគណបក្ស​សង្គ្រោះ​ជាតិនោះទេ។ លោក បុញ្ញឬទ្ធិ បន្តថា ពលរដ្ឋខ្មែរស្គាល់អស់ហើយ នូវចរិតរបស់អាជ្ញាធរកម្ពុជា ដែលចង់បំបាក់​ទឹកចិត្ត​ពលរដ្ឋ តែមិនអាចទៅរួចឡើយ។

លោក ខៀវ សុភក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចសុំការពន្យល់បានទេ ដោយលោកមិនលើកទូរស័ព្ទ។ ចំណែក​លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ អ្នកដឹកនាំកងកម្លាំងហ្វឹកហាត់ នៅទីលានប្រជាធិបតេយ្យនេះផ្ទាល់តែម្តង ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ ជុំវិញបញ្ហានេះដែរ។

សូមបញ្ជាក់ថា ក្នុងពិធីហ្វឹកហ្វឺននៅទី​លានប្រជាធិតេយ្យនៅព្រឹកមិញនេះ មានការចូលរួមពីកងកម្លាំងមកពី ៩ ខណ្ឌ​នៅ​ទូទាំងរាជធានីប្រមាណជាង ៣ ពាន់នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ។ ក្នុង​ពិធីនោះ សមត្ថកិច្ចប្រដាប់ដោយដំបង ខែល កាំភ្លើងបាញគ្រាប់ផ្សែង និងឡានទឹកជាច្រើនគ្រឿងផងដែរ៕

-----------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...