ប្រាសាទព្រះវិហារ៖ រដ្ឋម​ន្ត្រី​ការ​បរទេស​កម្ពុជា​និង​ថៃ​ជួប​គ្នា មុន​ប្រកាស​សាល​ក្រម​២​សប្ដាហ៍

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានជួបជាមួយសមភាគីថៃ គឺលោក ស៊ូរ៉ាពង្ស តូវីចាក់ចៃគុល (Surapong Tovichakchaikul) នៅថ្ងៃចន្ទទី២៨ខែតុលានេះ ដើម្បីជជែកគ្នាជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ជំនួបថ្នាក់រដ្ឋមន្ត្រី​ការបរទេសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ មុនការប្រកាសសាលក្រមដោយ​តុលាការ​យុត្តិធម៌អន្តរជាតិ ជុំវិញជម្លោះទឹកដីដ៏រំជើបរំជួល រវាងប្រទេសទាំងពីរ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានជួបជាមួយសមភាគីថៃ គឺលោក ស៊ូរ៉ាពង្ស តូវីចាក់ចៃគុល (Surapong Tovichakchaikul) នៅថ្ងៃចន្ទទី២៨ខែតុលានេះ ដើម្បីជជែកគ្នាជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។  ជំនួបថ្នាក់រដ្ឋមន្ត្រី​ការបរទេសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ មុនការប្រកាសសាលក្រមដោយ​តុលាការ​យុត្តិធម៌អន្តរជាតិ  ជុំវិញជម្លោះទឹកដីដ៏រំជើបរំជួល រវាងប្រទេសទាំងពីរ ជាប់នឹងប្រាសាទព្រះវិហារ។


សវនាការកាត់ក្ដី នៅថ្ងៃច័ន្ទទី១៥ខែមេសា នៅតុលាការយុត្តិធម៌អន្តរជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដែអូ របស់សាលាក្ដី)

រាជធានីភ្នំពេញ - នៅព្រឹក​ ​ថ្ងៃ​ទី​២៨​ ខែតុលានេះ​ នៅ​​ទីក្រុង​​ប៉ោយប៉ែត ​នៃ​ប្រទេស​កម្ពុជា ​លោក ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ការ​បរទេសកម្ពុជា​ ​ បាន​ដឹក​នាំ​​គណៈប្រតិភូ​ប្រមាណជា​ ៦​ ទៅ៧ រូប​ ដែល​មក​ពីគណៈកម្មកា​រ​ព្រំដែន តំណាង​ក្រសួង​ការពារ​ជាតិ​ តំណាង​​ក្រសួង​មហាផ្ទៃ​ មេបញ្ជា​ការ​​យោធ​ភូមិ​ភាគ​​ការពារ​​ប្រាសាទព្រះវិហារ​ រួម​ទាំង​​អភិបាល​ខេត្ត​​ព្រះ​​​វិហារផង មក​ជួប​ប្រជុំ​​ជាមួយ​​គណៈប្រតិភូថៃ ដែល​ដឹកនាំ​ដោយ​​រដ្ឋ​មន្ត្រី​ការ​បរទេសថៃលោក​ ស៊ូរ៉ាពង្ស តូវីចាក់ចៃគុល ​។​​

សេចក្ដីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២៤ខែតុលា របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា​កិច្ច​ប្រជុំ​​នេះ​​បាន​​ផ្តោត​សំខាន់​លើ​ ការ​អភិវឌ្ឍន៍​​តំបន់​​ព្រំដែន​​កម្ពុជា​ និង​ថៃ ​អោយកាន់តែ​​មាន​ការ​​រីកចម្រើន​​ថែម​ទៀត​​ និង​បញ្ហា​​បើក​​ច្រក​ព្រំដែន​​ថ្មី​មួយចំនួន​ទៀត ​ដើម្បី​​បង្ក​លក្ខណៈ​​ងាយស្រួល​​ក្នុ​ងការ​ចរាចរ​​ណ៍ទំនិញ ​និង​​ប្រជាជន​​នៅតាម​​ព្រំដែន​​ក្នុង​​តំបន់​​ទាំងនោះ។ តែទន្ទឹមនឹងនេះ សេចក្ដី​ប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា «អង្គប្រជុំ​ក៏​នឹងពិភាក្សា​ការរក្សា​ឲ្យ​បាន​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​»។

«សន្តិភាព សន្តិសុខ និងស្ថិរភាព» ដែលទំនងជាចង់សង្កត់ធ្ងន់ ទៅលើសភាពការណ៍ ក្រោយពេលប្រកាសសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ដែលនឹងត្រូវធ្វើនៅថ្ងៃទី១១ខែវិច្ឆិការខាងមុខ សម្រេចពីករណីទឹកដី៤,៦គីឡូម៉ែត្រក្រឡា ជាប់ប្រាសាទព្រះវិហារ ដែលប្រទេសថៃបានទាមទារថាជាទឹកដីរបស់ខ្លួន។ អ្នកតាមដានសភាពការណ៍ព្រំដែន បាន​លើក​ពីក្ដីកង្វល់ជាទូទៅរបស់ពួកគេ ជុំវិញភាពតានតឹងរវាងប្រទេសទាំងពីរ ថានឹងអាចកើតមានឡើងវិញ ដោយសារ​តែ​ជា​រឿយៗមេដឹកនាំកងទ័ពថៃ តែងតែប្រកាសថាពួកខ្លួនអាចនឹង«មិនគោរព» តាមសាលក្រមរបស់ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ មួយនេះ ប្រសិនណាជាការសម្រេចប៉ះពាល់ ទៅដល់បូរណភាពទឹកដីរបស់ប្រទេសខ្លួន។

សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទដដែលនេះឡើងវិញ ដោយចុចលើទីនេះ

ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលសាងសង់ឡើងតាំងពីសតវត្សទី១១ ដោយអតីតព្រះរាជាខ្មែរ នៅលើភ្នំដងរែក ដើម្បី​ឧទ្ទិសទៅសាសនាព្រហ្មញ្ញនោះ ត្រូវបានប្រទេសថៃទន្ទ្រាន ទាមទារកាន់កាប់ម្ដងហើយ នៅក្រោយពេលដែលកម្ពុជា​ទើប​នឹងទទួលបានឯករាជ្យ ពីអាណាព្យាបាលបារាំង។ បន្ទាប់ពីកម្ពុជាបានប្ដឹងទាមទារសិទ្ធិស្របច្បាប់ ដើម្បីគ្រប់គ្រង​លើ​ប្រាង្គ​ប្រាសាទបូរាណនោះមក តុលាការអន្តរជាតិយុត្តិធម៌ ដែលជាស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិ បានសម្រេច​ក្ដីឲ្យ​កម្ពុជាឈ្នះក្ដី នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ ដោយបង្គាប់ឲ្យថៃដងកងទ័ពចេញពីទីនោះ និងប្រគល់សងមកឲ្យ​កម្ពុជា​វិញ នូវរាល់អ្វីៗដែលខ្លួនបានយក។

ប៉ុន្តែជាថ្មីម្ដងទៀត បន្ទាប់ពីកម្ពុជាបានដាក់បញ្ចូលប្រាសាទបូរាណ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការ​យូនីស្កូនៅខែ​កក្កដា​ឆ្នាំ២០០៨ នោះមក ប្រទេសថៃបានបញ្ជូនកងទ័ព ចូលមកកាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារ។ ថៃ បានចាត់ទុកទឹកដី៤,៦គីឡូម៉ែត្រក្រឡា ជារបស់ខ្លួនដោយសម្អាងទៅលើផែនទីជាឯកត្តោភាគីមួយ ដែលគូសដោយ​ប្រទេស​ថៃខ្លួនឯង។ ការប្រទាញប្រទង់គ្នានេះ បានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ រហូតដល់មានផ្ទុះអាវុធខ្លាំងក្លា ហើយជម្រុញឲ្យកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិជាលើកទីពីរ (ឆ្នាំ២០១១) ដើម្បីបកស្រាយឲ្យបានច្បាស់ ពីអ្វីដែល​សាលាក្ដីរនេះបានសម្រេចក្នុងឆ្នាំ១៩៦២។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងពេលកន្លងមក តែងតែបានប្រកាសជាប់ជានិច្ច​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ ពីបំណងរបស់ពួកគេដែលចង់បាន«សន្តិភាព សន្តិសុខ និងស្ថិរភាព»នៅតាម​បណ្ដោយព្រំដែន​កម្ពុជា-ថៃ។ កាលពីសប្ដាហ៍កន្លងទៅ លោក កុយ គួង មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា បាននិយាយថា កិច្ចសហ​ប្រតិបត្តិការជាមិត្ត កម្ពុជា-ថៃ នឹងមិនមានផលរមាស់អ្វី ដោយសារសាលក្រមរបស់តុលាការនោះឡើយ។

លោកស៊ូរ៉ាពង្ស តូវីចាក់ចៃគុល ក៏ធ្លាប់បានប្រកាសដែរថា កិច្ចប្រជុំថ្ងៃនេះនឹងអាចឈានទៅដល់ ការ«យោគយល់»​គ្នា​មួយ​រវាងប្រទេសទាំងពីរ ហើយលោកបានថ្លែងព្រមានថា ក្នុងករណីថៃចាញ់​ក្ដី​នោះ អ្នកដែលចង់បង្កឲ្យមានការរំជើបរំជួល នឹង​មិនមានជោគជ័យឡើយ។ រីឯនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បានថ្លែង​ប្រាប់​អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ខែតុលាកន្លងមកថា ក្រុមការងារមួយរបស់ប្រទេសថៃ នឹងមានតួនាទីពន្យល់ប្រជាជនថៃ នៅក្រោយបន្ទាប់ពីសាលក្រមត្រូវបានប្រកាស។ លោកស្រីបញ្ជាក់ច្បាស់ៗថា «បើទោះជាការសម្រេចចិត្តរបស់តុលាការ មានរូបរាងបែបណាក៏ដោយ ក៏យើងត្រូវតែស្មោះស្ម័គ្រជុំវិញដំណើរការសន្តិភាព ហើយប្រទេសទាំងពីរត្រូវជៀសវាង​ការ​ប្រឈមមុខដាក់គ្នា»៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...