សង្ឃឯករាជ្យ ថា​នឹង​ធ្វើ​ធម្មយាត្រា​ទាមទារ​ដល់​ថ្ងៃ​១០ធ្នូ រឿង​ព្រះសង្ឃ ឃឹម សំអឿន

អស់រយៈពេលពីរថ្ងៃមកហើយ ដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តភ្នំខ្ពស់ បាននាំគ្នាតវ៉ា ដើម្បីកុំឱ្យមានការផ្លាស់ប្តូរតំណែង ព្រះចៅអធិការវត្តភ្នំខ្ពស់។ រីឯក្រុមបណ្តាញព្រះសង្ឃឯករាជ្យវិញ បានអះអាងថា បើសិនជារដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង មិនដោះស្រាយបញ្ហានេះទេ ក្រុមព្រះសង្ឃឯករាជ្យ នឹងធ្វើធម្មយាត្រាពីបាត់ដំបងទៅភ្នំពេញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 22, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដកហូតតំណែង​របស់​ព្រះ​តេជគុណ ឃឹម សំអឿន ពី​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ខេត្ត​បាត់ដំបង បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន ពី​ប្រជា​ពលរដ្ឋ​​ក៏​ដូច​ជា​ក្រុម​ព្រះ​សង្ឃ​មួយ​ចំនួន។ ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ព្រះ​តេជ​គុណ ឃឹម សំអឿន ត្រូវ​បាន​ប្រកាស​ដក​តំណែង​នៅ​ថ្ងៃ​ទី១៩ ខែតុលា ក្រោម​ហេតុផល​រៀបចំ​រចនា​សម្ព័ន្ធ និង​សណ្តាប់​ធ្នាប់​ក្នុង​វត្ត។ រីឯ​​តំណែង​ជា​ចៅ​អធិការ​វត្ត​ថ្មី ត្រូវ​បាន​ជំនួស​ដោយ ព្រះតេជគុណ ដួង សុខុម។

ប្រធាន​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មាន​សង្ឃ​ដីការ​ថា ការ​ដក​ហូត​តំណែង​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​អង្គ ឃឹម សំអឿន ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​រូប​ភាព​នយោបាយ និង​ការ​រំលោភ​បំពាន​ស្ថាប័ន​ព្រះ​សង្ឃ ខណៈ​ដែល​ព្រះ​ចៅ​អធិការ​វត្ត​រូប​នេះ ធ្លាប់​ធ្វើ​សកម្មភាព​ជា​មួយ​គណបក្ស​ប្រឆាំង។

ព្រះអង្គ​បន្ត​ថា៖ «តែផ្ទុយទៅវិញ គេថាក្រោមរូបភាពរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងវត្ត វាអត់អាចទៅរូចអញ្ចឹង។ បើគេដោះស្រាយ មានការតែងតាំងដោះដូរអី លុះត្រាតែវត្តនោះមានបញ្ហា មិនប្រក្រតីអី្វមួយ ឬគេហៅ​ថា​អទិករ។ តែវត្តហ្នឹងអត់ដែលមានទំនាស់អីផង ១៣ឆ្នាំហើយ។ តែដល់ពេលអ្នកនយោបាយសង្រ្គោះជាតិ​ចេញ​ចូល ទៅធ្វើបុណ្យជាមួយលោកច្រើន គណបក្សប្រជាជនគេភ័យ គេចាប់ផ្តើមសុំលោកកុំឱ្យទទួល​ពួក​ហ្នឹង។»

ចំពោះការបែងចែកគ្នា រវាងព្រះសង្ឃដែលគាំទ្រគណបក្សកាន់អំណាច និងព្រះសង្ឃដែលគាំទ្រគណបក្ស​ប្រឆាំង ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានថេរៈដីការទៀតថា ប្រជាពលរដ្ឋខ្មែរកំពុងតែដើរទៅរកភាព​ប្រេះ​ស្រាំ រវាងសាសនាហើយនិងជាតិ។ កាលណាមានការបែងចែកសង្ឃនិយមយ៉ាងដូច្នេះ សាមគ្គីភាពជាតិ និង​សាសនាមិនមាននោះទេ។ ដរាបណាសាមគ្គីជាតិ និងសាសនាបែកបាក់សាមគ្គី ជាតិនឹងមិនមានសេចក្តី​សុខ​ឡើយ។ ព្រះអង្គថា មិនគួរណាក្រសួង ឬមន្ទីរធម្មការដើរតួនាទី ជាអ្នកបំបែកបំបាក់សង្ឃនៅក្នុង​សាសនា​ឡើយ ពីព្រោះមន្ទីរធម៌ការ គឺជាសេនាធិការរបស់សាសនា ដែលមានកាតព្វកិច្ចត្រូវអភិរក្ស និង​រក្សា​នូវ​សាមគ្គី​ក្នុង​វត្តអារាម និងក្នុងសាសនា។

ព្រះអង្គបានអះអាងបន្ត នៅក្នុងសន្និសិទការសែតនៅថ្ងៃទី២១ ខែតុលានេះថា ប្រសិនបើមិនមានការដោះ​ស្រាយ​ពី​បញ្ហានេះ ហើយរដ្ឋាភិបាលនៅតែបន្តរំលោភបំពាន មកលើស្ថាប័នព្រះពុទ្ធិសាសនាដូច្នេះ បណ្តាញ​ព្រះសង្ឃឯករាជ្យនឹងធ្វើធម្មយាត្រា ទាមទារទូទាំងប្រទេស។ ដោយក្បួនធម្មយាត្រានេះ នឹងហែរចេញ​ពីខេត្ត​បាត់ដំបងឆ្ពោះមករាជធានីភ្នំពេញ និងទៅកាន់ក្រសួងធម្មការ និងទៅកាន់​គណកម្មាការទី៧នៃរដ្ឋសភាជា​ដើម។ ហើយយុទ្ធនាការនេះ នឹងមិនបញ្ចប់ឡើយរហូតដល់ថ្ងៃទី១០ធ្នូរ ប្រសិនបើនៅតែគ្មានដំណោះស្រាយ សមហេតុសមផលណាមួយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្ម ពីអាជ្ញាធរខេត្តបាត់ដំបង និងក្រសួងធម្មការ និង​សាសនានៅឡើយ រហូតមកដល់ម៉ោងនេះ។ ប៉ុន្តែព័ត៌មានចុងក្រោយ ពីបណ្ដាញព្រះសង្ឃឯករាជ្យ​ដដែល បានឲ្យដឹងថា កងកម្លាំងអាជ្ញាធរដាក់ពង្រាយ​ នៅក្នុងវត្តភ្នំខ្ពស់ជាច្រើន​នាក់​នោះ ត្រូវ​បានដក​ចេញ​វិញអស់ហើយ នៅព្រឹកថ្ងៃពុធទី២២ ខែតុលានេះ ដោយមានការបញ្ជា ពីលោក​អភិបាល​ខេត្ត​បាត់ដំបង តាម​ការសន្យា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...