ព្រះចៅអធិការវត្តភ្នំខ្ពស់ ត្រូវដកដំណែង ព្រោះចែកអំណោយដល់ជនរងគ្រោះ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 22, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្រះតេជគុណ ឃឹម សំអឿន បានសង្ឃដីកាថា ព្រះអង្គបានមកកាន់តំណែង ជាព្រះចៅអធិការនេះ ចាប់តាំងពីការកកើតវត្តនេះមកម្លះ។ ព្រះអង្គបន្តថា ដើមឡើយ វត្តនេះមានតែនេនពីរអង្គប៉ុណ្ណោះ ហើយព្រះអង្គក៏ត្រូវបានធម្មការខេត្ត និងប្រជាពលរដ្ឋ គាំទ្រក្នុងការគ្រប់គ្រង និងកសាងវត្តភ្នំខ្ពស់ តរៀងមកដល់ឆ្នាំ២០១៤នេះ។
បញ្ហាពាក់ព័ន្ធ នឹងការដកតំណែងជាចៅអធិការវត្តភ្នំខ្ពស់នេះ ព្រះអង្គបានបន្តថា ព្រះអង្គមិនដែលទទួលបានលិខិត ឬការណែនាំណាមួយ ពីមន្ទីរធម្មការស្រុក ក៏ដូចជាសាលាខេត្តបាត់ដំបងម្តងណាឡើយ។ ស្រាប់តែថ្ងៃទី១៩ ខែតុលានេះ មានកម្លាំងសមត្ថកិច្ចជាច្រើន ចាប់ពី៣០ ទៅ៤០ នាក់ក្នុងឯកសណ្ឋាន ស៊ីវិលផង ប៉ូលីសផង និងប៉េអ៊ឹមផង បាននាំគ្នាមកស្នាក់នៅក្នុងវត្ត ដោយប្រាប់ថា ត្រៀមរៀបចំឲ្យគ្រូពេទ្យស្ម័គ្រចិត្ត ជួយព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋ។
តែផ្ទុយទៅវិញ បែរជាប្រកាសដកហូរត្រាពីព្រះអង្គ ដោយចោទថាព្រះអង្គបានចូលរួមធ្វើនយោបាយ តាមរយៈការចែកអំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រពិតប្រាកដ ដែលកាកបាទក្រហមកម្ពុជា មិនបានមើលឃើញនោះ និងករណីមួយទៀតចោទថា បំរើឲ្យគណបក្សសង្គ្រោះជាតិ។
«ការដកហូតសិទ្ធិគ្រប់គ្រងវត្តពីអាត្មានេះ អាត្មាមិនមានអ្វីត្រូវធ្វើការតវ៉ា ឬជជែកដេញដោយជាមួយក្រុមសង្ឃ និងមន្រ្តីដែលមកពីគណបក្សប្រជាជននោះទេ។ (…) តែអ្វីដែលអាត្មាឆ្ងល់នោះ ព្រោះអាត្មាមិនមានធ្វើអ្វីខុស និងមិនទាំងបានទទួលដំណឹងជាមុន ពីការដកហូតត្រាគ្រប់គ្រងវត្តនេះឡើយ។ ហើយបែរជាចោទប្រកាន់ និងដកហូត តាមរយៈយកកម្លាំងសមត្ថកិច្ចមកប្លន់ដូច្នេះទេ។ (….) ក្រុមនោះរស់ដូចកង្កែប មិនអាចកាយរន្ធខ្លួនឯងបាន បែរជាមកដណ្តើមរន្ធគេនៅ។»
ចៅអធិការថ្មី អតីតមេទាហាន
តាមសម្តីប្រជាពលរដ្ឋចំណុះជើងវត្ត លោក តា ហ៊ន ឈោយ អាយុ៦៤ឆ្នាំ បានលើកឡើងថា លោកតាមានការសោកស្តាយ ដែលលោកចៅអធីការវត្ត (ឃឹម សំអឿន) ត្រូវបានដកហូតតំណែងគ្រប់គ្រងវត្ត ដោយការប្រើកម្លាំងទ័ព និងមិនបានប្រាប់ជាមុន។ លោកបន្តក្នុងនាមជាប្រជាពលរដ្ឋថា មិនមែនមានតែលោកតាទេ ដែលមិនសប្បាយចិត្ត នឹងទង្វើ«ប្លន់»ដំណែងនេះ ពុទ្ធបរិសទជាច្រើនទៀត នឹងជួបជុំគ្នាមិនទទួលស្គាល់ចៅអធិការវត្តថ្មីនេះទេ។
លោកបានបង្ហាញនូវការសោកស្តាយ ដែលចៅអធិការថ្មីត្រូវមកជំនួសនោះ អតីតជា«មេទាហ៊ាន»មួយ ហើយទើបតែបានបួសត្រឹមមួយវស្សាប៉ុណ្ណោះ ហេតុអ្វីបានជាមន្ទីរធម្មការស្រុក និងខេត្តចាត់តាំង ឲ្យមកធ្វើជាចៅអធិការវត្តភ្នំខ្ពស់នេះ?
«មន្រ្តីធំៗនៃមន្រ្តីស្រុក និងខេត្តភាគច្រើន សុទ្ធតែជាជនជាតិយួន។ ហេតុអ្វីកម្ពុជា យកជនជាតិយួន មកដឹកនាំសាសនាកម្ពុជាយ៉ាងដូច្នេះ? ចៅអធិការវត្ត (ឃឹម សំអឿន) បានកសាងច្រើនណាស់ដល់វត្ត ជួយយកចិត្តទុកដាក់ លើប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បែជាមានកំហុស ឯសង្ឃខ្លះ ចូលរួមយ៉ាងសកម្មក្នុងគណបក្សប្រជាជនកម្ពុជា រហូតយកស្លាកគណបក្សប្រជាជន មកបិទនឹងកុដ្ឋទៀត តែមិនមានកំហុសទេ។ ១៣ឆ្នាំមកនេះ ចៅអធិការវត្ត (អឿន គង់) បានជួយប្រជាពលរដ្ឋក្រីក្រ និងកសាងផ្លូវជាច្រើនក្នុងភូមិ ត្រូវជាប់ចោទថាធ្វើនយោបាយទៅវិញ។»
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ទេព កោសល្យ បានចាត់ទុកថា នេះជាការប្លន់អំណាចបែបស្របច្បាប់មួយ ដែលមិនអាចធ្វើការតបតបាន។ លោកថា ព្យុះភ្លៀងទាំងនេះ តែងតែធ្វើឡើង ដោយមន្រ្តីមួយចំនួនធំក្នុងគណបក្សប្រជាជន ទាំងក្នុងស្រុកបាណន់ ទាំងខេត្តបាត់ដំបងទាំងមូលតែម្តង ដែលធ្លាប់អនុវត្តបានជោគជ័យជាច្រើន នាពេលកន្លងមក។
លោកបន្តថា ទាំងលោកផ្ទាល់ និងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើននាក់ទៀត នឹងមកជួបជុំគ្នាប្រកាសគាំទ្រ ចៅអធិការ អឿន គង់ រួចបណ្តេញចៅអធិការថ្មី ដួង សុខុម ចេញពីវត្ត។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែម ចំពោះការចោទប្រកាន់ថា មានការដាក់កម្លាំងសមត្ថកិច្ចចម្រុះ ចូលក្នុងទីធ្លីវត្តភ្នំខ្ពស់ពីលោក ប៊ុត សំបូរ អធិការស្រុកបាណន់បានទេ ដោយលោកពុំទទួលទូរស័ព្ទ។ ឯមន្រ្តីនៃមន្ទីរធម្មការស្រុកបាណន់ និងខេត្តបាត់ដំបង ក៏មិនអាចសុំការបញ្ជាក់ បាននៅឡើយក្នុងថ្ងៃនេះ។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្យាយាមរកការបកស្រាយ និងបំភ្លឺណាមួយនាពេលក្រោយ៕