សម្ភាសពលរដ្ឋពីខេត្តព្រះវិហារ និងព្រះសង្ឃ ដែលរងរបួសក្រោមការបង្ក្រាបរបស់អាជ្ញាធរ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 22, 2014
- ប្រធានបទ: វិបត្តិដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សជាង១០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងការបះទង្គិចគ្នាមួយ រវាងសមត្ថកិច្ចចម្រុះ បញ្ជាដោយរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋរងគ្រោះដីធ្លីនៃខេត្តព្រះវិហារ។
នាថ្ងៃទី២០ ខែតុលានេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លី ប្រមាណជាជាងពីររយនាក់ មកពីភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងមកពីភូមិស្វាយជ្រុំ ឃុំកន្តួត ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ បានដើរហែរក្បួនដាក់ញត្តិ សុំអន្តរាគមន៍ពីស្ថានទូត និងក្រសួងស្ថាប័នរដ្ឋនានា ពិសេសខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី។ លុះនារសៀលថ្ងៃដដែល ក្បួនដង្ហែរបស់ពលរដ្ឋទាំងនោះ ត្រូវបានរារាំងនៅចំណុចនាគបាញ់ទឹក លើមហាវិថី ព្រះសុរាម្រិត ដើម្បីកុំឲ្យក្រុមអ្នកតវ៉ា ធ្វើដំណើរទៅក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បន្ទាប់ពីមានការប្រឈមមុខគ្នា អស់រយៈពេលប៉ុន្មានម៉ោងមក ទីបំផុតទៅ អំពើហិង្សាមួយក៏បានផ្ទុះឡើង រវាងប្រជាពលរដ្ឋទាំងនោះ និងសមត្ថកិច្ចចម្រុះ ពិសេសពីក្រុមសន្តិសុខចម្រុះខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ការប៉ះទង្គិចគ្នានេះ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជាង១០នាក់ និងព្រះសង្ឃមួយអង្គរងរបួស។
ក្រុមអ្នករងរបួស ត្រូវបានគេព្យាយាមដឹក ទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី តែត្រូវបានមន្ទីរពេទ្យមួយនេះ បដិសេធមិនទទួលពិនិត្យ និងព្យាបាល ដែលធ្វើឲ្យពួកគាត់ត្រូវសម្រេចចិត្ត មកអង្គការលីកាដូរដើម្បីព្យាបាលវិញ។
សូមរំលឹកដែរថា ក្រុមប្រជាពលរដ្ឋអ្នកតវ៉ា មកពីខេត្តព្រះវិហារជាងពីររយនាក់នោះ បានមកធ្វើការតវ៉ាជាងពីរខែមកហើយ តែអាជ្ញាធររដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានចម្លើយណាមួយជាវិជ្ជមាន ក្នុងការដោះស្រាយដល់ពួកគាត់នៅឡើយ។
សូមស្តាប់កិច្ចសម្ភាស ជាមួយប្រជាពលរដ្ឋរងរបួស ធ្វើការពិពណ៌នារឿងហេតុដែលកើតមាន«ហិង្សា»ដូចខាងក្រោម៖